
ភ្នំពេញ៖ នាសប្តាហ៍ទី២ ខែកក្កដានេះ ទេសចរបានដើរកម្សាន្ត ទូទាំងប្រទេសជាង ៣០ម៉ឺននាក់ ដោយភ្ញៀវបរទេសផ្ទៃក្នុងមានជាង ៣ម៉ឺននាក់។ ក្នុងនោះ ខេត្តព្រះសីហនុ មានទេសចរទៅកម្សាន្តជាង ៦ម៉ឺននាក់។ ចំណែកខេត្តបាត់ដំបង ឈរលេខរៀងទី២ មានទេសចរជាង ៣ម៉ឺននាក់ផងដែរ។
គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ទេសចរដែលដើរកម្សាន្តនៅតាមតំបន់ទេសចរណ៍នានា នៅក្នុងប្រទេសកម្ពុជា មានចំនួន ២៩៦ ០០៥នាក់។ ក្នុងនោះភ្ញៀវជាតិ មានចំនួន ២៥៩ ៤៤១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៣៦ ៥៦៤នាក់។
ស្ថិតិភ្ញៀវទេសចរនៃសប្តាហ៍ទី២នេះ កត់សម្គាល់ឃើញមានខេត្តចំនួន៤ និងរាជធានីភ្នំពេញ ដែលទេសចរទៅកម្សាន្តច្រើនជាងគេ គឺខេត្តព្រះសីហនុមានទេសចរ ៦៦ ៥៥៧នាក់ ក្នុងនោះភ្ញៀវបរទេសមានជាង ៤ពាន់នាក់។ ចំនួនទេសចរនៃខេត្តនេះ បានកើនឡើងជាង ៥០០នាក់ បើធៀបនឹងសប្តាហ៍ទី១។ ឯចំណាត់ថ្នាក់ទី២គឺ ខេត្តបាត់ដំបងមានទេសចរ ៣៥ ៦៦៤នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានជាង ៦០០នាក់។
ដោយឡែក លំដាប់ទី៣គឺ រាជធានីភ្នំពេញ មានទេសចរ ៣៣ ២១១នាក់ ដោយទេសចរបរទេសជាង ២ម៉ឺននាក់ ។ សម្រាប់ ខេត្តកំពតមានទេសចរ ២ ៦៧៥នាក់ និងទេសចរអន្តរជាតិមានជាង ១ពាន់នាក់។ ខេត្តដែលស្ថិតនៅលំដាប់ទី៥ គឺខេត្តសៀមរាបមានទេសចរ ២២ ៥៣៥នាក់ ក្នុងនោះទេសចរអន្តរជាតិ ជាង ៥ ០០០នាក់។ ទន្ទឹមនោះ ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និងខេត្តកែប ក៏មានទេសចរទៅកម្សាន្តជាង ១ម៉ឺននាក់ដូចគ្នា។
ចំនួនភ្ញៀវទេសចរខាងលើ មានការកើនឡើងប្រមាណ ៣,១៥ភាគរយ ធៀបនឹងសប្តាហ៍កន្លងមក ក្នុងនោះភ្ញៀវជាតិ កើនឡើង ៣,៤ភាគរយ និងភ្ញៀវអន្តរជាតិ កើនឡើង ១,៣៦ភាគរយ។ បើទោះជាខេត្តព្រះសីហនុ មានទេសចរកើនឡើង តែរដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសពីស្ថានភាពអាកាសធាតុ ដើម្បីឱ្យប្រជាពលរដ្ឋ ដែលរស់នៅក្បែរសមុទ្រ មានការប្រុងប្រយ័ត្ន ទាំងអ្នកនេសាទ និងទេសចរជិះទូកឆ្លងទៅកម្សាន្តផងដែរ។
គិតចាប់ពីថ្ងៃទី១៩-២០ ខែកក្កដានេះ កម្ពុជា បន្តទទួលរងឥទ្ធិពលពីជ្រលងព្យុះទី៤ ឈ្មោះ តាលីម(TALIM) និងខ្យល់មូសុងនិរតី ក្នុងកម្រិតមធ្យមទៅបង្គួរ។ ដោយឡែក ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន សម្ពាធទាប សកម្មមួយ នឹងអាចវិវត្តជាព្យុះថ្មីមួយទៀត ពេលចូលដល់ភាគខាងជើងប្រទេសហ្វីលីពីន៕
-
ដោយ៖ ហេង ស្រីលីន
-
© រក្សាសិទ្ធិដោយ thmeythmey25.com

