
ភ្នំពេញ៖ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទេសចរសរុបចំនួន ១១,១ លាននាក់ ក្នុងនោះ ទេសចរអន្តរជាតិមានប្រមាណ ២,៥៧នាក់។ ចំនួនទេសចរអន្តរជាតិ ដែលកម្ពុជាទទួលបាននេះ បានកើនឡើង ៤០៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
គិតចាប់ខែមករា ដល់ខែមិថុនាឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២ ៥៧៩ ៨៧១នាក់ ក្នុងចំណោមភ្ញៀវទេសចរសរុបចំនួន ១១,១លាននាក់។ ដោយឡែក ទេសចរអន្តរជាតិ ដែលធ្វើដំណើរតាមផ្លូវអាកាសមានប្រមាណ ៩១ម៉ឺននាក់ កើនឡើង ២៧៩ភាគរយ។
រីឯ ទេសចរធ្វើដំណើរយាមផ្លូវគោកមានប្រមាណ ១,៦៣លាននាក់ កើនឡើង ៥២៦ភាគរយ និងភ្ញៀវបរទេស មកតាមផ្លូវទឹកមានប្រមាណ ៣ម៉ឺននាក់ កើនឡើង ៥៨៦ភាគរយ។ ជាមួយគ្នានេះ ជើងហោះហើរអន្តរជាតិ ដែលធ្វើដំណើរចូលកម្ពុជាមានចំនួន ១០, ៦៣៥ជើង ដោយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៧,៩៥៣ជើង ឯអាកាសយានដ្ឋានអន្តរជាតិសៀមរាបមានចំនួន ២,៤២៧ជើង និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (តាមច្រកកងកេង)មានចំនួន ២៥៥ជើង។
សម្រាប់ភ្ញៀវទេសចរ ដែលមកលេងកម្ពុជាច្រើនជាងគេ គឺពីប្រទេសថៃ វៀតណាម ចិន ឡាវ សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី បារាំង ចក្រភពអង់គ្លេស ម៉ាឡេស៊ី និងប្រទេសអូស្រ្ដាលី។ យ៉ាងណាមិញ កម្ពុជាបានរំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៤,៥លាននាក់ និងទេសចរផ្ទៃក្នុងជាង ១៦លាននាក់ និងទាក់ទាញទេសចរបរទេសមកកម្សាន្តនៅកម្ពុជាឱ្យបាន ៧លាននាក់ ក្នុងឆ្នាំ២០២៦ផងដែរ៕
-
ដោយ៖ ហេង ស្រីលីន
-
© រក្សាសិទ្ធិដោយ thmeythmey25.com

