
សៀមរាប៖ អ្នកស្រី ងន វ៉ាន់ថា ជាស្ថាបនិកនៃអង្គការ Color Silk ដែលជាស្ថាប័ន ជួយលើក ស្ទួយវិស័យតម្បាញសូត្រខ្មែរ។ ដោយមើលឃើញពីការធ្លាក់ចុះនៃជំនាញនេះ ទើបស្រ្តីអ្នកខេត្តតាកែវ និងមានឈាមជ័រក្នុងត្រកូលអ្នកតម្បាញរូបនេះ អនុវត្តន៍គម្រោងបណ្ដុះបណ្ដាលតម្បាញសូត្រឡើង និងរំពឹងថា ស្រ្តីខ្មែរអាចមានចំណូលសមរម្យ ពីវិស័យ វប្បធម៌ មួយនេះ។ ក្រៅពីអភិរក្សតម្បាញសូត្រ គម្រោងនេះក៏កំពុងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម មួយផ្នែកដែរ។
ព័ត៌មានពិស្ដារ សូមអានបទសម្ភាសរវាងអ្នកសារព័ត៌មានឌីជីថលថ្មីៗ ជាមួយអ្នកស្រី ងន វ៉ាន់ថា ដូចតទៅ៖
អ្នកស្រី អ៊ីសា រ៉ហានី៖ អ្នកស្រី វ៉ាន់ថា តើលោកស្រីអាចរៀបរាប់ពីប្រវត្តិផ្ទាល់ខ្លួនខ្លះៗ និងដើមចមនៃការបង្កើត Color silk បានដែរឬទេ?
អ្នកស្រី ងន វ៉ាន់ថា៖ ខ្ញុំជាស្ថាបនិក Color Silk ជាអង្គការស្រុក បង្កើតឡើង២០០៩ ក្នុង គោលដៅផ្តល់ការបណ្ដុះបណ្ដាលជំនាញសូត្រ ដល់ស្រ្តីក្នុងសហគមន៍ និងជំរុញឱ្យមានការអភិវឌ្ឍ ធានានូវស្ថិរភាពទីផ្សាររបស់តម្បាញសូត្រ ដែលគោលដៅយើងនាំចេញផលិតផលតម្បាញសូត្រនេះ ទៅទីផ្សារអន្ដរជាតិ។
ស្រ្តីម្នាក់កំពុងត្បាញសូត្រនៅមជ្ឈមណ្ឌលតម្បាញសូត្រខ្មែរនាស្រុកបន្ទាយស្រីនាថ្ងៃទី១១ កក្កដា ឆ្នាំ២០២៣។
អ្នកស្រី អ៊ីសា រ៉ហានី៖ ដើមឡើយហេតុអ្វីអ្នកស្រី ចាប់អារម្មណ៍ជាមួយតម្បាញសូត្រនេះ?
អ្នកស្រី ងន វ៉ាន់ថា៖ តាមពិតខ្ញុំជាអ្នកខេត្តតាកែវ គ្រួសារជាអ្នកតម្បាញ ខ្ញុំយល់ពីការងារនេះ។ នៅក្នុងសហគមន៍ ដូចម្ដាយខ្ញុំគាត់ចេះត្បាញ។ ក្នុងសហគមន៍ជាទូទៅ ស្រ្តីក្រៅពីការងារស្រែចម្ការ គឺគាត់មានការងារតម្បាញតែមួយគត់ ដែលអាចឱ្យគាត់រកប្រាក់ចំណូលបាន ហើយជាការងារជាប់លាប់ទៀត ដែលគាត់អាចចិញ្ចឹមមួយគ្រួសារបាន តាមរយៈការងារ តម្បាញនេះ។ អ៊ីចឹងក្រោយមកគំនិតនៅក្នុង ការផ្តួចផ្តើមតម្បាញសូត្រនេះឡើងទូទៅ គឺវាកើតចេញពីការត្រឡប់ទៅវិញ។ មានន័យថា តាមពិតម្ដាយខ្ញុំ គាត់អត់គាំទ្រលើការងារនេះទេ។ ខ្ញុំចេញពីសហគមន៍មក ចេញពីភូមិមក គឺម្ដាយខ្ញុំគាត់មិនមានបំណងឱ្យ ខ្ញុំត្រឡប់ទៅវិញទេ ហើយធ្វើការងារតម្បាញដូចពួកគាត់ទេ។ អ៊ីចឹងគាត់បញ្ជូនខ្ញុំឱ្យមករៀននៅភ្នំពេញ បានចប់កម្រិតដល់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ហើយមានការងារនៅភ្នំពេញ ប៉ុន្តែយើងធ្វើការងារបានច្រើនឆ្នាំនៅក្នុងវិស័យឯកជន តែនៅឆ្នាំ២០០៩ ខ្ញុំចាប់ផ្តើមអនុវត្តន៍គម្រោងនេះឡើងវិញ។ ហើយគម្រោង នៃការផ្តួចផ្តើមអាជីវកម្មតម្បាញសូត្រនេះឡើង គឺវាចេញពីគម្រោងប្រកួតប្រជែងអាជីវកម្ម Business Plan គេហៅថាគម្រោងអាជីវកម្មកាលពីឆ្នាំ ២០០៨។
ឆ្នាំ ២០០៨ ខ្ញុំបានចូលរួមក្នុងការប្រកួតប្រជែងគម្រោងអាជីវកម្មមួយដែលមានគំនិតលើកតម្កើងវិស័យតម្បាញសូត្រខ្មែរ។ ពេលនោះគ្រាន់តែជាគំនិតទេ ដើម្បីដាក់ចូលរួមប្រកួតជាមួយគេ។ គ្រាន់តែជាគំនិត និងមិនធ្លាប់ថាធ្វើវាឡើងវិញទេ តែពេលធ្វើទៅគម្រោងយើងត្រូវបានជ្រើសរើស Top 10 ជាគំនិតអាជីវកម្មដែលល្អ ដែលមាន Impact ខ្លាំងសម្រាប់ជួយសហគមន៍។ អ៊ីចឹងខ្ញុំក៏បានទទួលការបណ្ដុះបណ្ដាលទាក់ទងទៅនឹងការចាប់ផ្តើមអាជីវកម្មរហូតដល់៣ខែ ពីអ្នកជំនាញ។ ហើយក្រោយមកទាក់ទងនឹងស្ថានភាពជាក់ស្ដែងនៅក្នុងសង្គមលើវិស័យតម្បាញសូត្រខ្មែរ កាលណោះរងផលអវិជ្ជមានខ្លាំងពីវិបត្តិសេដ្ឋកិច្ចពិភពលោក ទៅដល់ស្រុកភូមិឃើញថាស្រ្តីចាប់ផ្តើម ចំណាកស្រុកទៅក្រៅប្រទេស ភាគច្រើនទៅថៃ។ ហើយពួកគេឈប់ត្បាញ គឺស្ងាត់នៅក្នុងភូមិដែលធ្លាប់មានអ្នកត្បាញច្រើន។ គាត់ចាប់ផ្តើមបញ្ឈប់ការងារនេះ ដោយសារទីផ្សារក្នុងស្រុកអត់មាន ព្រោះអីផលិតផលរបស់ពួកគាត់គឺ១០០ភាគរយ លក់ឱ្យឈ្មួញក្នុងស្រុក។ អ៊ីចឹងពេលវិបត្តិចូលមកក្រិប វត្ថុធាតុដើមក៏ថ្លៃ ទីផ្សារក្នុងស្រុកលែងមាន គឺគាត់លែងធ្វើហើយ។
ខ្ញុំមើលឃើញថា ទីផ្សារបានបិទហើយ។ ចាប់ផ្តើមឃើញហានិភ័យរបស់ស្រ្តីចាប់ផ្តើមចំណាកស្រុក។ អ៊ីចឹងជួនពេលយើងមានគំនិតស្រាប់ យើងចង់អភិវឌ្ឍន៍វាដើម្បីឱ្យវាថ្មីឡើងសម្រាប់ការងារតម្បាញនេះ។ ជាគំនិតគម្រោងខ្ញុំ គឺចង់ធ្វើឱ្យផលិតផលតម្បាញគឺនាំចេញទៅទីផ្សារអន្ដរជាតិវិញ ដើម្បីទីមួយធ្វើឱ្យមានស្ថិរភាពការងារតម្បាញ សម្រាប់ស្រ្តីនៅក្នុងសហគមន៍ ទីពីរធានាឱ្យបាននូវប្រាក់ចំណូលរបស់គាត់ ទីបីធ្វើយ៉ាងណា គឺយកទីផ្សារថ្មីមួយ មានន័យថាឈប់រំពឹងទីផ្សារក្នុងស្រុក គឺត្រូវអភិវឌ្ឍន៍ កែច្នៃផលិតផល ទៅកាន់ទីផ្សារអន្ដរជាតិវិញ។
សំពត់សូត្រដែលត្បាញដោយក្រុមស្រ្តីនៃអង្គការ Color Silk។ រូបភាពពី Color Silk
អ្នកស្រី អ៊ីសា រ៉ហានី៖ ការចាប់ផ្តើមដំបូងយ៉ាងម៉េចខ្លះ ហើយមានផលលំបាកទេ ទម្រាំដំណើរការការងារ ទៅតាមគម្រោងយើងចង់បាន?
អ្នកស្រី ងន វ៉ាន់ថា៖ ដំបូងលំបាក។ ទីមួយផលិតផលអត់ដឹងនៅទីណាទេ យើងចូលទៅថ្មី ក្រុមអ្នកត្បាញយើងមានមែន តែផលិតផលហើយ និងក្រុមការងារទាំងអស់ហ្នឹង ត្រូវប្រមូលរៀបចំថ្មីទាំងអស់។ ដោយសារជំនាញអ្វីដែលគាត់ធ្លាប់ធ្វើ គឺធ្វើតែសម្រាប់ទីផ្សារក្នុងស្រុក អ៊ីចឹងយើងចង់យកផលិតផលមួយដែលមានស្ដង់ដារនាំចេញទៅលក់លើទីផ្សារអន្ដរជាតិ គឺត្រូវ Apply លក្ខខណ្ឌច្រើន។ យើងត្រូវបង្ហាត់ពួកគាត់ឡើងវិញច្រើន សិក្សាលើ Capacity ពីការឌីហ្សាញផលិតផល ពីគុណភាពផលិតកម្មរបស់យើង។ ទីពីរគឺយើងអត់មានទុន។ យើងចាប់ផ្តើមដំបូងនៅឆ្នាំ២០០៩ គឺធ្វើការជាមួយក្រុមអ្នកតម្បាញដំបូងតែ១០នាក់ទេ ជាលក្ខណៈសាកល្បងដើម្បីធ្វើផលិតផលគំរូទៅភ្ញៀវមួយនៅសហរដ្ឋអាម៉េរិកដែលគាត់នាំផលិតផលពីខ្មែរទៅលក់នៅសហរដ្ឋអាម៉េរិក។
ចំណុចមួយទៀត គឺថាអត់មានការគាំទ្រ។ យើងឈប់ពីការងារទៅ យើងទៅធ្វើការងារតូចតាចដែលយើងមិនមានទីផ្សារច្បាស់លាស់ យើងមិនមានផលិតកម្មច្បាស់លាស់ យើងអត់មានទុនច្បាស់លាស់ យើងអត់មានកន្លែងលក់ យើងអត់មានស្អីទាំងអស់ យើងអត់មានបុគ្គលិកទេ គឺមានន័យថា តែខ្លួនយើងម្នាក់ទេ យើង Run តាំងពីA ដល់Z តាំងពីសហគមន៍ រហូតដល់ទីផ្សារ ទំនាក់ទំនងខាងក្រៅ អ៊ីចឹងជាបញ្ហាមួយដែលគេតែងតែនិយាយថា វាអត់ដំណើរការទេ ដែលម្ដាយរបស់ខ្ញុំតែងថា វាអត់ ដំណើរការ ទេអាហ្នឹង ព្រោះគេបិទអស់ហើយ កុំទៅធ្វើអ្វីដែលគេបិទ អ្វីដែលអត់មាន ព្រោះគេឃើញទីផ្សារក្នុងស្រុកគេឈប់ទិញឈប់លក់អស់ហើយ អ៊ីចឹងបើយើងទៅធ្វើ អាហ្នឹងគឺវាអត់ដើរទេ ហើយវាហានិភ័យសម្រាប់យើង។
អ្នកស្រី អ៊ីសា រ៉ហានី៖ ប៉ុន្តែអ្វីកាលណោះ ដែលជំរុញចិត្តលោកស្រីឱ្យប្រឹងប្រែងធ្វើទាល់តែបាន?
អ្នកស្រី ងន វ៉ាន់ថា៖ ទីមួយគឺទំនុកចិត្ត យើងដឹងថាយើងត្រូវធ្វើអី យើងមានគោលដៅច្បាស់លាស់។ ហើយយើង ដឹងធ្វើដោយរបៀបណា។ បើយើងចាំស្ដាប់ភាសាគេប្រាប់ថា គេមើលឃើញអាហ្នឹងវាបាត់បង់ហើយ វាអត់ដំណើរការទេ បើយើងផ្អែកទៅលើអ្វីដែលគេនិយាយគឺយើងពិតជាធ្វើអត់បាន។ ប៉ុន្តែហេតុអ្វីយើងអាចធ្វើបាននៅក្នុងស្ថានភាពពេលនោះ ទីមួយគឺយើងងាយរកអ្នកផលិត សិប្បករគេឈប់អស់ យើងងាយរើសអ្នកដែលមានជំនាញ។ ទីពីរ យើងយកវិបត្តិក្លាយជាឱកាស ពេលហ្នឹងមានតែយើង អ៊ីចឹងពេលហ្នឹងជាឱកាសរបស់យើង។ អ៊ីចឹងការចាប់ផ្តើមគឺត្រូវមានគោលដៅច្បាស់លាស់ យើងចង់បានអី ធ្វើជាមួយអ្នកណា ហើយយើងធ្វើដោយរបៀបម៉េច។ អ៊ីចឹងផែនការនៅក្នុងអាជីវកម្មរបស់ខ្ញុំ ដែលរៀបនៅឆ្នាំ២០០៨ គឺដឹងថា ត្រូវមានផលិតផលបែបណា ទិសដៅអតិថិជនមួយណា ហើយគោលដៅត្រូវសម្រេចបាននៅទីណា។ អ៊ីចឹងយើងតាមគោលដៅដែលយើងរៀបចំ យើងអាចចាប់ផ្តើមពីការងារតូចៗហ្នឹងរហូតយើងអាចបំពេញនូវអ្វីដែលជាគោលដៅយើងចង់បាន។
សំពត់សូត្រដែលត្បាញដោយក្រុមស្រ្តីនៃអង្គការ Color Silk។ រូបភាពពី Color Silk
អ្នកស្រី អ៊ីសា រ៉ហានី៖ មកដល់បច្ចុប្បន្ននេះ តើយើងមានមជ្ឈមណ្ឌលតម្បាញសូត្រប៉ុន្មានទីតាំងដែរ?
អ្នកស្រី ងន វ៉ាន់ថា៖ បច្ចុប្បន្នយើងមានមជ្ឈមណ្ឌលតម្បាញពីរ គឺនៅខាងតាកែវមួយ នៅខេត្តសៀមរាមមួយ ដែលគម្រោងមជ្ឈមណ្ឌលនេះគឺក្រោមដៃគូសហប្រតិបត្តិការជាមួយធនាគារមេយប៊ែង ដែលគាត់មានកម្មវិធីជួយពង្រឹង និងឧបត្ថម្ភទៅដល់សហគមន៍តាមរយៈកម្មវិធីមួយឈ្មោះថា Women Eco weaver program។ មេយប៊ែងជាដៃគូ យើងជាអ្នកអនុវត្តន៍គម្រោងហ្នឹង។ ខាងធនាគារបានជួយច្រើនទៅលើការបណ្ដុះបណ្ដាលជំនាញតម្បាញដល់ស្រ្តី ជាពិសេសគឺមនុស្សជំនាន់ក្រោយ ដើម្បីឱ្យពួកគាត់មានជំនាញ និងការកែច្នៃដ៏សម្បូរបែបមួយសម្រាប់ការពង្រឹងជំនាញតម្បាញ ហើយនិងចីរភាពលើវិស័យតម្បាញរបស់ខ្មែរ។
អ្នកស្រី អ៊ីសា រ៉ហានី៖ តើមជ្ឈមណ្ឌលទាំងពីរទីតាំងខាងលើនេះ ខាងអង្គការ Color Silk បានជួយស្រ្តីបានប្រហែលប៉ុន្មាននាក់?
អ្នកស្រី ងន វ៉ាន់ថា៖ នៅខាងសៀមរាបជិត២០០នាក់ និងនៅខាងតាកែវបាន៥០០នាក់ជាង មកដល់ឥឡូវយើងបានជួយស្រ្តីតម្បាញជិត១ពាន់នាក់ ហើយសម្រាប់កសិករចូលជាង១ពាន់គ្រួសារ។ កសិករយើងជួយគាំទ្រគាត់លើការដាំដើមមន ហើយនិងស្រាយដង្ហូវនាង ដើម្បីផលិតវត្ថុធាតុដើមក្នុងស្រុកឡើងវិញ។ គិតពី២០០៩មក Color Silk មានសមាជិកជាអ្នកតម្បាញចូល ៦៥០នាក់ហើយ។
អ្នកស្រី អ៊ីសា រ៉ហានី៖ ចំពោះទីផ្សារ តើទីផ្សារធំរបស់សូត្រខ្មែរមាននៅប្រទេសណាខ្លះ?
អ្នកស្រី ងន វ៉ាន់ថា៖ ទូទៅខាងខ្ញុំផ្តោតលើនាំចេញជាង៩០ភាគរយ គឺនាំចេញទៅទីផ្សារធំនៅអឺរ៉ុប ហើយអាស៊ី យើងមានទីផ្សារល្អនៅជប៉ុន និងសិង្ហបុរី ហើយយើងនាំចេញទៅសហរដ្ឋអាម៉េរិកខ្លះដែរ និងអូស្រ្តាលី។
អ្នកស្រី អ៊ីសា រ៉ហានី៖ តើមានការគាំទ្រដូចម្ដេចដែរនៅប្រទេសទាំងនោះ?
អ្នកស្រី ងន វ៉ាន់ថា៖ បើបស្ចិមប្រទេសគឺមានការគាំទ្រខ្លាំង ដោយគេនិយម ស្គាល់ពីគុណភាព ហើយនិងការងារដ៏ប្រណិតរបស់សូត្រខ្មែរយើង ដែលគេទទួលស្គាល់ជាសកលជាពិសេសពីសំណាក់ភ្ញៀវ នៅបស្ចិមប្រទេស។ ហើយអាស៊ីយើងគឺជប៉ុនគឺគាត់មានការពេញនិយមច្រើន។ ផលិតផលដែលពេញនិយមទៅខាងក្រៅទៅទីផ្សារអឺរ៉ុប គឺសម្លៀកបំពាក់ ហើយនិងសាច់ក្រណាត់ ដែលគាត់យកទៅច្នៃជា ផលិតផលសម្លៀកបំពាក់សម្រេចផ្សេងទៀត។ ហើយផលិតផលខ្លះក៏យើងកាត់ជាសម្លៀកបំពាក់ដល់គាត់ ផងដែរ។ ទីពីរគឺកន្សែង គឺច្រើន ដោយសារនៅអឺរ៉ុបស្រុកត្រជាក់ គឺប្រើរុំក។ ទីបី កាបូប និងសម្ភារផ្សេងដូចជា សម្ភារតុបតែងផ្ទះ។
ភ្ញៀវទេសចរទស្សនាមជ្ឈមណ្ឌលតម្បាញសូត្រខ្មែរនាស្រុកបន្ទាយស្រី។ រូបភាពពីអ្នកស្រី ងន វ៉ាន់ថា
អ្នកស្រី អ៊ីសា រ៉ហានី៖ អ្វីជាភាពជោគជ័យដែលអ្នកស្រីយល់ថាកំពុងទទួលបាន ដែល វាបានកើតឡើងពីការខិតខំប្រឹងប្រែងពុះពារការលំបាកជាច្រើនទម្រាំដល់សព្វថ្ងៃនេះ?
អ្នកស្រី ងន វ៉ាន់ថា៖ សម្រាប់ខ្ញុំវាមិនទាន់ជាជោគជ័យអីទេ គ្រាន់តែវារត់ទៅតាមជាមួយគោលដៅ ដែលយើងចង់បាន។ តែអ្វីដែលយើងធ្វើកន្លងមកវាទទួលបានជោគជ័យទីមួយគឺយើងផ្តោតទៅលើការ ហៅថាដៃគូផលិត យើងបានបណ្ដុះបណ្ដាលគាត់ល្អ មានន័យថាគាត់ជាអ្នកផលិតដែលមានទឹកដៃ មានទេពកោសល្យពិតប្រាកដ។ ទីពីរគឺទាក់ទងទៅនឹងការឌីហ្សាញ (ច្នៃម៉ូដ)។ ការនាំចេញសម្រាប់ទីផ្សារខាងក្រៅគឺផ្តោតសំខាន់ទៅលើគុណភាព។ អ៊ីចឹងបើសិនយើងអត់មានគុណភាព យើងអត់មានការរចនា យើងមិនអាចនាំចេញទៅបានទេ។ អ៊ីចឹងដើម្បីជោគជ័យទាំងអស់ហ្នឹង គឺយើងមានដៃគូសហប្រតិបត្តិការរបស់យើង។ យើងមានដៃគូនៅបារាំង អាល្លឺម៉ង់ និងសិង្ហបុរី ក្នុងការឌីហ្សាញញម៉ូដ យើងឌីហ្សាញទៅតាមតំបន់គោលដៅទីផ្សារ។ ចំណុចទីបី គឺទំនុកចិត្ត ភាពស្របច្បាប់ ព្រោះយើងមានក្រុមហ៊ុនស្របច្បាប់សម្រាប់ការនាំចេញ។ អតិថិជនមានទំនុកចិត្តខ្ពស់លើ ការបញ្ជាទិញជាមួយយើង ហើយយើងមានភាពច្បាស់លាស់ក្នុងការផ្គត់ផ្គង់ឱ្យដៃគូយើង។
អ្នកស្រី អ៊ីសា រ៉ហានី៖ តើលោកស្រីចាត់ទុកខ្លួនឯងថា ជាផ្នែកមួយជួយឱ្យតម្បាញសូត្រខ្មែរឱ្យរស់ឡើងវិញដែរឬទេ?
អ្នកស្រី ងន វ៉ាន់ថា៖ (សើច) បច្ចុប្បន្ននេះ យើងអាចនិយាយបានថា Color Silk ជាស្ថាប័នក្នុងស្រុកមួយដែលមានក្រេឌីត មានការទទួលស្គាល់ពីភ្ញៀវជាតិ និងអន្ដរជាតិ ពិសេសពីអន្ដរជាតិ។ យើងកំពុងដើរ តួនាទីយ៉ាងសំខាន់នៅក្នុងស្ថានភាពបច្ចុប្បន្ន ដើម្បីអភិវឌ្ឍតម្បាញសូត្រនេះឱ្យមានចីរភាព តាមរយៈបណ្ដុះបណ្ដាលមនុស្សជំនាន់ក្រោយ ដើម្បីឱ្យគាត់ងាកមករកការងារវប្បធម៌តម្បាញនេះវិញ ហើយទីពីរយើងដើរតួនាទីយ៉ាងសំខាន់មួយទៀត គឺការអភិរក្សនូវការផលិតសរសៃសូត្រមាសរបស់យើង ឱ្យមានដង្ហើមជីវិតឡើងវិញ។ អ៊ីចឹងការងារតម្បាញនេះប្រសិនមិនយកចិត្តទុកដាក់ទេ អាចប្រឈមនឹងការ បាត់បង់ ដោយសារយុវតី យុវជនជំនាន់ក្រោយគាត់ចាប់ផ្តើមមានចំណាប់អារម្មណ៍តិចតួច ដោយសារមានឱកាសការងារទៅទីក្រុង មានឱកាសការងារទៅប្រទេសផ្សេងៗនៅជិតខាងដើម្បីរកការងារធ្វើ ហើយរោងចក្រក៏សម្បូរ យើងប្រឈម។ ប៉ុន្តែមានស្រ្តីមួយចំនួននៅក្នុងសហគមន៍ក៏គាត់អត់លទ្ធភាពដែរ ពេលនោះទីផ្សារហាក់ចង្អៀតក្នុងស្រុក មានការប្រកួតប្រជែង ការនាំចូលវាស្រដៀងៗគ្នា វាធ្វើឱ្យការប៉ះពាល់ដែលធ្វើឱ្យស្រ្តីក្នុងសហគមន៍មានការចាប់អារម្មណ៍តិច។ អ៊ីចឹង Color Silk បានដើរតួយ៉ាងសំខាន់ នៅក្នុងការពង្រឹងច្រវាក់ផលិតកម្ម ជំនាញ និងរក្សាទីផ្សារមួយដ៏ល្អជាមួយនឹងតម្លៃសមរម្យដែលអាចឱ្យគាត់មានចំណូលយ៉ាងសមរម្យ បើប្រៀបធៀបនឹងការងារនៅរោងចក្រ គឺគាត់ប្រសើរជាង។ Color Silk មិនត្រឹមតែការអភិរក្សទេ ធ្វើឱ្យវិស័យតម្បាញនេះគង់វង្ស ហើយជាមួយធានាឱ្យស្ថិរភាពជីវភាពរបស់គាត់មានភាពល្អប្រសើរ។
អ្នកស្រី អ៊ីសា រ៉ហានី៖ តើអ្វីទៅជាគោលដៅសម្រាប់អនាគត?
អ្នកស្រី ងន វ៉ាន់ថា៖ តាមពិតអ្វីដែលយើងកំពុងធ្វើគឺសម្រាប់គោលដៅបន្ត ចង់ពង្រឹងការបណ្ដុះបណ្ដាលនេះឱ្យស្រ្តីបានច្រើននៅតាមបណ្ដាខេត្តមួយចំនួនទៀត គាត់អត់ជំនាញដែលយើងមានឃើញថាស្រ្តីមាន សក្តានុពលនៅក្នុងការបណ្ដុះបណ្ដាលជំនាញឱ្យគាត់ ដើម្បីឱ្យគាត់មានលទ្ធភាពខ្លួនឯង ជំនាញខ្លួនឯង ជួយនៅក្នុងគ្រួសាររបស់គាត់។ ព្រោះអីស្រ្តីមួយចំនួនយើងមើលទៅក្រៅពីការងារជាមេផ្ទះមើលថែកូន គឺគាត់អត់មានការងារអីទាំងអស់ អ៊ីចឹងកម្លាំងគាត់មួយត្រូវទុកចោល។ តែមិនមែនមានន័យថាគាត់ទំនេរទេ តែបើមានជំនាញមួយបន្ថែមគាត់អាចរកចំណូលមួយទៀត ដែលធ្វើឱ្យគាត់មានសកម្មភាពសកម្ម នៅក្នុងការចូលរួម ដើរតួនាទីរបស់គាត់នៅក្នុងស្ថានភាពសេដ្ឋកិច្ចគ្រួសារផង និងសេដ្ឋកិច្ចសង្គមផង។ អ៊ីចឹងគោលដៅរបស់យើងក្រៅពីការបណ្ដុះបណ្ដាលនេះយើងនឹងពង្រឹងទីផ្សារផងដែរ ដើម្បីឱ្យវាសមតុល្យគ្នា សម្រាប់ច្រវាក់ផលិតកម្មពួកយើងនៅក្នុងសហគមន៍ ហើយនិងស្ថិរភាពទីផ្សារ ព្រោះប្រសិនគ្មានស្ថិរភាពទីផ្សារ យើងមានផលិតផលល្អក៏អត់អាចទៅរួចដែរ។ អ៊ីចឹងអ្វីដែលយើងត្រូវធ្វើ គឺពង្រឹងនិងពង្រីកទីផ្សាររបស់យើងក្នុងក្របខណ្ឌអន្ដរជាតិឱ្យបានច្រើន ដើម្បីធ្វើយ៉ាងណាបង្កើនច្រវាក់ផលិតកម្មរបស់យើងឱ្យបានច្រើន ចំណូលរបស់ប្រជាជនយើងមានការកើនឡើង ហើយឱកាសការងារក៏សម្បូរ៕
-
© រក្សាសិទ្ធិដោយ thmeythmey25.com

