រូបតំណាង។ រូបភាពពីមន្ទីរកសិកម្មខេត្តកំពង់ចាម។
ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានណែនាំដល់កសិករពីរបៀបស្នើសុំថ្លៃអនុគ្រោះពិសេស មកត្រឹម ៤៨០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។ នេះតាមសេចក្ដីណែនាំរបស់អគ្គិសនីកម្ពុជា។
បើតាមសេចក្ដីណែនាំដដែល ការអនុគ្រោះនេះ សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទក្នុងវិស័យកសិកម្ម ក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនី ដែលទទួលប្រភពពីបណ្តាញជាតិ ដែលប្រើ ចាប់ពីម៉ោង៩ យប់ ដល់ម៉ោង៧ ព្រឹក។
របៀបស្នើសុំថ្លៃអនុគ្រោះ សម្រាប់សហគមន៍ ត្រូវចាត់បុគ្គលមួយរូប ឱ្យដាក់ពាក្យស្នើសុំប្រើប្រាស់អគ្គិសនី ដោយស្នើសុំប្ដូរប្រភេទអ្នកប្រើប្រាស់ ទៅជាអ្នកផ្គត់ផ្គង់អគ្គិសនីនៅតំបន់នោះ (អគ្គិសនីកម្ពុជា/អ្នកផ្គត់ផ្គង់នៅតំបន់នោះ) តាមរយៈអាជ្ញាធរឃុំ/សង្កាត់។
ចំណែកឯ ទីតាំងប្រើប្រាស់ជារូបវន្តបុគ្គល ឬនីតិបុគ្គល ត្រូវដាក់ពាក្យស្នើសុំប្រើប្រាស់អគ្គិសនី ដោយស្នើសុំប្ដូរប្រភេទអ្នកប្រើប្រាស់ ទៅជាអ្នកផ្គត់ផ្គង់អគ្គិសនីនៅតំបន់នោះ (អគ្គិសនីកម្ពុជា ឬអ្នកផ្គត់ផ្គង់ឯកជន)។
ក្នុងករណីទីតាំងស្នើសុំនោះ ស្ថិតនៅក្នុងតំបន់របស់អ្នកផ្គត់ផ្គង់ឯកជន អ្នកផ្គត់ផ្គង់ឯកជនត្រូវស្នើសុំបន្តទៅមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ( ម.អ.ជ) របស់អគ្គិសនីកម្ពុជា ដើម្បីសុំការឯកភាព។ បើលោកអ្នក មានចម្ងល់អាចទាក់ទង ទៅក្រុមការងារចម្រុះ EAC-EDC តាមលេខទូរសព្ទ ០៧៧ ២២២ ០១២/ ០៩០ ៩០០ ៣១១៕
-
ដោយ៖ អ៊ុត រស្មី
-
© រក្សាសិទ្ធិដោយ thmeythmey25.com