
សៀមរាប៖ វិទ្យាស្ថានសាលាបារាំងចុងបូព៌ា (EFEO) បានប្រគល់វត្ថុបុរាណចំនួន៣១កេស បដិមាព្រះពុទ្ធចំនួន០១ និងបំណែកសន្លឹកសីមា ចំនួន០១ ជូនអាជ្ញាធរជាតិអប្សរា ដើម្បី អភិរក្ស ស្រាវជ្រាវ និងរក្សាទុក ឬតាំងបង្ហាញនៅសារមន្ទីរ។
លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បាន ឱ្យដឹងថា វត្ថុបុរាណទាំងនោះ ត្រូវបានរកឃើញដោយការធ្វើកំណាយនៅតាមការដ្ឋាន ស្រាវជ្រាវមួយចំនួន ក្នុងរមណីយដ្ឋានអង្គរ មានដូចជា គោកតាសៀម បឹងដូនប៉ា ប្រាសាទ អ៊ុងម៉ុង ប្រាសាទបាភួន និងប្រាសាទព្រៃមន្ទីរ។
តាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២០ កក្កដា វត្ថុទាំងនោះរួមមាន កុលាលភាជន៍មកពីប្រាសាទបាភួនចំនួន២៧កេស ក្នុងនោះមានប្រភេទកុលាលភាជន៍រឹង កុលាលភាជន៍ផុយជារបស់ខ្មែរ និងកុលាលភាជន៍ចិន សៀម យួនជាដើម។ ថ្មភក់ ចំនួន២ កេស ដែលមកពីគោកតាសៀម។
បំណែកថ្មភក់មានក្បាច់ លម្អខ្លះៗចំនួន២កេស មកពី បឹងដូនប៉ា និងគោកតាសៀម ព្រមទាំងប្រាសាទអ៊ុងម៉ុង។ បដិមាព្រះពុទ្ធចំនួន០១ មកពីប្រាសាទអ៊ុងម៉ុង និងបំណែកសន្លឹកសីមាចំនួន០១ មកពីប្រាសាទព្រៃមន្ទីរ។
អ្នកជំនាញ នឹងរៀបចំទុកដាក់អភិរក្សតាមលក្ខណៈបច្ចេកទេស ព្រមទាំងរៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍នៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ឱ្យសាធារណជនជាតិ និងអន្តរជាតិបានទស្សនា សិក្សាស្វែងយល់ពីវត្ថុសិល្បៈខ្មែរ។ នេះបើយោងតាមការបញ្ជាក់របស់លោក ទិន ដាណា។
គួរជម្រាបថា នេះជាលើកទី៣ហើយ ដែលវិទ្យាស្ថានសាលាបារាំងចុងបូព៌ា (EFEO) បានប្រគល់បុរាណវត្ថុដែលបានមកពីកំណាយនៅតាមការដ្ឋានស្រាវជ្រាវ និងការដ្ឋានជួសជុលប្រាសាទមួយចំនួន នៅក្នុងរមណីយដ្ឋានអង្គរ ដល់អាជ្ញាធរជាតិអប្សរា៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

