ក្រុមហ៊ុនអាល្លឺម៉ង់មួយ ទទួលទិញម្រេចត្បូងឃ្មុំ២០០តោននៅឆ្នាំក្រោយ

ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មទិញ លក់ ម្រេចរវាងសហភាពសហព័ន្ធគ្រឿងទេសកម្ពុជា និងក្រុមហ៊ុន FUCHS កាលពីថ្ងៃទី ១៨ ខែកក្កដា។ រូបភាព៖ មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ

21/07/2023 9:00 am ភ្នំពេញ

ភ្នំពេញ៖ ក្រុមហ៊ុន FUCHS របស់អាល្លឺម៉ង់ បានព្រមព្រៀងទទួលទិញម្រេចប្រមាណ២០០តោន ពីកសិករខេត្តត្បូងឃ្មុំ នៅឆ្នាំ២០២៤ ខាងមុខ។ កិច្ចសន្យាទិញ-លក់នេះ ត្រូវបានធ្វើឡើងរវាងសហភាពសហព័ន្ធគ្រឿងទេសកម្ពុជា និងក្រុមហ៊ុន FUCHS កាលពីថ្ងៃទី១៨ ខែកក្កដា។

 

លោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានប្រាប់សារព័ត៌មាន Thmey Thmey 25 ថា នៅឆ្នាំ២០២៤ ក្រុមហ៊ុន FUCHS របស់អាល្លឺម៉ង់ បានបញ្ជាទិញម្រេចខ្មៅ (ក្រៀម)ប្រមាណ ២០០តោន ពីកសិករខេត្តត្បូងឃ្មុំ។ ក្នុងនោះដែរ ក្រុមហ៊ុនតម្រូវឱ្យកសិករអនុវត្តតាមគោលការណ៍កសិកម្មល្អ (GAP) ដែលកំណត់ដោយក្រសួងកសិកម្ម ដើម្បីធានាដល់សុវត្ថិភាពអ្នកប្រើប្រាស់។ 

ក្រុមហ៊ុនរបស់អាល្លឺម៉ងមួយនេះ ធ្លាប់ធ្វើកិច្ចសន្យាជាមួយកសិករដាំម្រេចម្ដងរួចហើយ នៅឆ្នាំ២០១៩ ប៉ុន្តែ ដំណើរនាំចេញត្រូវជាប់គាំងដោយសារវិបត្តិកូវីដ-១៩។ ដូច្នេះ ការកក់ទុកមុនសម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ គឺជាការសាកល្បងជាថ្មីរបស់ក្រុមហ៊ុន ។  លោក ហេង ពិសិទ្ធ រំពឹងថា ការទទួលទិញនេះ នឹងផ្ដល់ប្រយោជន៍ផ្នែកទីផ្សារ និងតម្លៃ បន្ថែមដល់កសិករ។  

ប្រធានមន្ទីរកសិកម្មរូបនេះ សាទរចំពោះកសិករដែលមានទីផ្សារថ្មីបន្ថែមទៀត។ ចំពោះមុខ មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ កំពុងតែជំរុញឱ្យកសិករអនុវត្តកសិកម្មល្អលើដំណាំផ្សេងទៀត ជាពិសេស ទុរេន និងស្វាយចន្ទី។

លោក ប្រាប់ដូច្នេះថា៖«កសិករដែលចុះកុងត្រាជាមួយក្រុមហ៊ុន នឹងមិនព្រួយបារម្ភពីថាគ្មានទីផ្សារទៀតនោះទេ។ នេះជាគោលបំណងធំសម្រាប់ខាងកសិកម្មខ្ញុំហើយ នៅពេលឃើញកសិករមានទីផ្សារបែបនេះ»។ 

ខេត្តត្បូងឃ្មុំ​ មានកសិករដាំម្រេចប្រមាណ៤ពាន់គ្រួសារ  ដែលដាំដុះប្រហែល៣ពាន់ហិកតា។ ក្នុងមួយឆ្នាំខេត្តនេះអាចផលិតម្រេចក្រៀមបានចន្លោះពី ៧ទៅ៨ពាន់តោន សម្រាប់ផ្គង់ផ្គង់ក្នុងស្រុក និងនាំចេញទៅអន្តរជាតិ។ បច្ចុប្បន្ន ម្រេចខ្មៅ (ក្រៀម) មានតម្លៃចន្លោះពី ១២៥០០ទៅ១៣០០០រៀលក្នុងមួយគីឡូក្រាម៕

ព័ត៌មានទាក់ទង