
ឧត្តរមានជ័យ៖ ខេត្តឧត្តរមានជ័យ បានផ្ដល់បណ្ណសរសើរ ដល់មន្រ្តីសុខាភិបាលចំនួន ៦០៨ នាក់ ដែលបានចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលកន្លងទៅ។
ក្នុងពិធីប្រគល់បណ្ណសរសើរ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងថា ពិធីនេះ មានអត្ថន័យយ៉ាងធំធេងដែលឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល។ ជាពិសេស គឺលើកទឹកចិត្តដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងកំពុងបំពេញភារកិច្ចអនុវត្តតួនាទី ក្នុងការទប់ស្កាត់ជំងឺកូវីដយ៉ាងជោគជ័យ។
អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា៖ « ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមរដ្ឋបាល ខេត្តនិងប្រជាពលរដ្ឋខេត្តឧត្តរមានជ័យទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់អស់លោក លោកស្រីទាំងអស់ នាគ្រាប្រឈមគ្រាលំបាក។ ដោយហេតុថាគ្រានោះមន្ទីរពេទ្យយើង នៅខ្វះធនធានមនុស្ស ដែលមានជំនាញឯកទេស និងខ្វះមូលដ្ឋានផ្តល់សេវាសំខាន់ៗដូចជា អគារជំងឺឆ្លង អគារសង្គ្រោះបន្ទាន់ មិនទាន់សមស្របសម្ភារៈបរិក្ខារមណ្ឌលចត្តាឡីស័កនិងគ្រែសម្រាប់អ្នកជំងឺសម្រាក»។
លោក ប៉ែន កុសល្យ បានកោតសរសើរ ជោគជ័យដែលក្រុមកងទ័ពអាវស ខេត្តឧត្តរមានជ័យសម្រេចបាននាពេលនេះ គឺកើតឡើងពីការលះបង់ទាំងកម្លាំងកាយចិត្ត និងការទទួលខុសត្រូវខ្ពស់ក្នុងវិជ្ជាជីវៈ៕
-
ដោយ៖ ទូច សូរិយា
-
© រក្សាសិទ្ធិដោយ thmeythmey25.com

