
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្ដេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការកសាងជំនាញវិជ្ជាជីវៈ ក្នុងផ្នែកប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យាដល់យុវជនកម្ពុជា។ លើសពីនេះ KOICA នឹងនាំមកនូវបទពិសោធន៍នៃការអភិវឌ្ឍជំនាញនៅប្រទេសខ្លួន មកបណ្ដុះបណ្ដាលដល់ពលរដ្ឋកម្ពុជា។
ការប្ដេជ្ញានេះ ត្រូវបានលើកឡើងដោយលោក Rho Hyun Jun នាយកKOICAប្រចាំកម្ពុជា នៅចំពោះមុខ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង «ការកសាងសមត្ថភាព និងការបង្កើតបរិយាកាសក្នុងជំនាញ ICT នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) នៅកម្ពុជា» នៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី១៩ ខែកក្កដា។ គម្រោងនេះ ត្រូវអនុវត្តចាប់ពីឆ្នាំ២០២៣ដល់២០២៧ ក្នុងគោលបំណង រួមចំណែកលើកកម្ពស់គុណភាព TVET តាមរយៈការកែលម្អកម្មវិធីសិក្សា និងបរិយាកាសបណ្តុះបណ្តាល រួមទាំងពង្រឹងសមត្ថភាពគ្រូបច្ចេកទេសក្នុងវិស័យ ICT។
លោក អ៊ិត សំហេង បានសំដែងការពេញចិត្តជាខ្លាំង នូវការចូលរួមអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់KOICA ខណៈប្រទេសកូរ៉េខាងត្បូង កំពុងរីកចម្រើន លើវិស័យបច្ចេកវិទ្យានៅលើពិភពលោក។ លោក សង្ឃឹមថា កូរ៉េខាងត្បូងតាមរយៈKOICA នឹងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យ TVET នៅកម្ពុជាបន្ថែមទៀត ដើម្បីជួយអភិវឌ្ឍធនធានមនុស្ស ឱ្យកាន់តែឆ្លើយតប ទៅនឹងតម្រូវការទីផ្សារការងារ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ។
លោក អ៊ិត សំហេង បានបញ្ជាក់យ៉ាងដូច្នេះ ៖ « គម្រោងកសាងសមត្ថភាព និងការបង្កើតបរិយាកាសក្នុងជំនាញICT នៃវិស័យTVETនៅកម្ពុជានេះ ពិតជាមានសារសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យ TVETនៅកម្ពុជា។ ជាពិសេស វាចូលរួមគាំទ្រផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេស ចំនួន១លាន៥សែននាក់ ដែលរាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៣នេះ»។
ជាមួយគ្នានេះ លោក Rho Hyun Jun បានលើកឡើងថា រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានចាត់ទុកកម្ពុជា ជាប្រទេសសំខាន់បំផុតទី២ ក្នុងតំបន់ក្នុងការជួយអភិវឌ្ឍជំនាញTVET។ ប្រធាន KOICA រូបនេះ ក៏ប្ដេជ្ញានាំមកនូវបទពិសោធន៍នៃការបណ្ដុះបណ្ដាលជំនាញនៅប្រទេសខ្លួន មកជួយបណ្ដុះបណ្ដាលដល់ប្រជាជនកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍជីវភាពប្រជាជន អភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

