
ភ្នំពេញ៖ រយៈពេល ៦ខែ ឆ្នាំ២០២៣នេះ កម្ពុជា ទទួលបានជើងហោះហើរចំនួន ២៤ ៧២៥ ជើង កើនឡើង១៤៧,៦៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ ចំណែកការដឹកជញ្ជូនទំនិញវិញ មានត្រឹម ២៤ ៦១៦តោន ថយចុះ ប្រមាណ ១៧,៨៦ភាគរយ។ នេះបើតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
របាយការណ៍ដដែលបញ្ជាក់ថា អ្នកដំណើរតាមផ្លូវអាកាសដែលកម្ពុជាបានទទួលនៅ អាកាសយានដ្ឋានទាំង៣ មានចំនួន ២ ៤៨០ ០៣២នាក់ កើនឡើង ២៦៩,៩៦ភាគរយ ធៀបនឹងឆមាសទី១ នៃឆ្នាំ២០២២។
គួរជម្រាបថា ក្នុងឆ្នាំ២០២៣នេះ កម្ពុជាអាចទទួលបានទេសចរអន្តរជាតិប្រមាណ ៤,៥លាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ ១៦លាននាក់។ ដើម្បីជំរុញកំណើនទេសចរនេះដែរ ក្រសួងទេសចរណ៍ បានប្ដេជ្ញាបន្តសហការ និងជំរុញលទ្ធភាពនៃការហោះហើរក្នុងស្រុក និងភ្ជាប់ទីផ្សារក្នុងតំបន់ ព្រមទាំង ពង្រឹងនិងពង្រីកការហោះហើរត្រង់ទៅតំបន់់ទេសចរណ៍សំខាន់ៗ ក្នុងតំបន់ផងដែរ៕
-
ដោយ៖ ញឹក ស្រីល័ក្ខ
-
© រក្សាសិទ្ធិដោយ thmeythmey25.com

