
សៀមរាប៖ អាជ្ញាធរជាតិអប្សរា កំពុងរៀបចំខ្សែទស្សនាថ្មីមួយទៀត នៅក្រុងអង្គរធំ ដើម្បីសម្រួលការទស្សនារបស់ភ្ញៀវទេសចរឱ្យកាន់តែល្អប្រសើរ។ វង់ទស្សនានេះ ចាប់ផ្តើមពីទីសក្ការៈព្រះអង្គងោក និងបញ្ចប់នៅប្រាសាទទេពប្រណម្យ ក្នុងក្រុងអង្គរធំ។
កញ្ញា ឡាយ ស្រីពេញ ដែលជាក្រុមការងាររៀបចំវង់ទស្សនានេះ បានពន្យល់ថា ខ្សែទស្សនាថ្មីនេះ តភ្ជាប់ពីប្រាសាទបាយ័ន្ត ដែលភ្ញៀវទេសចរអាចចូលទស្សនាចាប់ពីព្រះអង្គងោក បន្តតាមផ្លូវថ្មបាយក្រៀមឆ្ពោះចូលតាមច្រកខាងមុខប្រាសាទបាភួន រួចបន្តទស្សនាក្នុងព្រះបរមរាជវាំងនៃប្រាសាទភិមានអាកាស ទស្សនាស្រះស្រីស្រះប្រុស ព្រះលានជល់ដំរី សេ្ដចគំលង់ ប្រាសាទបាលិលេយ្យ និងបញ្ចប់ការទស្សនានៅប្រាសាទទេពប្រណម្យ។
បើតាមកញ្ញា ឡាយ ស្រីពេញ កន្លងមកក្រុមការងាររបស់ខ្លួនបានរៀបចំវង់ទស្សនារួចហើយ នៅក្នុងប្រាសាទបាយ័ន្ត ដែលបង្កើតជា៣ជម្រើសដល់ទេសចរ គឺមានខ្សែទស្សនាវែង ខ្សែទស្សនាមធ្យម និងខ្សែទស្សនាខ្លី ដែលចំណុចចាប់ផ្តើមនៅច្រកខាងកើត និងបញ្ចប់នៅច្រកខាងជើង។ ចំណែកវង់ ឬខ្សែទស្សនាទី២ នៅកំពែងក្រុងអង្គរធំ ដែលចាប់ផ្តើមពីខ្លោងទ្វារទន្លេអុំ បន្តទៅរន្ធត្រដេវបឹងធំ ប្រាសាទជ្រុងនិរតី ខ្លោងទ្វារតាកាវ និងបញ្ចប់ការទស្សនានៅប្រាសាទតុបខាងលិច។
កញ្ញាពន្យល់ថា «ការរៀបចំនេះមានសារសំខាន់ណាស់ ក្នុងន័យលើកតម្លៃប្រាសាទ ពន្យារពេលការទស្សនារបស់ភ្ញៀវ ការគ្រប់គ្រងលំហូរភ្ញៀវកុំឱ្យមានការកកស្ទះ សុវត្ថិភាពទេសចរនិងប្រាសាទ និងផ្តល់បទពិសោធន៍ល្អៗដល់ទេសចរ ក៏ដូចជាការបកស្រាយប្រវត្តិប្រាសាទបានទូលំទូលាយ»។ កញ្ញា ឡាយ ស្រីពេញ ពន្យល់បន្ថែមដូច្នេះ រួចបន្តស្នើដល់ទេសចរ ឱ្យចូលទស្សនាប្រាសាទតាមស្លាកសញ្ញាដែលក្រុមការងារ បានរៀបចំ ព្រមទាំងគោរពតាមការណែនាំរបស់ភ្នាក់ងារទេសចរណ៍ និងគោរពតាមក្រមប្រតិបត្តិអង្គរជាដើម៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

