វិទ្យាល័យមួយនៅកំពត បង្កើតសួនដាំបន្លែដើម្បីបណ្ដុះគំនិតសិស្សឱ្យចេះជំនាញកសិកម្ម

រូបភាពពីហ្វេសប៊ុកផេក វិទ្យាល័យសម្ដេច ហ៊ុន សែន អង្គសុរភី

12/07/2023 4:00 pm កំពត

ស្ថិតក្នុងភូមិអង្គសុរភី ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត វិទ្យាល័យសម្ដេច ហ៊ុន សែន អង្គសុរភី បានបណ្ដុះគំនិតសិស្សថ្នាក់ទី១១-១២ ឱ្យចេះធ្វើកសិកម្មដូចជាដាំបន្លែសុវត្ថិភាព និងធ្វើជីធម្មជាតិជាដើម។ គ្រូបង្រៀននៅវិទ្យាល័យអង្គសុរភីដែលមានជំនាញផ្នែកកសិកម្ម បានបណ្ដុះបណ្ដាលសិស្សឱ្យដាំបន្លែក្នុងផ្ទះសំណាញ់ ស្របតាមបច្ចេកទេសពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម។


 
រយៈពេលជាង៣ខែហើយ ដែលគ្រូបង្រៀននៃវិទ្យាល័យសម្ដេច ហ៊ុន សែន អង្គសុរភី បាននាំសិស្សថ្នាក់ទី១១-១២ ដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ នៅបរិវេណសាលា។ លោក ម៉េង អាន់ នាយកស្ដីទីនៃវិទ្យាល័យអង្គសុរភី អះអាងថា កន្លងមកសាលាបានបញ្ជូនគ្រូបង្រៀន២នាក់ទៅសិក្សាជំនាញកសិកម្ម នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយបន្តបណ្ដុះបណ្ដាលសិស្សក្នុងសាលា។ 

បច្ចុប្បន្នសាលាមានរោងដាំបន្លែសុវត្ថិភាពចំនួន២ សម្រាប់ឱ្យសិស្សអនុវត្តផ្ទាល់នៅរៀងរាល់ថ្ងៃសុក្រ រយៈពេល១ម៉ោង ដែលចាត់ទុកជាមេរៀនកសិកម្ម និងបំណិនជីវិត។ «គ្រូនាំសិស្សដាំបន្លែ ក្នុងម៉ោងកសិកម្ម ក្នុងម៉ោងសិក្សាហ្នឹង។ ដូចថ្នាក់ទី១២អ៊ីចឹង មាន៣៤ម៉ោង មានម៉ោងកសិកម្ម១ម៉ោង ហើយថ្នាក់ទី១១ មាន៣៣ម៉ោង មានម៉ោងកសិកម្ម១ម៉ោងអ៊ីចឹងទៅ។ អ៊ីចឹងជាទូទៅយើងរៀបឱ្យមានម៉ោងកសិកម្ម១ម៉ោងក្នុងមួយសប្ដាហ៍»។ នេះជាការលើកឡើងរបស់លោក ម៉េង អាន់ នាយកស្ដីទីនៃវិទ្យាល័យអង្គសុរភី។


 រូបភាពពីហ្វេសប៊ុកផេក វិទ្យាល័យសម្ដេច ហ៊ុន សែន អង្គសុរភី 

ដំណាក់កាលដំបូងលោកគ្រូ-អ្នកគ្រូ បាននាំសិស្សឱ្យដាំស្ពៃចង្កឹះ និងដាក់លក់បានប្រាក់ប្រមាណជាង៦០ម៉ឺនរៀល និងបន្តទៅដំណាក់កាលទី២ ដោយគ្រោងដាំស្ពៃក្រញ៉ាញ់ម្ដង។ ថវិកាដែលបានពីលក់បន្លែនោះ មួយចំនួនត្រូវផ្ដល់ជូនទៅគ្រូបង្គោល មួយចំនួនទៅសិស្ស និងមួយចំនួនទៀតឱ្យទៅសាលា។ ក្រៅពីការដាំដំណាំ គ្រូបង្គោលក៏បង្រៀនសិស្សពីរបៀបធ្វើជីកំប៉ុស ជីធម្មជាតិ និងបច្ចេកទេសកសិកម្មផ្សេងៗផងដែរ។

លោកនាយកវ័យ៥០ប្លាយរូបនេះ ចាត់ទុកការដាំដំណាំជាកត្តាសំខាន់មួយក្នុងសហគមន៍។ ការបង្កើតសួនដាំបន្លែក្នុងបរិវេណសាលានេះ ក៏ដើម្បីបណ្ដុះគំនិតឱ្យគ្រូ និងសិស្សចេះធ្វើកសិកម្ម, អាចស្វែងយល់ពីកសិកម្ម,ផ្ដ ល់សោភ័ណភាពស្រស់ស្អាតក្នុងសាលា និងចូលរួមថែរក្សាបរិស្ថាន។ ម្យ៉ាងសកម្មភាពធ្វើកសិកម្មរួមគ្នានេះ ក៏បង្ហាញពីសាមគ្គីភាព ទំនាក់ទំនងរវាងគ្រូ និងសិស្ស ដោយផ្ដល់ប្រយោជន៍មួយផ្នែកដល់សាលា។ ក្រៅពីសិស្សកំពុងសិក្សាក្នុងសាលា សិស្សផ្អាកការសិក្សា និងពលរដ្ឋក្នុងសហគមន៍ក៏បានចូលរួមរៀនពីបច្ចេកទេសកសិកម្មនានាពីគ្រូបង្គោលក្នុងសាលាផងដែរ៕


 រូបភាពពីហ្វេសប៊ុកផេក វិទ្យាល័យសម្ដេច ហ៊ុន សែន អង្គសុរភី
 

ព័ត៌មានទាក់ទង