ភ្នំពេញ៖ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានផ្អាកការនាំភ្ញៀវឡើងកម្សាន្តនៅលើភ្នំខ្នងផ្សារ នៃឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ភូមិសាស្រ្តខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២១ កក្ដដា ដល់ថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២៣។
សេចក្ដីប្រកាសរបស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងសហគមតំបន់ការពារធម្មជាតិ បានប្រកាសដំណឹងជាសារធារណៈ ចំពោះបងប្អូនប្រជាពលរដ្ឋ នឹងសាធារណៈជនទាំងអស់ ដែលមានបំណងចង់ឡើងលេងកម្សាន្ត នៅលើភ្នំខ្នងផ្សារ នៃឧទ្យានជាតិ ជួរភ្នំក្រវាញកណ្ដាល ភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
បានជម្រាបដំណឹងដល់សាធារណៈជន ទាំងអស់បានជ្រាបថា ចាប់ពីថ្ងៃទី២១ ខែកក្កដា រហូតសល់ថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ នឹងមានការផ្អាកការនាំភ្ញៀវឡើងកម្សាន្ត នៅលើភ្នំខ្នងផ្សារ ព្រមទាំងមិនអនុញ្ញាតអោយបងប្អូន សាធារណៈជនទាំងអស់ឡើងទៅលេងកម្សាន្តឡើយ។ ដោយសារតែ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៧។
មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងសហគមតំបន់ការពារធម្មជាតិ ក៏បានជម្រាបជូនដំណឹងបន្តទៀតផងដែរថា ចំពោះករណីបងប្អូនប្រជាពលរដ្ឋ សាធារណៈជនទាំងអស់អោយបានជ្រាបថា ប្រសិនបើអនុវត្តន៍តាមសេចក្ដីប្រកាសជូនដំណឹងខាងលើនេះទេ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងអង្គភាពទាំងអស់ចាត់វិធានការ តាមនីតិច្បាប់ជាធរមាន៕
-
ដោយ៖ ទូច សូរិយា
-
© រក្សាសិទ្ធិដោយ thmeythmey25.com

