
តំបន់ទេសចរណ៍នៅភាគឦសាន មិនសូវវមានភ្ញៀវទេសចរទៅកម្សាន្តនោះទេ។ រយៈពេល៦ខែ ឆ្នាំ២០២៣ ខេត្តរតនគិរី ក្រចេះ ស្ទឹងត្រែង ទទួលបានទេសចរជាង៩ម៉ឺននាក់ប៉ុណ្ណោះ ខណៈអ្នកដើរលេងទូទាំងប្រទេសមានជាង ១១លាននាក់។ មន្ត្រីមន្ទីរទេសចរខេត្តភាគឦសានទាំងនេះ បញ្ជាក់ថា មូលហេតុនៃការខ្សត់ទេសចរទៅកម្សាន្តនៅខេត្តខ្លួន ព្រោះកត្តាទីតាំងដែលស្ថិតនៅឆ្ងាយ ស្របពេលដែលពេលវេលាឈប់សម្រាកខ្លី គួបផ្សំនឹងកត្តាអាកាសធាតុផង។
រយៈពេល៦ខែឆ្នាំ២០២៣នេះ ខេត្តរតនគិរី ទទួលបានទេសចរប្រមាណ ៩ម៉ឺននាក់តែប៉ុណ្ណោះ។ ទិន្នន័យទេសចរជាង ៩ម៉ឺននាក់នេះ ភាគច្រើនអ្នកនៅតំបន់នេះផ្ទាល់ និងមានកើនឡើង ៥ភាគរយតែប៉ុណ្ណោះ បើធៀបរយៈពេលដូចគ្នានៃឆ្នាំ២០២២កន្លងទៅ។
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានប្រាប់សារព័ត៌មាន ThmeyThmey25 តាមទូរសព្ទថា ខេត្តរតនគិរី មានតំបន់ទេសចរណ៍សក្ដានុពលរហូតដល់១៤កន្លែង ដែលសុទ្ធសឹងជារមណីយដ្ឋានធម្មជាតិ និងវប្បធម៌។ ភ្នំឥស្សឹតបតមៈ, បឹងយក្សឡោម, បឹងលំកុដ, បឹងយក្សអោម-យក្សការ៉ា, ទឹកធ្លាក់កាចាញ, ទឹកធ្លាក់ចាអ៊ុង, ទឹកធ្លាក់កាទៀង, ទឹកធ្លាក់អូរស៊ិនលែរ៍, ទឹកជួរតាតៃ, វាលរំប្លង់, ដែនជម្រកសត្វព្រៃលំផាត់, ឧទ្យានជាតិវីរៈជ័យ, ភូមិវប្បធម៌ជនជាតិដើមភាគតិច និងរមណីយដ្ឋានទឹកជួរទឹង ទាំងនេះ ជាតំបន់ទេសចរណ៍សក្ដានុពលរបស់ខេត្តរតនគិរី។ តំបន់ទេសចរណ៍ដែលមិនសូវមានភ្ញៀវទេសចរទៅកម្សាន្ត គឺរមណីយដ្ឋាន «បឹងយក្សអោម-យក្សការ៉ា» ដែលមានចម្ងាយ ៤០ គីឡូពីទីរួមខេត្ត។
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី។ រូបភាពពី៖ លោក ង៉ែត ពិទូ មន្ទីរទេសចរណ៍ខេត្តរតនគិរី
ប៉ុន្តែរមណីយដ្ឋានដែលសម្បូរទេសចរជាងគេ មានបឹងលំកុដ, បឹងយក្សឡោម ទឹកជ្រោះ៧ជាន់ និងទឹកធ្លាក់កាចាញជាដើម ដែលមានទីតាំងជិតៗទីរួមខេត្ត។
ទោះជាយ៉ាងនេះក្តី លោក ង៉ែត ពិទូ បញ្ជាក់ថាប៉ុន្មានថ្ងៃនេះ អាកាសធាតុនៅរតនគិរី មិនសូវជាអំណោយផលប៉ុន្មានឡើយ ដោយមានភ្លៀងធ្លាក់ខ្លាំង ទើបតំបន់ទេសចរមួយចំនួនមិនមានភ្ញៀវទៅកម្សាន្តនោះទេ។ សម្រាប់ប្រធានមន្ទីរទេសចរណ៍ខេត្តរូបនេះ បញ្ហាអាកាសធាតុ ក៏បានរារាំងដល់ដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋខ្លះដែរ ដោយសារនៅតំបន់ខ្លះ ផ្លូវរអិលពិបាកធ្វើដំណើរ និងធ្វើឱ្យទេសចរមិនសូវមកកម្សាន្តលេងផងដែរ។
រូបភាពពីមន្ទីរទេសចរណ៍ខេត្តរតនគិរី
សម្រាប់ខេត្តក្រចេះវិញ ក៏ជាខេត្តនៅដែនដីភាគឦសាន ដែលមានសក្តានុពលទេសចរណ៍រហូតដល់១៩កន្លែង។ ប៉ុន្តែនៅរដូវវស្សានេះ ខេត្តស្ថិតនៅបណ្តោយទន្លេមេគង្គមួយនេះ មានតំបន់ទេសចរណ៍មួយចំនួនប៉ុណ្ណោះ ដែលអាចទទួលភ្ញៀវទេសចរបាន។ តំបន់ទេសចរណ៍ដែលទេសចរ អាចទៅកម្សាន្តបាន មានដូចជា ក្រុងក្រចេះ,សហគមន៍អេកូទេសចរណ៍កោះទ្រង់,សហគមន៍ក្រឡាន, ភ្នំសំបុក,អន្លង់ផ្សោតកាំពី និងវិហារសរសរ១០០។
រយៈពេលខែ៦ ខេត្តក្រចេះទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ សរុបចំនួន ១៤៧ ៤៣៨នាក់ បើធៀបទៅនឹងឆ្នាំ២០២២ មានចំនួន ១៥៥ ៦៤២នាក់ ថយចុះ ៨ ២០៤នាក់ ស្មើនឹង ៥ភាគរយ។ ទេសចរជាង ១៤ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ១៤០ ៤៥០នាក់ និង ភ្ញៀវទេសចរអន្តរជាតិចំនួន ៦ ៩៨៨នាក់។
លោក ចាន់ សុគន្ធី អះអាងថា៖ «ការធ្លាក់ចុះចំនួនទេសចរមកកម្សាន្តក្នុងខេត្តក្រចេះនេះ មិនមែនខេត្តក្រចេះមិនសូវមានតំបន់ទេសចរណ៍កម្សាន្តនោះឡើយ។ ទេសចរមិនសូវចាប់អារម្មណ៍កន្លែងកម្សាន្ត និងទេសចរមួយចំនួនគិតថា ខេត្តក្រចេះពិបាកធ្វើដំណើរផងដែរ»។
លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ។ រូបភាពី៖ មន្ទីរទេសចរណ៍ខេត្តក្រចេះ
លោក ចាន់ សុគន្ធី បានលើកឡើងថា ខេត្តក្រចេះ មានកន្លែងកម្សាន្តជាច្រើន ប៉ុន្តែទេសចរមួយចំនួនហាក់បីមើលរំលង។ ការមិនសូវមានទេសចរទៅកម្សាន្តខេត្តក្រចេះ បានធ្វើឱ្យប្រជាពលរដ្ឋដែលធ្លាប់បម្រើការក្នុងវិស័យនេះ ជួបបញ្ហាជីវភាពដោយបាត់បង់ចំណូល។ លើសពីនេះ លោក ចាន់ សុគន្ធី បានអំពាវនាវដល់ភ្ញៀវទេសចរឱ្យងាកទៅកម្សាន្តនៅខេត្តក្រចេះ ដែលសម្បូរដោយតំបន់ទេសចរណ៍ធម្មជាតិ និងទេសចរណ៍វប្បធម៌។
ដោយឡែកតំបន់ទេសចរណ៍នៅតាមតំបន់ឆ្នេរខ្សាច់ខេត្តក្រចេះភ្ញៀវទេសចរមិនអាចទៅកម្សាន្តបានទេដោយសារតំបន់ទេសចរណ៍ទាំងនោះ ពឹងផ្អែកលើសក្តានុពលឆ្នេរខ្សាច់ ដូចជាឆ្នេរខ្សាច់កោះទ្រង់ជាដើម។
រីឯខេត្តស្ទឹងត្រែង ក៏ខ្សត់ទេសចរទៅកម្សាន្តដែរ។ ជាខេត្តមួយមានទន្លេបួនឆ្លងកាត់ គឺទន្លេសេសាន ទន្លេសេកុង ទន្លេស្រែពក និងទន្លេមេគង្គ ខេត្តស្ទឹងត្រែង ទទួលបានទេសចរតែ៨ម៉ឺននាក់តែប៉ុណ្ណោះ រយៈពេល៦ខែនាំឆ្នាំ២០២៣នេះ។ ចំនួនទេសចរនេះ មានការកើនឡើងប្រមាណ ១៥ភាគរយបើធៀបទៅឆ្នាំ២០២២ មានទេសចរជាង៦ម៉ឺននាក់។
រូបភាពផ្ដល់ដោយប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ
យ៉ាងណាក៏ដោយ លោក អ៊ុន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង យល់ថាគិតថាចំនួនទេសចរដែលទៅកម្សាន្តនៅនៅឡើយ ខណៈខេត្តមួយនេះសម្បូរកន្លែងកម្សាន្តមិនចាញ់ខេត្តផ្សេងនោះទេ។ ខេត្តស្ទឹងត្រែង មានកន្លែងកម្សាន្តទាក់ទាញទេសចរជាច្រើន រួមមាន សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ, តំបន់ទេសចរណ៍រ៉ាមសា, សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន, សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ, រមណីយដ្ឋានបក្សីមេគង្គ, ស្ទឹងត្រែងរីសត, រមណីយដ្ឋានចម្ការក្រូច និងតំបន់ទេសចរណ៍អូរឫស្សីកណ្ដាល។ នេះបើតាមប្រធានមន្ទីរទេសចរខេត្តស្ទឹងត្រែង ដោយលោកបន្តទៀតថា ទេសចរដែលចង់ដើរកម្សាន្តនៅខេត្តស្ទឹងត្រែង គួរតែចំណាយពេលយ៉ាងហោចណាស់២យប់៣ថ្ងៃ ដើម្បីទស្សនាតំបន់ទេសចរដ៏សម្បូរបែបក្នុងខេត្តភាគឦសានមួយនេះ។
ទន្ទឹមនឹងនោះ កំពុងជំរុញទេសចរណ៍បែបសហគមន៍ធម្មជាតិ សហគមន៍ទេសចរណ៍គ្រួសារ ព្រមទាំងកសិ-ទេសចរណ៍ ដើម្បីពង្រីកសក្តានុពលទេសចរណ៍ ត្រៀមទទួលភ្ញៀវទេសចរ៕
-
ដោយ៖ សែម ប្រាក់ដាវ
-
© រក្សាសិទ្ធិដោយ thmeythmey25.com

