ប្រតិបត្តិការដឹកជញ្ជូនភ្ញៀវទេសចរចំនួន ៧០៨នាក់ ដែលជាប់លើកោះនៅក្រុងកោះរ៉ុង ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៧ កក្កដា បានត្រឡប់មកដល់ដីគោកវិញ ហើយមានសុវត្ថិភាពទាំងអស់គ្នា។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ។
ភ្ញៀវទេសចរ បានជាប់គាំងនៅលើកោះនៅក្រុងកោះរ៉ុង សរុបចំនួន ៧០៨នាក់ ក្នុងនោះស្រី៣៤៧នាក់ បុរសចំនួន៣៤៦នាក់ និងក្មេងមានចំនួន១៥នាក់។ អាជ្ញាធរ បានប្រើប្រាស់កប៉ាល់ចំនួន៥គ្រឿង ដើម្បីដឹកទេសចរ ដែលជាប់គាំងនៅលើកោះទាំងអស់សរុបចំនួន ៦ជើង។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖ «ភ្ញៀវទេសចរដែលជាប់នៅលើកោះមានសរុប ៧០៨នាក់នេះ គាំងជាប់កោះដោយសារមានខ្យល់កន្ទ្រាក់ ជាមួយភ្លៀងខ្លាំង។ដូច្នេះដើម្បីសុវត្ថិភាពរបស់ភ្ញៀវទេសចរ អាជ្ញាធរខេត្តបានផ្អាកការចេញចូល ដែលជាហេតុធ្វើឱ្យមនុស្ស៧០៨នាក់ត្រូវជាប់នៅលើកោះដូច្នេះ»។
អភិបាលរងខេត្តព្រះសីហនុរូបនេះ បន្តថា ទេសចរខ្លះ បានជាប់៣ ទៅ៤ថ្ងៃ និងខ្លះទៀតទើបតែជាប់មួយថ្ងៃប៉ុណ្ណោះ។ លើសពីនេះ នៅថ្ងៃទី១៨-១៩ ខែកក្កដា ខេត្តព្រះសីហនុ នឹងមានខ្យល់កន្ទ្រាក់ខ្លាំងជាងនេះទៅទៀត។ លោក ឡុង ឌីម៉ង ក៏អំពាវនាវដល់ទេសចរឱ្យមានការប្រុងប្រយ័ត្នខ្ពល់ចំពោះអាកាសធាតុ និងហាមមិនឱ្យចេញទៅតាមកោះ ឬលេងកម្សាន្តនៅតាមឆ្នេរមួយចំនួនព្រោះមានខ្យល់ និងរលកខ្លាំងនោះទេ។
សូមជម្រាបថា អាជ្ញាធរខេត្តព្រះសីហនុ ក៏បានស្នើដល់ភ្ញៀវទេសចរ ពាក់អាវពោងជានិច្ចក្នុងពេលធ្វើដំណើរតាមទូក និងលេងទឹក។ ក្រៅពីនេះ ខេត្តព្រះសីហនុ មានអាជ្ញាធរ និងឆ្មាំនៅតាមតំបន់ឆ្នេរជានិច្ច ដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរក្នុងករណីមានបញ្ហាណាមួយកើតឡើង៕
-
ដោយ៖ សែម ប្រាក់ដាវ
-
© រក្សាសិទ្ធិដោយ thmeythmey25.com

