អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យធ្វើដំណើរតាមផ្លូវសមុទ្រឡើងវិញហើយ

20/07/2023 4:30 pm ភ្នំពេញ

ភ្នំពេញ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសអនុញ្ញាតឱ្យធ្វើដំណើរតាមផ្លូវសមុទ្រវិញហើយ ក្រោយផ្អាកអស់រយៈពេល៥ថ្ងៃ ក្រោមហេតុផលអាកាសធាតុមិនល្អ។



តាមរយៈវីដេអូខ្លីជាង ២នាទី ដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ២០ កក្កដា លោក គួច ចំរើន បានបញ្ជាក់ថា មូលហេតុដែលអនុញ្ញាតឱ្យមានការធ្វើដំណើរតាមផ្លូវសមុទ្រឡើងវិញ ដោយសាររលកសមុទ្របានធ្លាក់ចុះជាងមុន ។ ម៉្យាងទៀតប្រជាពលរដ្ឋក្នុងខេត្ត បានស្នើសុំឱ្យបើកដំណើរការផ្លូវសមុទ្រវិញ ដោយសារត្រូវដឹកទំនិញតាមផ្លូវសមុទ្រ។

ទោះជាយ៉ាងណា អភិបាលខេត្តរូបនេះ ក៏ណែនាំឱ្យ ពលរដ្ឋដែលធ្វើដំណើរតាមទូកទាំងអស់ ត្រូវពាក់អាវពោងសុវត្ថិភាពមុនចេញដំណើរ និងស្ថិតក្រោយការត្រួតពិតិន្យរបស់មន្រ្តីជំនាញឱ្យបានច្បាស់លាល់។ ចំពោះប្រជានេសាទ ក៏អនុញ្ញាតឱ្យចេញដំណើរទៅនេសាទវិញដែរ តែអាចចេញនេសាទក្នុងរយៈពេលខ្លីៗ ដោយចេញទៅនេសាទពេលព្រឹក និងត្រឡប់មកវិញពេលល្ងាច ឬទៅពេលល្ងាចត្រឡប់ មកវិញព្រឹកតែប៉ុណ្ណោះ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបន្តថា៖ «មិនអនុញ្ញាតឱ្យប្រជានេសាទចេញនេសាទហួសថ្ងៃកំណត់ឡើយ វាអាចបង្កហានិភ័យកើតឡើង ឬពិបាកទំនាក់ទំនង និងពិបាកចាត់វិធានការនានាសម្រាប់ជួយសម្រប់សម្រួលបញ្ហាផ្សេងៗ។ ដូច្នេះសមត្ថកិច្ចទាំងអស់យកចិត្តទុកដាក់ខ្ពស់ និងអនុគ្រោះដល់ប្រជានេសាទអាចធ្វើដំណើរបានដើម្បីជីវភាពប្រជាននេសាទទាំងនោះ»។

ទន្ទឹមនឹងនោះ អភិបាលខេត្តព្រះសីហនុ ក៏បានរៀបចំក្រុមការងារ និងឆ្មាំទេសចរឆ្នេរជាច្រើននាក់ឈរជើងតាមឆ្នេរ ដើម្បីចាំមើល ឬសង្រ្គោះទេសចរ ពលរដ្ឋ និងអ្នកនេសាទពីគ្រោះថ្នាក់ផ្សេងៗផងដែរ។

គួរជម្រាបថា តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ និងនៅលើផ្ទៃសមុទ្រ នឹងមានខ្យល់បក់ខ្លាំង ព្រមទាំងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី១៩ ដល់ ទី២៥ ខែកក្កដានេះ។ នេះបើតាមក្រសួងធនធានទឹក៕ 

ព័ត៌មានទាក់ទង