អង្គការអុកស្វាម និងស្ថាប័នពាក់ព័ន្ធ ពិភាក្សាគ្នារកវិធីជំរុញនិរន្តរភាព SMEs នៅកម្ពុជា

/>ភ្នំពេញ៖ អង្គការអុកស្វាម និងដៃគូសហការ បានរៀបចំវេទិកាធុរកិច្ច ក្រោមប្រធានបទ «រួម គ្នាដើម្បីភាពរីកចម្រើនរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា» ដើម្បីចែករំលែកពីការធ្វើអាជីវកម្ម ពិសោធន៍ល្អៗ និងបញ្ហាប្រឈម ដោយផ្អែកលើទស្សនទានមកពីវិស័យឯកជន សាធារណៈ និងគ្រឹះស្ថានហិរញ្ញវត្ថុ។ វេទិកាដែលរៀបចំនៅថ្ងៃទី៦ កក្កដានេះ ក៏មានគោលដៅពិភាក្សា រកដំណោះស្រាយដែលនឹងលើកកម្ពស់ និងជំរុញឱ្យ SMEs នៅកម្ពុជាធ្វើអាជីវកម្មប្រកបដោយទំនួលខុសត្រូវ បរិយា ប័ន្ន និងមាននិរន្តរភាពដែរ។

អ្នកស្រី ភាព សោភ័ណ នាយិកាអង្គការអុកស្វាម បានលើកឡើងថា វេទិកានេះ ជាវេទិកាទំ នួលខុសត្រូវសង្គម (CSR) ២.០ នៅកម្ពុជា ដែលបង្កើតឡើងដោយក្រុមអង្គការ សង្គម ស៊ី វិលសំខាន់ៗ រួមមានអង្គការ ActionAid, DPA, NGO Forum និងអង្គការ Oxfam។ ការ អនុវត្តធុរកិច្ចនេះ មិនត្រឹមតែជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ តែវាដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ។
អ្នកស្រី ភាព សោភ័ណ បញ្ជាក់ថា៖«អង្គការអុកស្វាមមានជំនឿយ៉ាងមុតមាំថា តាមរយៈ កិច្ចសហការរវាងភាពជាដៃគូ រវាងរដ្ឋ ឯកជន ជាមួយអង្គការមិនមែនរដ្ឋាភិបាល ពិតជា អាចរួមចំណែកពង្រឹង និងទាញយកប្រយោជន៍ពីធនធានដែលត្រូវការចាំបាច់ ដើម្បីភាព រុងរឿង សមភាពសម្រាប់កម្ពុជា និងតំបន់អាស៊ានទាំងមូល។»។

សហគ្រាសធុនមីក្រូ តូច និងមធ្យម ពិតជាមានតួនាទីសំខាន់ណាស់នៅក្នុងផ្នែកនេះ ប៉ុន្តែ ដើម្បីពង្រីក និងអនុវត្តកិច្ចការទាំងនេះបាន ពួកគេចាំបាច់ត្រូវការកិច្ចគាំទ្រជាប្រាកដ ដើម្បី អាចដំណើរការទៅបានប្រកបដោយទំនួលខុសត្រូវ បរិយាប័ន្ន និងធានាបាននូវនិរន្តភាព។ អ្នកស្រីបន្តថា តាមរយៈកម្មវិធីសេដ្ឋកិច្ចបៃតង និងបរិយាប័ន្ន អង្គការអុកស្វាម កំពុង សហការជាមួយតួអង្គមកពីវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីលើកកម្ពស់គំរូ ធុរកិច្ចប្រកបដោយបរិយាប័ន្ន។
លោក ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) បានរៀបរាប់ថា YEAC បានបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនវ័យក្មេង ដើម្បីពង្រឹងសមត្ថភាពធុរកិច្ច ជាពិសេសការកសាងសមត្ថភាពសមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា។ ការអភិវឌ្ឍ ខ្លួននេះ សម្រាប់ត្រៀមលក្ខណៈជាស្រេចក្នុងការ ជាមួយធុរកិច្ចនៅក្នុងតំបន់អាស៊ាន និងឆាកអន្តរជាតិជាច្រើន។ សហគ្រិនទាំងអស់ ត្រូវត្រៀមខ្លួនសម្រាប់ធ្វើជាដៃគូវិនិយោគជាមួយក្រុមហ៊ុនក្នុងនិងក្រៅប្រទេស នាពេលខាងមុខ។
«សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានទស្សនវិស័យចង់ឃើញ សហគ្រិន ពាណិជ្ជករកម្ពុជាទាំងអស់ ប្រកបអាជីវកម្ម ដោយបច្ចេកវិទ្យានវានុវត្តន៍ បរិយាប័ន្ន និងមានស្ថិរភាពល្អ ដើម្បីចូលរួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍប្រទេសជាតិ។»។ នេះជាការលើកឡើងរបស់លោក ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងវេទិកាធុរកិច្ច។
លោក ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC)
លោក បន្តថា សហគ្រាសធុនតូច និងមធ្យម តំណាងឱ្យអាជីវកម្មដែលបានចុះបញ្ជីត្រឹមត្រូវនៅកម្ពុជាប្រមាណ ៩៩ភាគរយ ដោយបានផ្តល់ការងារដល់កម្មករប្រមាណ ៧០ភាគរយ។ សហគ្រាសធុនតូច និងមធ្យម បានបង្កើតឱកាសការងារ និងមានមុខរបរ រកស៊ីចម្រុះនៅក្នុងច្រើនវិស័យ ជួយដល់កម្មករតាមទម្រង់ផ្សេងៗគ្នា ផ្តើមពីកម្មករដែលមានជំនាញទាប និងឱកាសអភិវឌ្ឍន៍ជំនាញទាំងនោះជាបន្តបន្ទាប់ផងដែរ។
លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ បានឡើងថ្លែងលើវេទិកាថា សហគ្រាសធុនតូច និងមធ្យម តំណាងឱ្យ៩៩ភាគរយ នៃធុរកិច្ចទូទាំងប្រទេស បានបង្កើតការងារ ៧០ភាគ នៃកម្លាំងពលកម្មសរុប ដោយចូលរួមចំណែក ៥៨ភាគរយ ដល់ ផលិតផលក្នុងស្រុកសរុប។ តួលេខនេះ បានបង្ហាញយ៉ាងច្បាស់ នូវសារសំខាន់នៃសហគ្រាសធុនតូច និងមធ្យម ដល់សង្គមសេដ្ឋកិច្ចកម្ពុជា ដែលនេះជាកត្តាចាំបាច់ដែលយើងទាំងអស់ គួរចូលរួមក្នុងការធ្វើយ៉ាងណាជំរុញឱ្យសហគ្រាសធុនតូច និងមធ្យម ចាប់យក នូវគោលការណ៍និរន្តរភាព និងបរិយាប័ន្ន។
រដ្ឋលេខាធិការរូបនេះ បន្តថា៖ «អាជីវកម្មបរិយាប័ន្ន ផ្តល់ភាព "ឈ្នះ ឈ្នះ ឈ្នះ” ដល់ ប្រជាជនតាមរយៈការកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាព។ សហគ្រាសឯកជន ទទួលបានផលចំណេញពីអាជីវកម្ម និងដល់សង្គមជាតិ ដោយជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងសង្គម។ ជាក់ស្តែង សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអង្គការអុកស្វាមប្រចាំនៅកម្ពុជា គឺជាដៃគូដ៏សំខាន់ ដែលតែងចូលរួមដល់ការលើកកម្ពស់អាជីវកម្មបរិយាប័ន្ននៅកម្ពុជា។»
លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍
លោក ហេង សុខគង់ បន្ថែមថា ចាប់តាំងពីឆ្នាំ២០១៩មក ក្រសួងឧស្សាហកម្ម វិទ្យាសា ស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបន្តជំរុញគំនិតផ្តួចផ្តើមនេះ ឱ្យចេញជារូបរាង ដូចជាលើការងារគោលនយោបាយ ប្រព័ន្ធវាយតម្លៃយន្តការជំរុញឱ្យក្លាយជាអាជីវកម្មបរិយាប័ន្នជាដើម។ ជាងនេះទៅទៀត ក្នុងនាមជាប្រធានអាស៊ានកាលពីឆ្នាំ២០២២ និងជាប្រទេសម្ចាស់ផ្ទះ កម្ពុជាបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ លើការរៀបចំកិច្ចប្រជុំ កំពូលអាជីវកម្មបរិយាប័ន្នអាស៊ានលើកទី៥ និងកម្មវិធីពានរង្វាន់អាជីវកម្មបរិយាប័ន្នអាស៊ានឆ្នាំ២០២២ នៅខេត្តសៀមរាប៕
-
ដោយ៖ ហេង ស្រីលីន
-
© រក្សាសិទ្ធិដោយ thmeythmey25.com

