
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីផ្សព្វផ្សាយ និងជំរុញការអនុវត្ត «វិធានការជាកញ្ចប់» សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ កក្កដា។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្តមាន លោក ឡុង ឌីម៉ង់ និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តវិធានការ និងលើកកម្ពស់ការយល់ដឹងរបស់ក្រុមការងារមូលដ្ឋាន ក្នុងការត្រៀមលក្ខណៈទទួលយកសំណើសុំដោះស្រាយពីម្ចាស់គម្រោង ឬអ្នកអភិវឌ្ឍន៍ និងឈានទៅរកការដោះស្រាយក្រៅប្រព័ន្ធតុលាការ។ កិច្ចប្រជុំនេះ ក៏បានពិភាក្សា និងដោះស្រាយបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការកំណត់ផ្សេងៗ ក្នុងទិដ្ឋភាពគតិយុត្តិ និងលិខិតបទដ្ឋាននានា ដែលនឹងត្រូវប្រើប្រាស់ក្នុងការដោះស្រាយភាពជាប់គាំង។
កិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នដើម្បីផ្សព្វផ្សាយ និងជំរុញការអនុវត្ត «វិធានការជាកញ្ចប់» សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
តាមរយៈការបកស្រាយក្នុងលក្ខណៈបច្ចេកទេស អង្គប្រជុំបានឯកភាពផ្តល់ការគាំទ្រលើផែនការសកម្មភាពមួយចំនួន ដើម្បីឱ្យការអនុវត្តវិធានការដោះស្រាយនេះ មានប្រសិទ្ធភាព និងទាន់ពេលវេលា។
បច្ចុប្បន្ន អគារជាង ៦០០កន្លែង ក្នុងក្រុងព្រះសីហនុ ត្រូវបានសាងសង់រួចរាល់ហើយ ខណៈសំណង់អគារប្រមាណ ៤០០កន្លែង កំពុងជាប់គាំង និងបន្តការសាងសង់ជាបន្តបន្ទាប់។ នេះបើតាមការបញ្ជាក់ របស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងវេទិកាសារព័ត៌មាន ស្ដីពីគោលនយោបាយទេសចរណ៍ និងស្ថានភាពទេសចរណ៍ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៦ មេសា។
ជុំវិញបញ្ហានេះ រដ្ឋាភិបាល បានបង្កើតគោលនយោបាយអនុគ្រោះលើកិច្ចការមួយចំនួន ដើម្បីគាំទ្រដល់បណ្ដាសំណង់អគារទាំងអស់ អាចមានលទ្ធភាពក្នុងការវិនិយោគការសាងសង់ និងអាចដំណើរការសាងសង់។ បន្ថែមពីនេះ ក៏មានការសម្របសម្រួល និងការគាំទ្រផ្នែកច្បាប់ដែរ ដែលរដ្ឋាភិបាលលើកទឹកចិត្ត ឱ្យសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ជាជាង ការដោះស្រាយបញ្ហាប្រឈម នៃអគារជាប់គាំងទាំងនោះ។
លោក គួច ចំរើន បានថ្លែងដូច្នេះ៖ «បើសួរខ្ញុំពេលណាបញ្ចប់ខ្ញុំមិនអាចឆ្លើយបានទេ ព្រោះរឿងនេះជាទំនាស់ដែលយើងត្រូវតែបន្តដោះស្រាយ ទៅតាមស្ថានភាពជាក់ស្ដែងរបស់ម្ចាស់អគារ។ បើគេមិនមករកយើង យើងមិនអាចទៅរកគេទេ ព្រោះម្ចាស់អគារនៅក្រៅប្រទេស»៕
-
ដោយ៖ ឈុំ ចន្ថា
-
© រក្សាសិទ្ធិដោយ thmeythmey25.com

