សត្វសំពោចក្រអូប១គូ នឹងត្រូវបានលែងទៅក្នុងព្រៃឧទ្យានអង្គរ

13/07/2023 9:08 am សៀមរាប

ដោយ៖ លុយ សិរីរក្សា
សៀមរាប៖ អ្នកជំនាញ នឹងលែងសត្វសំពោចក្រអូបញីឈ្មោលមួយគូ ដែលទើបតែយកពីមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ  ទៅទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ។ ការលែងសត្វចូលព្រៃធម្មជាតិនៃឧទ្យានអង្គរ ធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។


 
បើតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា  កន្លងមក អ្នកជំនាញបានទទួលជោគជ័យលើការងារលែងសត្វព្រៃជាច្រើនក្បាលចូលក្នុងព្រៃឧទ្យានអង្គរ ដែលសត្វព្រៃទាំងនោះ មានដូចជា សត្វទោចមកុដ១៥ក្បាល, សត្វឈ្លូស៦ក្បាល, សត្វស្វាព្រាម ១២ក្បាល, សត្វសំពោចក្រអូប៥ក្បាល, សត្វភេខ្លួនរលោង៨ក្បាល, សត្វឆ្មាដាវ ២ក្បាល សត្វកេងកងតូច ៧ក្បាល, សត្វកេងកងធំ៦ក្បាល, សត្វព្វាំង៧ក្បាល, សត្វក្ងោក៩ក្បាល, សត្វអន្សង ១ក្បាល និងសត្វផ្សេងៗមួយចំនួនទៀត។
 
បច្ចុប្បន្ន សត្វទាំងអស់ដែលមានវត្តមាននៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ ក្រោមការតាមដាន និងមើលថែយ៉ាងយកចិត្តទុកដាក់ ពីក្រុមការងារនៅទីនោះ។ អាជ្ញាធរជាតិអប្សរា បញ្ជាក់ដូច្នេះ មុននឹងបន្តការអំពាវនាវរបស់ខ្លួនដល់សាធារណជន ភ្ញៀវទេសចរ និងពលរដ្ឋដែលរស់នៅបរិវេណតំបន់អង្គរ ឱ្យចូលរួមថែរក្សាសត្វព្រៃ ដែលកំពុងមានវត្តមាននៅទីនោះ ដោយបញ្ឈប់ការដាក់អន្ទាក់សត្វគ្រប់ប្រភេទ កុំផ្តល់ចំណីអាហារដល់ពួកវាហើយទុកឱ្យសត្វទាំងនោះរស់នៅបែបធម្មជាតិរបស់វា៕
 

 

ព័ត៌មានទាក់ទង