
មជ្ឈមណ្ឌលផ្ទុកទិន្នន័យជាតិ (National Data Center) ត្រូវបានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បើកដ្ឋានសាងសង់ឡើង នាព្រឹកថ្ងៃទី១៩ កក្កដា។ ការបង្កើតមជ្ឈមណ្ឌល ដែលមានតម្លៃជិត៣០លានដុល្លារអាម៉េរិក គឺដើម្បីជំរុញកម្ពុជា ឆ្ពោះទៅបរិវត្តកម្មឌីជីថល។
បើតាមលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិនេះ គឺជាដំណាក់កាលដ៏សំខាន់មួយ សម្រាប់វិស័យសាធារណៈ និងឯកជននៅកម្ពុជា ក្នុងការទាញយកផលប្រយោជន៍ពីទិន្នន័យ ក្នុងការជំរុញការអភិវឌ្ឍស្ថាប័នរបស់ខ្លួន។ លើសពីនេះ វាគឺជាបង្ហាញពីការបោះជំហានដ៏ធំមួយរបស់កម្ពុជា ឆ្ពោះទៅបរិវត្តកម្មឌីជីថល។
ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលទិន្នន័យជាតិ លោក ជា វ៉ាន់ដេត បានបញ្ជាក់ថា មជ្ឈមណ្ឌលទិន្នន័យនេះ នឹងក្លាយជាកន្លែងប្រមូលផ្តុំ និងរក្សាទិន្នន័យរបស់រាជរដ្ឋាភិបាល និងទិន្នន័យក្រុមហ៊ុនមកពីវិស័យសំខាន់ៗ តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើបមួយ ដែលមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន។ មជ្ឈមណ្ឌលទិន្នន័យនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័នជាតិយ៉ាងច្រើន ដូចជាអធិបតេយ្យភាពទិន្នន័យ សន្សំសំចៃការចំណាយថវិកា និងពង្រឹងសមត្ថភាពនៃការផ្ដល់សេវារបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។
មជ្ឈមណ្ឌលទិន្នន័យជាតិនេះ នឹងមានកម្រិតប្រព័ន្ធស្តង់ដារ៤ (Tier IV) ស្ថិតក្នុងបរិវេណក្រសួងប្រៃសណីយ៍ ដែលស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោក ជា វ៉ាន់ដេត បន្តលើកឡើងថា អគារមជ្ឈមណ្ឌលទិន្នន័យជាតិនេះ នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥៕
-
ដោយ៖ អ៊ូ សុខមាន
-
© រក្សាសិទ្ធិដោយ thmeythmey25.com

