ជិត១០ឆ្នាំទើបអាណាព្យាបាលសិស្សមួយចំនួន ស្គាល់តម្លៃ និងគុណភាពសាលារៀនជំនាន់ថ្មី

19/07/2023 4:02 pm ភ្នំពេញ

ភ្នំពេញ៖ មកដល់ឆ្នាំ២០២៣នេះ សាលារៀនជំនាន់ថ្មី បង្កើតបានរយៈពេល៨ឆ្នាំមកហើយ។ ៨ឆ្នាំមកនេះ លោក សម្យ កំសាន្ត មើលឃើញថា សាលារៀនជំនាន់ថ្មី ទទួលបានសមិទ្ធផលច្រើន តាមរយៈពានរង្វាន់ និងមេដាយ ដែលសិស្ស និងសាលាទទួលបាន។ លើសពីនេះ សាលារៀនជំនាន់ថ្មី ក៏ត្រូវបានមាតាបិតាសិស្សមួយចំនួន​ឱ្យតម្លៃ និងទទួលស្គាល់គុណភាព​ផងដែរ។



សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ជាមួយលោក សម្យ កំសាន្ត នាយករងវិទ្យាល័យព្រះស៊ីសុវត្ថិ ទទួលបន្ទុកសាលារៀនជំនាន់ថ្មី ដូចតទៅ៖

សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ជាសមិទ្ធផលមួយ នៃការធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ ដែលបានសម្ភោធដាក់ឱ្យដំណើរការកាលពីខែមិថុនា ឆ្នាំ២០១៦។ សាលារៀនជំនាន់ថ្មី បានអនុវត្តកម្មវិធីសិក្សាថ្មីពេញលេញដំបូងគេនៅសាលារដ្ឋ គឺSTEM-Ed ដែលទាក់ទាញសិស្សពូកែៗចូលរៀន ដោយប្រែក្លាយសិស្សមិនចូលចិត្តរៀនវិទ្យាសាស្ត្រឱ្យចាប់អារម្មណ៍ និងរៀនពូកែ។

ក្រោយបង្កើតបានជិត ១០ឆ្នាំ កេរ្តិ៍ឈ្មោះសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានធ្វើឱ្យប្រទេសមួយចំនួនស្គាល់ តាមរយៈការបង្កើតស្នាដៃ និងការចូលរួមប្រកួតប្រជែងនានារបស់សិស្សានុសិស្ស។ ចំពោះភាពវិជ្ជមាននេះ លោក សម្យ កំសាន្ត នាយករងវិទ្យាល័យព្រះស៊ីសុវត្ថិ ទទួលបន្ទុកសាលារៀនជំនាន់ថ្មី លើកឡើងថា៖ «នេះជាសមិទ្ធផលគួរជាទីមោទន ដែលសាលាយើងធ្វើបាន។ យើងទទួលបានពានរង្វាន់ និងមេដាយជាច្រើន ពីកូនសិស្សដែលបានទៅចូលរួមប្រកួត»។



លទ្ធផលដែលសិស្ស និងសាលារៀនជំនាន់ថ្មី ទទួលបានកើតឡើងដោយសារការខំប្រឹងរបស់សិស្ស និងលោកគ្រូអ្នកគ្រូ។ នៅសាលារៀនជំនាន់ថ្មី ក្រៅពីការរៀនក្នុងថ្នាក់ សិស្សានុសិស្សមានការស្រាវជ្រាវជាច្រើន។ ដើម្បីទទួលបានពានរង្វាន់ និងមេដាយច្រើន តើត្រូវធ្វើបែបណា? លោក សម្យ កំសាន្ត ឆ្លើយតបនឹងសំណួរនេះយ៉ាងដូច្នេះ៖ «ជាគន្លឹះរបស់យើង កូនសិស្សត្រូវរៀនតាមបែបសតវត្សទី២១។ ពួកគេរៀនដោយប្រើប្រាស់នូវបំណិន, ស្រាវជ្រាវ, បច្ចេកវិទ្យា, ការសហការ និងស្ថាបនានិយម»។ 

ការសិក្សានៅសាលារៀនជំនាន់ថ្មី មិនមែនរៀនតាមសៀវភៅក្រសួងអប់រំ និងសម្រាប់តែត្រៀមប្រឡងទេ។ សិស្សានុសិស្សនៅទីនោះ ត្រូវចេះស្រាវជ្រាវ និងឡើងធ្វើបទបង្ហាញនៅក្នុងថ្នាក់ពីមុខវិជ្ជាដែលពួកគេស្រាវជ្រាវជាក្រុម។ ការអប់រំបែបនេះ អាចធ្វើឱ្យសិស្សនៅទីនេះ មានសមត្ថភាពខ្ពស់អាចចូលរួមប្រកួតប្រជែងជាមួយបណ្ដាប្រទេសនានា។ 



«ចំណុចខ្លាំងរបស់សាលាជំនាន់ថ្មី គឺជាការគាំទ្រពីមាតាបិតាសិស្ស។ ការចំណាយថវិការបស់សិស្សក្នុងសាលាជំនាន់ថ្មីនេះ មានគួរសមដែរ។ ជាមធ្យមសិស្សម្នាក់ ចំណាយជាង ៣០០ដុល្លារ ដែលជាថវិកាចូលរួមជាភាគទានរបស់មាតាបិតាសិស្ស»។ នេះជាការលើកឡើងរបស់លោកនាយករង សម្យ កំសាន្ត ដោយបន្ថែមថា ជាមោទនភាពមួយ ដែលមាតាបិតាសិស្សឱ្យតម្លៃ និងទទួលស្គាល់គុណភាពរបស់សាលា។

ការចូលរួមរបស់មាតាបិតាសិស្ស ជាចំណែកមួយ ជួយឱ្យសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បន្តដំណើរទៅមុខបន្ថែមទៀត។ បើតាមលោក សម្យ កំសាន្ត អាណាព្យាបាលសិស្សតែងយកចិត្តទុកដាក់ និងរីករាយ ចំពោះសមិទ្ធផលរបស់កូនៗ ដោយមិនព្រួយបារម្ភថាកូនទៅធ្វើអ្វីផ្ដេសផ្ដាសនោះទេ។



ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០ សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិមានចក្ខុវិស័យ «ប្រែក្លាយសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ជាវិទ្យាល័យមានឧត្តមភាពឈានមុខគេ របស់កម្ពុជាលើការបង្រៀនទាំងឥរិយាបថ និងចំណេះដឹង។ លោកនាយករង សម្យ កំសាន្ត បញ្ជាក់ថា ការអប់រំនៅសាលាជំនាន់ថ្មី គឺផ្ដោតសំខាន់លើការអប់រំឱ្យសិស្សមានចំណេះដឹងទូលំទូលាយ, បំណិន និងឥរិយាបថ។ 

ទន្ទឹមនឹងនេះ ក្រៅពីអប់រំសិស្សឱ្យមានឥរិយាបថល្អ លោកគ្រូអ្នកគ្រូ ក៏ត្រូវមានឥរិយាបថល្អផងដែរ។ លើសពីនេះ ការបង្រៀននៅសាលាជំនាន់ថ្មី ក៏បង្រៀនសិស្សឱ្យចេះពីការរស់នៅស្អាត និងគ្មានសំរាម ជាពិសេសផ្ដល់ការអប់រំមានផាសុកភាព។ លោក សម្យ កំសាន្ត អះអាងថា៖ «នៅទីនេះ គ្មាននរណាជាអ្នកបម្រើទេ។ គ្រប់ៗគ្នាទាំងគ្រូទាំងសិស្ស ត្រូវមានភាពជាម្ចាស់ការ មានន័យថាថ្នាក់រៀនរបស់សិស្ស គឺជាផ្ទះ និងបន្ទប់របស់លោកគ្រូអ្នកគ្រូដែរ។ ដូច្នេះត្រូវតែស្អាត របៀបរៀបរយ សណ្ដាប់ធ្នាប់ និងអនាម័យ ជាការទទួលខុសត្រូវរៀងៗខ្លួន»។ 

ជាមួយគ្នានេះ ដើម្បីឱ្យសាលារៀនក្លាយជាសាលារៀនសតវត្សទី២១ ក៏ត្រូវការសិស្ស, គ្រូបង្រៀន និងអាណាព្យាបាល សតវត្សទី២១ផងដែរ។ សូមបញ្ជាក់ថា បច្ចុប្បន្នសាលារៀនជំនាន់ថ្មី កំពុងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនក្រោមកិច្ចសហប្រត្តិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិមួយចំនួន នៅប្រទេសថៃ, កូរ៉េ, ចិន, ជប៉ុន, សហរដ្ឋអាម៉េរិក និងអូស្រ្តាលី៕



ព័ត៌មានទាក់ទង