ពូ ស្មី បង្កើតកម្មវិធី«សាលាបោះតង់» ដើម្បីបង្រៀនអ្នកដើរព្រៃលើកដំបូង

19/07/2023 2:12 pm ភ្នំពេញ

កោះកុង៖ កម្មវិធី«សាលាបោះតង់លើកទី១» បានរៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធបោះតង់ និងស្វែងយល់ពីតំបន់ទេសចរណ៍មួយចំនួនក្នុងខេត្តកោះកុង។ លោក​ លី រស្មី ឬហៅថា ពូ ស្មី អ្នករៀបចំកម្មវិធី បានលើកឡើងថា លើសពីបទពិសោធ តែកម្មវិធី«សាលាបោះតង់លើកទី១» នឹងបង្រៀនដល់អ្នកចង់ដើរព្រៃលើកដំបូង បោះតង់ដោយសុវត្ថិភាព។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 

កម្មវិធី«សាលាបោះតង់លើកទី១» មានអ្នកចូលរួមចំនួន២៥នាក់ ដែលធ្វើឡើងនៅថ្ងៃទី១៥ និង១៦ ខែកក្កដា ឆ្នាំ២០២៣ នៅតំបន់ទេសចរណ៍មួយកន្លែងហៅថា« ភូមិទឹកស្រែ» ស្ថិតក្នុង ភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ អ្នកចូលរួមរៀនបោះតង់ទាំងនោះ ភាគច្រើនគឺជាអ្នកស្រឡាញ់ការដើរព្រៃបោះតង់ ប៉ុន្តែពួកគេមិនមានបទពិសោធក្នុងការរៀបចំខ្លួនដើម្បីបោះតង់ក្នុងព្រៃនោះឡើយ។

លោក លី រស្មី ជាអ្នករៀបចំកម្មវិធីនេះ បានផ្តល់បទសម្ភាសដល់សារព័ត៌មានThmeyThmey២៥ថា ក្នុងវិស័យទេសចរណ៍ ជាពិសេសការបោះតងក្នុងព្រៃកំពុងរីកដុះដាលខ្លាំង។ ប៉ុន្តែ លោកសង្កេតឃើញពីចំណុចខ្វះខាតរបស់អ្នកដើរព្រៃមួយចំនួន មិនទាន់មានបទពិសោធដូចជា ការជ្រើសរើសតង់ ទីតាំងបោះតង់ សម្ភារៈ និងការរៀបចំខ្លួនជាដើម។ នេះជាកត្តាសំខាន់ៗ ដែលធ្វើឱ្យលោក បង្កើតកម្មវិធីនេះឡើង។

លោក លី រស្មី អ្នករៀបចំកម្មវិធីសាលាបោះតង់លើកទី១

លោក លី រស្មី បានជ្រើសយកភូមិទឹកស្រែ ជាទីតាំងសម្រាប់រៀប កម្មវិធីសាលាបោះតង់លើកទី១ ដែលអាចឱ្យអ្នកចូលរួមរៀបដំឡើងតង់ដោយខ្លួនឯង។ ការរៀនបោះតង់នេះ ប្រៀបបាននឹងថ្នាក់មូលដ្ឋានសម្រាប់អ្នកមិនមានបទពិសោធ ឬអ្នកចូលចិត្តដើរព្រៃបោះតង់ មុននឹងទទួលយកបទពិសោធពិតៗ

លោក បន្តថា ចំណុចសំខាន់គឺផ្តោតលើការបោះតង់ដោយសុវត្ថិភាព។ សាលាបោះតង់ គឺជាកម្មវិធីទីមួយ ដែលរៀបចំជាផ្លូវ សម្រាប់អ្នកមិនធ្លាប់បោះតង់ ឱ្យយល់ដឹងពីវិធីសាស្រ្តចូលព្រៃ។ លោក ធ្លាប់ចែករំលែកពីបទពិសោធមួយចំនួនដល់អ្នកបោះតង់ថ្មីៗ​ អំឡុងដើរព្រៃកន្លងមក។

លោក រស្មី ពន្យលថា៖ «នៅពេលដែលយើងចាប់ផ្តើមចែករំលែកបទសោធបោះតង់ មនុស្សចាប់ផ្តើមលែងសូវខ្លាំង ក្នុងការដើរផ្សងព្រេង។​ អ្នកណាក៏ដូចអ្នកណា! ពេលបោះតង់ដំបូងតែងមានអារម្មណ៍ថាខ្លាច ដេកមិនលក់ សូម្បីតែខ្ញុំក៏ដេកមិនលក់ដែរ។»

លោក សង្កេតឃើញថាចំនួនទេសចរដើរបោះតង់ស្ទុះលឿន តាមរយៈការកម្ម៉ងអីវ៉ានបោះតង់ ឯហាងលក់សម្ភារៈបោះតង់ក៏មានច្រើន។ ទើបតែ ២ឆ្នាំនេះ​ទេ ដែលសម្បូរហាងលក់សម្ភារៈទាំងនេះ។ មួយវិញទៀត ការប្រែប្រួលរបស់យុវជន ទៅលើការធ្វើដំណើរផ្សងព្រេង ដោយម៉ូតូតូចៗ ក៏មានច្រើនជាងមុន។

អ្នកស្រី លាង វុធថង ជាអ្នកចូលរួមរៀនបោះតង់នៅភូមិទឹកស្រែលើកដំបូង ។ បើទោះនេះជាការបោះតង់លើកទី១ តែអ្នកស្រីធ្លាប់មានពិសោធឡើងភ្នំខ្នងផ្សារម្តង កាលពីខែមិថុនាកន្លងទៅ។ អំឡុងពេលឡើងភ្នំខ្នងផ្សារ អ្នកស្រីមិនបានបោះតង់ដោយខ្លួនឯងនោះឡើយ ព្រោះមានប្រជាសហគមន៍ជាអ្នករៀបចំ។

អ្នកខេត្តបាត់ដំបងរូបនេះបន្តថា បន្ទាប់ពីបានសាកល្បងឡើងភ្នំខ្នងផ្សាររួចមក អ្នកស្រីចាប់ផ្តើមចូលចិត្តការដើរព្រៃបោះតង់ និងស្រឡាញ់ទេសភាព។ ជាមួយគ្នានេះ អ្នកស្រី វុធថង បានចាប់អារម្មណ៍ពីកម្មវិធីសាលាបោះតង់ ដែលបង្រៀនពីរបៀបបោះតង់ដោយសុវត្ថិភាព នៅខេត្តកោះកុង។ ក្រោយពីបានឈ្វេងយល់ពីរបៀបបោះតង់រួចមក អ្នកស្រី ទទួលបានបទពិសោធជាច្រើន ទាំងការជ្រើសរើសតង់ ទីតាំងបោះតង់ និងយល់ដឹងពីរបៀបដើរព្រៃផងដែរ។ 

ស្ត្រីវ័យ៣៦ឆ្នាំរូបនេះ បញ្ជាក់ថា៖« ការបោះតង់លើកនេះ ខ្ញុំបានយកតង់ផ្ទាល់ខ្លួនមកជាមួយ ដែលជាប្រភេទតង់មានគ្រោងឆ្អឹងជាប់ក្រណាត់តង់ស្រាប់ទើបមិនពិបាកដំឡើង ប៉ុន្តែតង់ប្រភេទនេះ វាមិនល្អនោះទេ សម្រាប់យកទៅបោះតង់ក្នុងព្រៃ​ ព្រោះវាមានទំហំធំ។ ដូច្នេះគួរជ្រើសរើសប្រភេទតង់ ដែលមានគ្រោងឆ្អឹងផ្សេង ក្រណាត់តង់ផ្សេងទើបល្អ។ សម្រាប់ខ្ញុំ ការបោះតង់វាមិនមែនជាផលលំបាករបស់ខ្ញុំនោះ ព្រោះវាកើតចេញពីការចូលចិត្ត។»

អ្នកស្រី បន្តថា ការបោះតង់ផ្ទាល់ដី ប្រសើរជាងបោះតង់លើក្តា ព្រោះវាអាចទប់ទឹកភ្លៀងមិនឱ្យជ្រាបចូលក្នុងតង់។ មួយវិញទៀត យើងក៏បានយល់ដឹងពីទីតាំងបោះតង់ ដូចជាបោះតង់នៅទីទួល មិនមានដក់ទឹកជាដើម។ អ្នកស្រីបន្ថែមថា ការចូលរួមលើកនេះ អ្នកស្រីទទួលបានបទពិសោធជាច្រើន លើសពីការនោះតង់ នោះគឺការឡើងភ្នំបន្ទៀតមើលស្ទឹងពពក និងស្គាល់តំបន់ទេសចរណ៍ថ្មីៗ ដែលធ្លាប់តែឃើញតាមរយៈរូបភាពផងដែរ។ 

ជាមួយគ្នានេះ យុវជន ឡោ មករា ជានិស្សិតរៀនជំនាញជំនាញ ក៏ជាអ្នកសមាជិកមួយរូប ក្នុងចំណោមអ្នកចូលរួមបោះតង់ជាង ២០នាក់ដែរ។ លោក រៀបរាប់ថា នេះគឺជាការបោះតង់លើកដំបូងហើយ ដែលបានស្គាល់រសជាតិគេងក្នុងតង់។ ទោះជា មករា ស្រឡាញ់ការដើរព្រៃ ប៉ុន្តែយុវជនវ័យ២០ឆ្នាំរូបនេះ មិនដែលមានឳកាសបានបោះតង់រួមគ្នា និងដើរព្រៃមុនមកនោះទេ។ ចំពោះសាលាបោះតង់នេះ គឺមានមិត្តភក្តិ  លោកផ្ទាល់ជាអ្នកណែនាំ ទើបចាប់អារម្មណ៍ចុះឈ្មោះចូលរួមតែម្តង។

មករា និងមិត្តភក្តិ  បានរៀបចំតង់ដោយខ្លួនឯង ចំណែកលោក លី រស្មី គឺជាអ្នកណែនាំពីរបៀបដំឡើង។ ក្រោយពីបានចូលរួម ឡោ មករា ទទួលបានបទពិសោធជាច្រើន បូករួមជាមួយនឹងផលលំបាកមួយចំនួន អំឡុងបោះតង់ផងដែរ។

យុវជនមកពីភ្នំពេញរូបនេះ ពោលដូច្នេះ៖« ពីមុនមកខ្ញុំមិនដែលដេកក្នុងតង់នោះទេ។ លើកនេះ ខ្ញុំបានយលពីរបៀប មើលតង់ដែលមានគុណភាព បោះតង់នៅកន្លែងមានសុវត្ថិភាព ព្រោះយើងមិនអាចដឹងបានទេថា កន្លែងបោះតង់មានភ្លៀងឬអត់? ចំពោះផលលំបាកដែលខ្ញុំជួប គឺអំឡុងពេលខ្ញុំបោះតង់ ពេលយប់មានភ្លៀងធ្លាក់ ធ្វើឱ្យតង់របស់ខ្ញុំជ្រាបទឹកចូល។»

នេះ​ជាបទពិសោធដ៏ល្អ សម្រាបយុវជន ឡោ មករា បើទោះជាយ៉ាងនេះក្តី ក៏មករា នៅតែចង់ចង់រួមបោះតង់បែបនេះបន្តទៀត។ ទន្ទឹមនោះ មករា ក៏មានបំណង ដើរព្រៃបោះតង់ ទៅតា​មក្តីស្រឡាញ់របស់ខ្លួនផងដែរ។ 

បច្ចុប្បន្ន លោក​ លី រស្មី កំពុងផ្សព្វផ្សាយ និងប្រមូលអ្នកចូលរួមសម្រាប់ រៀបចំកម្មសាលាបោះតង់លើកទី២ ដើម្បីឱ្យពួកគេអាចដើរព្រៃផ្ទាល់ៗ នាពេលឆាប់នេះ។ សូមជម្រាបថា​កម្មវិធីសាសាបោះតង់នេះ អ្នកបោះតង់​ ទទួលបានរសជាតិថ្មី ដូចជារៀនបោះតង់លើកដំបូង យល់ដឹងពីតំបន់ធម្មជាតិនៃឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងគឺ ជ្រោះពង្រូល ការឡើងភ្នំបន្ទៀតដើម្បីមើលស្ទឹងពពក ការជិះក្បូន កៃយ៉ាក ជាដើម៕


 

ព័ត៌មានទាក់ទង