ភ្នំពេញ៖ ក្រោយធ្វើជាបុគ្គលិកអង្គការជិត ១០ឆ្នាំ អ្នកស្រី វ៉ាន់ ស៊ីនយ៉ា បានងាកខ្លួនមកប្រកបមុខរបរកសិកម្មវិញ។ នៅចុងឆ្នាំ២០១៨ អ្នកស្រី ស៊ីនយ៉ា បានចាប់អារម្មណ៍លើរបរបណ្ដុះផ្សិត ដែលអ្នកស្រីជឿថា អាចរកចំណូលបានច្រើន និងជួយដល់សុខភាពអ្នកទទួលទាន។ មកដល់បច្ចុប្បន្ន ស្រ្តីវ័យ ៣៨ឆ្នាំរូបនេះ កំពុងជោគជ័យលើរបរលក់មេផ្សិតអំបោះខ្មៅដល់អតិថិជននៅតាមបណ្ដាខេត្តមួយចំនួន។
ជាបុគ្គលិកអង្គការដែលផ្ដោតលើបញ្ហាសុខភាព អ្នកស្រី វ៉ាន់ ស៊ីនយ៉ា បានផ្លាស់ប្ដូរខ្លួនមកជាម្ចាស់អាជីវកម្មមួយនៅស្រុកទឹកឈូរ ខេត្តកំពត។ សហគ្រិនស្រ្តីរូបនេះ បានចាប់យករបរកសិកម្ម សម្រាប់បន្តដំណើរទៅមុខ ដោយផ្ដោតសំខាន់លើការបណ្ដុះផ្សិត។ នៅចុងឆ្នាំ២០១៨ អ្នកស្រី បានវិនិយោគពេលវេលា និងថវិកា សម្រាប់រៀនសូត្រ និងចាប់ផ្ដើមរបរនេះ ដោយបានចូលរៀនវគ្គបណ្ដុះបណ្ដាលខ្លី ពីរបៀបបណ្ដុះផ្សិត។
ក្រោយរៀនចប់ ចំណេះដែលអ្នកស្រីទទួលបាន គឺមិនអាចយកមកប្រើប្រាស់ និងអនុវត្តបានឡើយ។ «ពេលរៀនដំបូង យកមកប្រើការមិនកើតទេ។ មេរៀន និងការអនុវត្ត មិនដំណើរការ វាមិនចេញ និងមិនឱ្យផល។ វាខុសបច្ចេកទេសទាំងស្រុងតែម្ដង វាធ្វើឱ្យយើងជួបបញ្ហាច្រើន។ យើងមានដើមទុន យកមកបង្កើតមុខរបរហ្នឹង តែវាមិនដំណើរការ»។ នេះជាការរៀបរាប់របស់អ្នកស្រី វ៉ាន់ ស៊ីនយ៉ា ពីការចាប់ផ្ដើមដំបូង។
រូបភាពពីហ្វេសប៊ុកអ្នកស្រី វ៉ាន់ ស៊ីនយ៉ា
បើទោះបីជួបឧបសគ្គ តែអ្នកស្រី ស៊ីនយ៉ា មិនបោះបង់ឡើយ។ ចុងឆ្នាំ២០១៨ ដល់ចុងឆ្នាំ២០១៩ អ្នកស្រី បានចំណាយពេលទៅសិក្សាបន្ថែមពីរបៀបបណ្ដុះផ្សិតនៅប្រទេសថៃ និងបានទិញសៀវភៅពីអាម៉េរិកមកស្រាវជ្រាវផងដែរ។ រយៈពេល១ឆ្នាំនេះ ធ្វើឱ្យអ្នកស្រីអាចសម្រេចគោលដៅ និងបានបណ្ដុះផ្សិតដោយជោគជ័យ និងអាចលក់ទីផ្សារ។
ជួបបញ្ហា តែមិនបោះបង់!
ទោះត្រូវចាយពេល១ឆ្នាំ ដើម្បីរៀនសូត្រពីជំនាញបណ្ដុះផ្សិត តែអ្នកស្រី វ៉ាន់ ស៊ីនយ៉ា មិនបានប្រែចិត្តទៅចាប់យករបរផ្សេងឡើយ។ ម្ចាស់អាជីវកម្មលក់មេផ្សិតអំបោះខ្មៅរូបនេះ បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន Thmey Thmey 25 ដូច្នេះ៖ «ការស្រឡាញ់ចូលចិត្ត និងមិនបោះបង់ ធ្វើឱ្យខ្ញុំសុខចិត្តយកពេលវេលារៀនសូត្របន្ថែម។ បើឱ្យខ្ញុំបោះបង់ គឺអត់ទេ។ របរបណ្ដុះផ្សិតនេះ ត្រូវការដើមទុនច្រើន ហើយពេលធ្វើម្ដងៗត្រូវការកម្លាំង ត្រូវការពេលវេលា និងត្រូវការគ្នាជួយ»។
នៅដើមឆ្នាំ២០២០ ផ្សិតរបស់អ្នកស្រី បានផ្ដល់ផល និងអាចលក់នៅទីផ្សារ។ ទន្ទឹមនឹងផ្សិតឱ្យផលល្អ អ្នកស្រី ក៏ជួបបញ្ហាដោយសារកូវីដ-១៩ ដែលធ្វើឱ្យហាង និងភោជនីយដ្ឋានមួយចំនួន លែងបញ្ជាទិញ។ ក្រោយជួបបញ្ហាផ្សិតស្រស់លក់មិនដាច់ អ្នកស្រី បានផ្លាស់ប្ដូរមកលក់មេផ្សិតវិញ ដែលជាគំនិតរបស់ស្វាមី។
រូបភាពពីហ្វេសប៊ុកអ្នកស្រី វ៉ាន់ ស៊ីនយ៉ា
«ពេលកូវីដ ប៉ះពាល់ខ្លាំង។ ពេលផ្សិតឱ្យផល យើងដកទៅលក់ឱ្យភោជនីយដ្ឋាន និងអាហារដ្ឋាន គេលែងទិញយើង។ មួយរយៈនោះ យើងទាល់តែម្ដង មិនដឹងធ្វើអ្វី មិនដឹងទៅលក់នៅណា។ ហើយក៏ពិភាក្សាជាមួយប្ដី ក៏សម្រេចចិត្តលក់មេផ្សិតកញ្ចប់វិញ ដោយគេយកទៅស្រោចខ្លួនគេ»។ នេះជាការលើកឡើងរបស់អ្នកស្រី ស៊ីនយ៉ា ដោយបន្ថែមថា លក់ដំបូង គឺនៅខេត្តកំពត ដែលអតិថិជនភាគច្រើនជាភ្ញៀវបរទេស។
កូវីដ-១៩ ធ្វើឱ្យអ្នកស្រី ស៊ីនយ៉ា ប្ដូរពីបណ្ដុះផ្សិតស្រស់លក់ មកជាលក់មេផ្សិតវិញ
ក្រោយភ្លៀង មេឃស្រឡះ! បញ្ហាលក់ផ្សិតស្រស់មិនដាច់ និងប្រមូលផលហើយ ត្រូវបោះចោល បានចេញឆ្ងាយពីជីវិតអ្នកស្រី។ ការចាប់ផ្ដើមលក់មេផ្សិតរបស់អតីតបុគ្គលិកអង្គការអន្តរជាតិរូបនេះ មានគាំទ្រច្រើន ពីអតិថិជន មិនថាតិច និងច្រើន។
អ្នកស្រី និយាយទាំងរីករាយថា៖ «ពេលខ្ញុំលក់ដំបូង មានការគាំទ្រច្រើន ព្រោះម៉ូយខ្ញុំភាគច្រើនបរទេស។ ខ្ញុំបង្ហោះក្នុងក្រុមកំពត អ៊ីចឹងគេឃើញ គេក៏បញ្ជាទិញទៅ។ មួយវគ្គៗ លក់បាន១០ទៅ២០ឈុត។ បន្ទាប់មកខ្ញុំ រកម៉ូយខ្មែរម្ដង គេបញ្ជាទិញ ១ពាន់ទៅ២ពាន់កញ្ចប់ ច្រើនណាស់»។
រូបភាពពីហ្វេសប៊ុកអ្នកស្រី វ៉ាន់ ស៊ីនយ៉ា
ស្រ្តីជាម្ចាស់អាជីវកម្មលក់មេផ្សិតអំបោះខ្មៅរូបនេះ ច្បាស់លាស់នឹងជំនាញបណ្ដុះផ្សិត ដោយមិនប្រៀបធៀបពីរបៀបបណ្ដុះរបស់អ្នកដទៃឡើយ។ អ្នកស្រី អះអាងថា មេផ្សិតដែលបានចែកចាយដល់អតិថិជន ជាផលិតធម្មជាតិ។ អតិថិជនរបស់អ្នកស្រី មាននៅខេត្តកំពត, កំពង់ស្ពឺ, តាកែវ និងខេត្តកំពង់ឆ្នាំង។
«បច្ចុប្បន្នខ្ញុំជឿជាក់ ហើយមានជំនឿចិត្តថា ខ្ញុំជោគជ័យ សម្រាប់ខ្លួនខ្ញុំផ្ទាល់។ ទាំងជំនាញ ចំណេះដឹង ទំនុកចិត្តទៅឱ្យអតិថិជន ការលក់ និងការគោរពអតិថិជន។ ១០០ភាគរយ គឺជោគជ័យខ្លាំង»។ អ្នកស្រី បង្ហាញភាពវិជ្ជមានដែលទទួលបានដូច្នេះ ក្រោយមេផ្សិតអាចចរាចរណ៍លើទីផ្សារ ក្នុងមួយខែចន្លោះពី ១ពាន់ទៅ ៣ពាន់កញ្ចប់។
ទទួលបានផលហើយ តែចាំបាច់រៀនពីការធ្វើអាជីវកម្មបន្ថែម!
ក្រៅពីចង់លក់ឱ្យដាច់ អ្នកស្រី ក៏គិតគូរខ្លាំងដល់អតិថិជន ដោយមិនជំរុញឱ្យអតិថិជនបញ្ជទិញមេផ្សិតច្រើនលើសប្រមាណនោះទេ។ អ្នកស្រី ស៊ីនយ៉ា បានឱ្យដឹងថា អ្នកស្រីមិនសប្បាយចិត្តនោះទេ នៅពេលអ្នកទិញយកទៅមិនបានផល។ ម្ចាស់អាជីវកម្មរូបនេះ តែងផ្ដល់យោបល់ និងណែនាំដល់អតិថិជនជាប្រចាំទាក់ទងនឹងការថែទាំ និងការទូរទាត់ចំណាយផងដែរ។
រូបភាពពីហ្វេសប៊ុកអ្នកស្រី វ៉ាន់ ស៊ីនយ៉ា
ចំណេះទាំងនេះ អ្នកស្រី វ៉ាន់ ស៊ីនយ៉ា បានរៀនបន្ថែមពីវគ្គបណ្ដុះបណ្ដាលសហគ្រិនរបស់គម្រោងមួយ។ អ្នកស្រី បញ្ជាក់ថា ការរៀនពីការធ្វើអាជីវកម្មបន្ថែមអាចធ្វើឱ្យចេះពីការគ្រប់គ្រងចំណូលចំណាយបានត្រឹមត្រូវ។ បើតាមស្រ្តីវ័យ ៣៨ឆ្នាំរូបនេះ បើមិនរៀនបន្ថែម មិនកើតនោះទេ។
ស្រ្តីមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងរូបនេះ លើកឡើងថា៖ «ខ្ញុំសប្បាយចិត្តខ្លាំង រំភើប និងស្ញប់ស្ញែងខ្លួនឯងខ្លាំង។ ដោយសារតែខ្ញុំធ្វើផ្សិតធម្មជាតិ ១០០ភាគរយ អត់ប្រើគីមី ដែលប៉ះពាល់ដល់សុខភាពអ្នកញ៉ាំ។ ហើយអ្នកយកផ្សិតខ្ញុំទៅលក់ គាត់សប្បាយចិត្តនឹងទិន្នផល និងគុណភាពផ្សិត ដែលអាចរកចំណូលបានគួរសម»៕
រូបភាពពីហ្វេសប៊ុកអ្នកស្រី វ៉ាន់ ស៊ីនយ៉ា
-
ដោយ៖ ញឹក ស្រីល័ក្ខ
-
© រក្សាសិទ្ធិដោយ thmeythmey25.com

