និស្សិតសាលាកសិកម្ម ធ្វើជ្រក់ស្ពៃ និងឆៃថាវ ដើម្បីផ្តល់ជម្រើសផលិតផលអនាម័យលើទីផ្សារ

ភ្នំពេញ៖ កញ្ញា ញ៉ក់ ណាវី ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្តកសិកម្ម។ និស្សិតរូបនេះ និងសមាជិកក្រុមផ្សេងទៀត ក្រោមការជ្រោមជ្រែងពីគ្រូ និងសិស្សច្បង បាន និងកំពុង ធ្វើជ្រក់ស្ពៃ និងឆៃថាវ អនាម័យលក់លើទីផ្សារ ដែលជាការផ្តល់ជម្រើសបន្ថែមដល់អ្នកប្រើប្រាស់។
សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey25 និងកញ្ញា ញ៉ក់ ណាវី ដូចតទៅ៖
កញ្ញា ញ៉ក់ ណាវី បានថ្លែងប្រាប់ThmeyThmey25 ថា មូលហេតុដែលក្រុមកញ្ញា ធ្វើជ្រក់ស្ពៃ និងឆៃថាវនេះ គឺក្នុងគោលបំណងបង្កើនអនាម័យជូនអ្នកទិញ។ ជ្រក់ស្ពៃ និងឆៃថាវ ក្នុងមួយថង់តម្លៃ ៤៥០០រៀល។ ជ្រក់ទាំងពីប្រភេទនេះ មានការវេចខ្ចប់ត្រឹមត្រូវ ខុសពីជ្រក់នៅតាមផ្សារ។ តាមពិតទៅ កញ្ញា ញ៉ក់ ណាវី ចាប់ធ្វើជ្រក់ស្ពៃ និងឆៃថាវ បន្តពីសិស្សច្បងនៅពេលទំនេរពីការសិក្សា។ ប៉ុន្តែដោយមើលឃើញថាងាយស្រួលធ្វើដែរនោះ យុវតីវ័យ១៩ឆ្នាំរូបនេះ ក៏បង្កើនការធ្វើជ្រក់ស្ពៃនិងឆៃថាវ សម្រាប់លក់បន្ថែមទៀត។
«ដំបូងឡើយវាមានភាពលំបាក ដោយសារត្រូវកាត់ស្ពៃឱ្យស្អាត រួចយកស្ពៃទាំងនោះទៅលាងទឹកសំអាតឱ្យស្អាត ទើបយកស្ពៃមកជ្រក់។ ជាធម្មតាខ្ញុំត្រូវដាំទឹកក្ដៅច្រើន ហើយត្រូវទុកទឹកទាំងនោះឱ្យត្រជាក់ ទើបខ្ញុំរៀបស្ពៃហើយចាក់ទឹកចូល»។ នេះជាការបញ្ជាក់របស់ កញ្ញា ញ៉ក់ ណាវី។
ជាធម្មតានៅពេល ណាវី ទំនេរពីការសិក្សា ណាវី បានឆ្លៀតពេលខ្លះដើម្បីធ្វើជ្រក់នេះរាល់ថ្ងៃចុងសប្តាហ៍។ ណាវី សង្ឃឹមថា ជ្រក់របស់ខ្លួន នឹងមានចរន្តនៅលើទីផ្សារកាន់តែច្រើន និងអាចជួយផ្តល់អនាម័យដល់ពលរដ្ឋផងដែរ។ បន្ថែមពីនេះ ណាវី ក៏បានជំរុញឱ្យនិស្សិតទាំងអស់ដែលស្រឡាញ់ចូលចិត្តខាងកសិកម្មនាំគ្នាបង្កើតស្នាដៃឱ្យបានកាន់ច្រើនផងដែរ៕
-
ដោយ៖ សែម ប្រាក់ដាវ
-
© រក្សាសិទ្ធិដោយ thmeythmey25.com

