ស្ករត្នោតកំពង់ស្ពឺប្រមាណ៧០តោន ត្រូវបាននាំចេញ​ទៅទីផ្សារ​អន្តរជាតិ នាឆមាសទី១

13/07/2023 12:01 pm កំពង់ស្ពឺ

ស្ករត្នោតកំពង់ស្ពឺប្រភេទម្សៅ ប្រមាណ៧០តោន ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ និងស្ករប្រភេទសាច់ ប្រមាណ៣០​តោនត្រូវបានផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក ​គិតចាប់ពីខែធ្នូ ឆ្នាំ២០២២ ​ដល់ខែឧសភា ឆ្នាំ២០២៣។ នេះបើតាមលោក វី វាសនា ជំនួយការសហគមន៍ស្ករត្នោតកំពង់ស្ពឺ បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះ។


 
លោក វី វាសនា បានបញ្ជាក់ថា ទិសដៅនៃការនាំចេញ ស្ករប្រភេទម្សៅ ៧០តោននោះ មាន​ទីផ្សារ​អឺរ៉ុប បារាំង អាល្លឺម៉ង។ ក្រៅពីនេះ ស្ករកំពង់ស្ពឺ ៧តោន ក៏ត្រូវបាននាំចេញ​ទៅ​កាន់​ទីផ្សារចិនជាលើកដំបូងផងដែរ ខណៈការបញ្ជាទិញលើកទី២ ក៏មានបរិមាណ​ប្រហែល​នឹង​លើកទី១ផងដែរ។
 
សមាគមន៍ស្ករត្នោតកំពង់ស្ពឺ​ ​មានពលរដ្ឋជាសមាជិតចំនួន១៥០​គ្រួ​សារ  ដោយពួកគេ​កំពុង​ផលិត​ស្ករ២ប្រភេទ គឺប្រភេទស្ករម៉ាកសម្គាល់ភូមិសាស្រ្ត(GI) ដែលលក់បានថ្លៃ ៧​៣០០ រៀល ក្នុង១គីឡូក្រាម និងប្រភេទស្ករសាច់ដែលមានតម្លៃពី ៦ ៥០០រៀល ដល់ ៧ ០០០​រៀល ក្នុង១គីឡូក្រាម។ នេះបើតាម​ជំនួយការសហគមន៍ស្ករត្នោតកំពង់ស្ពឺ ដោយ​លោក វី វាសនា បន្ថែមទៀតថា សមាគមន៍មិនមែនជាទិញលក់នោះទេ គឺគ្រាន់តែ​គ្រប់គ្រង​បរិមាណ​ស្ករ​សម្រាប់នាំចេញ  និងផ្គត់ផ្គង់ក្នុងស្រុកនោះទេ​ សមាគមន៍ក៏ជាអ្នកចរចា​តម្លៃ​ជាមួយដៃគូ​ចែក​ចាយ​ដែរ។

លោក វី វាសនា បន្ថែម៖ «ទិញដែលចាត់ទុកជាប្រភេទ GI ឬ​ទំនិញ​ម៉ាក​ស្គាល់​ភូមិសាស្រ្ត គឺទំនិញវាពិសេសជាងគេ។ ហើយពិសេសេត្រង់ណា គឺដោយសារ​អាកាស​ធាតុ ការផលិតរបស់កសិករមានអនាម័យល្អ។ មួយទៀត ទំនិញ ដែលមានឈ្មោះ​ថា GI ជាទំនិញដែលគេទទួលច្រើន។ ជាក់ស្ដែងនៅឆ្នាំ២០១៩ សហគមន៍អឺរ៉ុប​ទទួល​ស្គាល់​​ស្ករកំពង់ស្ពឺទាំងមូល»។

លោក វាសនា បានបន្ថែមថា ក្រៅពីនាំចេញទៅ អឺរ៉ុប បារាំង អាល្លឺម៉ង​ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​នៅប្រទេសជប៉ុន និងប៊ុលហ្ការី កំពុងពិចារណា​នាំចូល​ស្ករត្នោតកំពង់ស្ពឺ ​ខណៈ​មាន​ក្រុមហ៊ុននៅក្នុងស្រុក បានបង្ហាញចេតនាចង់នាំចេញស្ករត្នោតកំពង់ស្ពឺ​ទៅ​ទីក្រុង​ឌូបៃផងដែរ៕  
             ​
 

 

ព័ត៌មានទាក់ទង