
ភ្នំពេញ៖ កសិករបានត្អូញត្អែរ ថា ឆ្នាំនេះសណ្ដែកបាយពិបាកលក់ និងបានតម្លៃថោក ដោយសារតែទំហំនៃការផលិតច្រើន តែតម្រូវការទីផ្សារក្នុងស្រុក និងក្រៅប្រទេសមានតិច នាំឱ្យចាល់។ ទិន្នន័យរបស់ក្រសួងកសិកម្ម ក៏បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ការនាំចេញសណ្ដែកបាយធ្លាក់ចុះ៣៨ភាគរយ។
លោក វ៉ា ចិត្រា ជាឈ្មួញកណ្ដាល និងជាអ្នកដាំសណ្ដែកបាយជាង៤ហិកតា នៅខេត្តបាត់ដំបង។ ឈ្មួញកណ្ដាលរូបនេះ បានឱ្យដឹងថា ឆ្នាំនេះតម្លៃសណ្ដែកបាយធ្លាក់ចុះខ្លាំង ដោយលោក ប្រមូលទិញពីកសិករទៅលក់បន្តក៏ពិបាកលក់ដែរ។ បញ្ហានេះ ទំនងមកពីទំហំផលិតច្រើនពេក ហើយតម្រូវទីផ្សារក្នុងស្រុក និងបរទេសក៏មានតិច។
នៅឆ្នាំ២០២២ លោក ចិត្រា អាចលក់គ្រាប់សណ្ដែកបាយបានប្រមាណ៥០តោន ប៉ុន្តែរយៈ៦ខែឆ្នាំនេះ លោក វាយតម្លៃថា សន្ទុះនៃការលក់បានថយចុះប្រហែល៥០ភាគរយ។ លោក បន្ថែមដូច្នេះថា៖« រាល់ឆ្នាំស្រួលលក់ណាស់ ប៉ុន្តែឆ្នាំនេះញាប់ខ្លាំង។ និយាយទៅ វាចាល់ហើយ ព្រោះអី ឃ្លាំងធំៗ គេថាពិបាកលក់ដែរ។ ឥឡូវ លក់ទៅខាងវៀតណាម ក៏គេអត់យក ហើយស្រុកយើង ក៏គេមិនសូវត្រូវការ»។
លោក សាវឿន កសិករដាំសណ្ដែកបាយម្នាក់ទៀតនៅខេត្តកំពត បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថា ទើបតែឆ្នាំនេះទេ ទីផ្សារសណ្ដែកបាយធ្លាក់ចុះខ្លាំង រហូតដល់ឈ្មួញឈប់ទទួលទិញតែម្ដង។ លោក មិនដឹងមូលហេតុនាំឱ្យធ្លាក់ថ្លៃនោះទេ ប៉ុន្តែ ឈ្មួញកណ្ដាលបានបង្ហើបថា ការលក់ចេញរបស់ពួកគេក៏ពិបាកដែរ។
សណ្ដែកបាយ មានតម្លៃចន្លោះពី ២ពាន់រៀលទៅ ៤ពាន់រៀលក្នុងមួយគីឡាក្រាម ធៀបនឹងឆ្នាំ២០២២ មានតម្លៃ៤៥០០រៀល ក្នុងមួយគីឡូក្រាម។ កសិកររូបនេះ រអ៊ូថា៖« ចោលទាំងអស់តែម្ដង! ឆ្នាំហ្នឹងដាក់តម្លៃ៤ពាន់រៀល ក៏គ្មានអ្នកមកទិញផង។ ទោះខ្ញុំដាក់តម្លៃក្រោមហ្នឹង ក៏គ្មានអ្នកយកដែរ ដោយសារគាត់(ឈ្មួញ) យកទៅបោះបន្ត ក៏គេលែងទទួលពីគាត់ដែរ»។
លោក សាវឿន ដាំសណ្ដែកបាយចំនួន២,៥ហិកតា នៅស្រុកជុំគិរី ខេត្តកំពត។ ផ្ទៃដីនេះ លោកអាចប្រមូលផលបានក្នុងរង្វង់ ២តោនក្នុងមួយឆ្នាំ ហើយជាមធ្យមទទួលបានប្រាក់ចំណូលប្រហែល២ពាន់ដុល្លារ។
បច្ចុប្បន្ន កសិករូបនេះ នៅសល់គ្រាប់សណ្ដែកបាយជិត២តោនទៀតលក់មិនទាន់ចេញ។ ដោយត្រូវការលុយភ្លាមៗ ដើម្បីសងគេ និងធ្វើដើមទុនសម្រាប់ដំណាំផ្សេងទៀត លោក បានសម្រេចចិត្តបង្ហោះលក់ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ភ្ជាប់ដោយសារអំពាវនាវឱ្យសារធារណៈជនជួយទិញ។
លោក បន្ថែមដូច្នេះថា៖«ខ្ញុំអាចលក់ដល់ភ្ជុំក៏បានដែរ ប៉ុន្តែយើងដាំត្រូវការដើមទុន ព្រោះយើងត្រូវចំណាយលើការជួលគេធ្វើផង និងជំពាក់តម្លៃពូជគេមិនទាន់សងផង។ អ៊ីចឹង!ខ្ញុំប្រញាប់លុយ ដើម្បីយកទៅសងគេ និងដំណាំផ្សេងទៀត»។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលចុះហត្ថលេខាដោយ លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ឆមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញសណ្ដែកបាយប្រមាណ១៥ម៉ឺនតោន។ ចំនួននេះ ថយចុះ ៣៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។
លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានលើកឡើងថា ការធ្លាក់នូវប្រភេទកសិផលសំខាន់របស់កម្ពុជានេះ ដោយសារវិបត្តិសេដ្ឋកិច្ចសកលលោក បណ្តាលឱ្យការបញ្ជាទិញទំនិញគ្រប់ប្រភេទមានការថយចុះ និងបង្អាក់ ចរន្តពាណិជ្ជកម្ម។
ទន្ទឹមនេះ ផលិតកម្មដំណាំមួយចំនួនមានការថយចុះ ដោយសារស្ថានភាពមិនច្បាស់លាស់ខាងទីផ្សារ និងបញ្ហាបម្រែបម្រួលអាកាសធាតុនាំឱ្យប៉ះពាល់ដល់ទិន្នផល និងគុណភាពនៃដំណាំ។ ដោយឡែក ការនាំចេញដោយគ្មានការស្នើសុំវិញ្ញាបនបត្រភូតគាមអនាម័យ ឬ ការនាំចេញក្រៅផ្លូវការ តាមច្រករបៀងទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃ មួយចំនួនក៏មិនបានការកត់ត្រា។
ចំពោះមុខ លោកជំរុញឱ្យវិស័យឯកជនស្វែងរកដៃគូបញ្ជាទិញឱ្យបានច្រើនជាងទីផ្សារដែលមានស្រាប់។ ពង្រឹកការផ្សព្វផ្សាយពីផលិតផលកសិកម្មកម្ពុជាឱ្យកាន់តែទូលំទូលាយនៅក្នុងវេទិកា និងពិព័រណ៍នានា ដើម្បីទាក់ទាញការវិនិយោគ និងពង្រីកទីផ្សារផលិតផលកសិកម្មកម្ពុជា។ ជាមួយគ្នានេះ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោក ងិន ឆាយ លើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមវិនិយោគលើការផលិតធាតុចូលកសិកម្មនៅក្នុងស្រុកដើម្បីកាត់ បន្ថយថ្លៃដើមផលិតកម្ម៕
-
ដោយ៖ ឈុំ ចន្ថា
-
© រក្សាសិទ្ធិដោយ thmeythmey25.com

