
ទំនិញគេចពន្ធដែលមានទម្ងន់សរុប ៦៩ ៥២០គីឡូក្រាម ឬជិត៧០តោន ត្រូវបានមន្ត្រីជំ នាញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្រ្កាបបាននៅភូមិសាស្ត្រស្រុកទ្រាំង ខេត្តតាកែវ។ បើតាមអគ្គនាយកដ្ឋានគយ ទំនិញទាំងនេះ មានតម្លៃពន្ធនិងអាករ រួមទាំង ពិន័យ បទល្មើសនឹងច្បាប់ស្ដីពីគយ ជាង៤០០លានរៀល ឬប្រមាណ១០ម៉ឺនដុល្លារអាម៉េរិក ។
អង្គភាពគ្រប់គ្រងហានិភ័យ និងសវនកម្មគយ សហការជាមួយក្រុមអន្តរាគមន៍ ចុះបង្ក្រាបរថយន្តបានចំនួន១១គ្រឿង ដែលលួចដឹកទំនិញគេចពន្ធទាំងនោះបាន នាយប់ថ្ងៃទី១កក្កដា ឆ្នាំ២០២៣។ អគ្គនាយកដ្ឋានគយ បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះ គឺមានការប្រឈមខ្លាំងដោយមានជនប្រដាប់អាវុធមួយក្រុមប្រើប្រាស់រថយន្ដចំនួន៣គ្រឿង មករារាំង និងបានផ្ទុះអាវុធចំនួន៥គ្រាប់ សំដៅលើសមត្ថកិច្ចគយ ដើម្បីរំដោះរថយន្ដ១គ្រឿងដឹកទំនិញគេចពន្ធ (អាចជាសាច់បង្កក)ពីសមត្ថកិច្ចគយ។
ប៉ុន្តែ ក្រោយមន្ត្រីគយបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ចខេត្តតាកែវ ព្រមទាំងមានការយកចិត្តទុកដាក់ពីលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជនប្រដាប់អាវុធទាំងនោះក៏ត្រូវបានតុលាការខេត្តតាកែវចាប់ឃុំខ្លួន និងកំពុងចាត់ការបន្ដតាមនីតិវិធីច្បាប់ជាធរមាន។
បច្ចុប្បន្ន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កំពុងអនុវត្តយ៉ាងសកម្មនូវវិធានការបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធរបស់រដ្ឋាភិបាល។ កិច្ចការនេះ មានសារសំខាន់ សំដៅបង្កើនបរិយាកាសឱ្យមានការប្រកួតប្រជែងដោយស្មើភាព ក្នុងអាជីវកម្ម ការកៀរគរចំណូលចូលថវិកាជាតិ និងការពារសង្គម (បង្ក្រាបការរត់ពន្ធគ្រឿងញៀននិងទំនិញខូចគុណភាព...) ជាដើម។
កន្លងមក សម្តេច ហ៊ុន សែន តែងតែណែនាំជារឿយៗ ដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យគាំទ្រដល់សមត្ថកិច្ចគយ និងពន្ធដារ ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដើម្បីកៀរគរចំណូលថវិកាជាតិ៕
-
ដោយ៖ អ៊ូ សុខមាន
-
© រក្សាសិទ្ធិដោយ thmeythmey25.com

