ភ្នំពេញ៖ លោក ផុន សានេត ជាម្ចាស់ហាងលក់បាយ-ម្ហូបមួយន្លែង មានទីតាំងស្ថិតនៅភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន រាជធានីភ្នំពេញ។ ចាប់ផ្ដើមពីអ្នកលក់តាមរទេះ លោក សានេត បានពង្រីកអាជីវកម្មខ្លួន រហូតអាចបើកហាងលក់បាយ-ម្ហូបមួយកន្លែង ក្នុងក្រុងភ្នំពេញ។
នៅក្នុងឆ្នាំ២០១៥ លោក សានេត បានចាប់ផ្ដើមរបរលក់បាយម្ហូបដាក់រទេះ នៅតាមដងផ្លូវក្នុងសង្កាត់ផ្សារដើមថ្កូវ។ ពីមួយឆ្នាំទៅមួយឆ្នាំ មុខរបរកាន់តែកាក់កប អ្នកលក់បានរូបនេះ បានបើកហាងដែលមានទំហំសមល្មម នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២២។ លោក សានេត បានប្រាប់សារព័ត៌មាន ThmeyThmey25 យ៉ាងម៉ឺងម៉ាត់ថា លោក សម្រេចចិត្តផ្លាស់ប្តូរពីអ្នកលក់បាយម្ហូបតាមរទេះ មកជួលផ្ទះគេក្នុងតម្លៃ៥០០ដុល្លារក្នុងមួយខែ ព្រោះលោកចង់ពង្រីកអាជីវកម្មរបស់ក្រុមគ្រួសារឱ្យកាន់តែធំ និងធ្វើឱ្យជីវភាពគ្រួសារប្រសើរជាងមុន។
លោក សានេត អះអាងដូច្នេះ៖ «ពេលប្ដូរកន្លែងលក់ដំបូង មានការលំបាក ដោយសារលុយត្រូវបែងចែកច្រើន ទីមួយផលវិបាកវាមានហើយរឿងរកស៊ី បើលក់អត់សូវដាច់ យើងអត់មានលុយបង់ផ្ទះគេ ប៉ុន្តែរកស៊ីយើងចេះតែទប់ៗហើយក៏មានលុយទុកតម្កល់ដែលដំបូងវាលក់មិនសូវដាច់ ដល់ពេលឥឡូវលក់បានគួរសមបានម៉ាទប់ៗ ។ លុយដែលលក់បានត្រូវចំណាយលើថ្លៃទឹកភ្លើង ឱ្យបុគ្គលិក ថ្លៃផ្ទះ យើងយកទុកខ្លះសន្សំ ចំណាយលើកូនរៀន បង់សាលាបង់អីជាដើម»។
អតិថិជន របស់លោក សានេត ភាគច្រើនជាបុគ្គលិកធនាគារ អ្នកធ្វើការសំណង់ សិស្សសាលា និងអ្នករស់នៅក្បែរៗនោះជាដើម។ ហាងរបស់លោក ចាប់ផ្ដើមបើកពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ ដោយពេលព្រឹកមានលក់ម្ហូបស្រាប់ ពេលល្ងាចមានលក់ម្ហូបកម្មង់។ ហាងនេះលក់ដាច់ខ្លាំងនៅចន្លោះម៉ោង១១ដល់ម៉ោង២ថ្ងៃត្រង់។
ម្ចាស់ហាងរូបនេះ បានបន្ថែមថា ហាងរបស់លោកលក់ដាច់ដោយសារតែ អនាម័យ ការរួសរាយរាក់ទាក់ជាមួយភ្ញៀវ និងតម្លៃគួរសមយ ។ លើសពីតម្លៃ និងរសជាតិ អ្នកលក់រូបនេះ តែងតែស្វែងយល់ចិត្តអតិថិជនខ្លួន ដើម្បីឱ្យភ្ញៀវជាប់ចិត្ត និងគាំទ្ររហូត។ «អតិថិជនដែលមានវ័យចំណាស់ចូលចិត្តទឹកសម្ល បើវ័យកណ្ដាល២០-៣០ឆ្នាំគាត់ចូលចិត្តបែបក្រៀមក្រោះ ចំណែកឯក្មេងៗចូលចិត្តសាច់ជ្រូកអាំង បាយសាច់ជ្រូក ហើយបាយខ បាយសាច់ជ្រូកជាម្ហូបប្រចាំហាង»។
យ៉ាងណា អ្នកលក់បាយរូបនេះ ក៏ត្អូញថា សព្វថ្ងៃ លោកពិបាកលក់ដូរ ជាងពីមុន ដ្បិតអីវ៉ាន់ឡើងថ្លៃ តែភ្ញៀវមកទិញចង់បានតម្លៃថោក។ លោក សានេត រៀបរាប់ថា៖ «បើយើងលក់ឱ្យគេតិចជាង ឱ្យខាងភ្ញៀវតិច គេថាយើងលក់ថ្លៃ តែគាត់អត់ដឹងទេថាឥវ៉ាន់ក្នុងទីផ្សាររាល់ថ្ងៃឡើងថ្លៃរហូត គាត់ដឹងចង់បានរបស់ថោកហើយបានច្រើន។…មានតែស៊ូ យើងអ្នករកស៊ី មិនអាចត្រូវចំណេញរហូតទេ ហើយពិបាកបំផុតឥវ៉ាន់ឡើងថ្លៃរហូត»។
ទោះបីជាជួបឧបសគ្គជាច្រើន ម្ចាស់ហាងរូបនេះ នៅតែតស៊ូជម្នះ និងមានបំណងចង់ពង្រីកអាជីវកម្មខ្លួនឱ្យកាន់តែធំទៅៗ និងចង់បង្កើតប្រេនដោយខ្លួនឯងផងដែរ៕
-
ដោយ៖ ទូច សូរិយា
-
© រក្សាសិទ្ធិដោយ thmeythmey25.com

