
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ថ្លែងសន្ទរកថា ក្នុងសិក្ខាសាលាផ្សព្វផ្សាយពី«គោលការណ៍ណែនាំស្ដីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា» នៅថ្ងៃទី ៦ ខែកក្កដា។
ភ្នំពេញ៖ គោលការណ៍ណែនាំស្ដីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ។ ការប្រើប្រាស់គោលការណ៍នេះ ដើម្បីធានាកុមារកម្ពុជាគ្រប់រូបទទួលបានសុវត្ថិភាពពេលប្រើប្រាស់ប្រព័ន្ធអនឡាញ។
ក្នុងឆ្នាំ២០២២ រូបភាពរំលោភបំពានផ្លូវភេទកុមារ ដែលបានបង្ហោះចេញពីកម្ពុជាមានចំនួន ប្រមាណ ២២ម៉ឺនករណី ដោយចំនួននេះ ធ្លាក់ចុះជាងឆ្នាំ២០២១ ដែលមានប្រមាណជិត៤០ម៉ឺនករណី។ ទោះបីតួលេខនេះធ្លាក់ចុះយ៉ាងណាក្ដី តែចំនួននេះ នៅមានច្រើន និងមានកម្រិតខ្ពស់ជាង ឆ្នាំ២០២០ ដែលមានប្រមាណ១០ម៉ឺនករណី។
ដោយមើលឃើញហានិភ័យ និងគ្រោះថ្នាក់កើតឡើងច្រើននៅលើបណ្ដាញសង្គមចំពោះកុមារ ក្រសួងប្រៃសណីយ៍ បានរៀបចំគោលការណ៍ណែនាំស្ដីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជាអនុវត្តឡើង។ គោលការណ៍នេះ នឹងជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យា ចាប់យកយន្តការបង្ការប្រកបដោយប្រសិទ្ធភាព ដើម្បីធានាថាសេវា និងផលិតផលរបស់ខ្លួនមានសុវត្ថិភាពចំពោះកុមារ។
លោក វីល ផាកស៍ ប្រធានយូនីសេហ្វកម្ពុជា បានមើលឃើញថា កុមារចំណាយពេលលើអនឡាញកាន់តែច្រើនជាងមុន។ ការគំរាមតាមប្រព័ន្ធអនឡាញ និងអំពើហិង្សាក្នុងទម្រង់ផ្សេងៗទៀត បានបង្កផលប៉ះពាល់ដល់កុមារ នៅពេលពួកគេប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ឬប្រើប្រាស់កម្មវិធីផ្ញើសារនានា ហើយបញ្ហាដែលគួរឱ្យបារម្ភបំផុតនោះគឺការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីគោលការណ៍ណែនាំស្ដីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញ ថា គោលការណ៍ណែនាំនេះ ជាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធ ក្នុងការពារកុមារពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទគ្រប់រូបភាពនៅកម្ពុជា។ លោក ជា វ៉ាន់ដេត លើកឡើងដូច្នេះ៖ «កិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល មានគោលបំណងលើកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុននានាក្នុងវិស័យនេះ ចូលរួមទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះគ្រោះថ្នាក់ដែលកំពុងកើតមាន និងគ្រោះថ្នាក់ក្នុងទម្រង់ថ្មីៗ ដែលកើតចេញពីការប្រើប្រាស់បច្ចេកវិទ្យា»។
ជាមួយគ្នានេះ លោក នាង ម៉ៅ អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានលើកឡើងថា កិច្ចអនាគមន៍លើបញ្ហាចំពោះកុមារតាមប្រព័ន្ធអនឡាញ ត្រូវទាមទាឱ្យមានការចូលរួមពីក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ដែលជាម្ចាស់អនុវត្តប្រព័ន្ធ និងអ្នកប្រើឌីជីថលទាំងឡាយ ជាពិសេសអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គម។ លោក នាង ម៉ៅ រំពឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលទាំងអស់ នឹងចូលរួមអនុវត្តគោលការណ៍ណែនាំនេះ ដើម្បីបញ្ឈប់ហានិភ័យគ្រោះថ្នាក់ ដែលអាចកើតមានឡើងតាមប្រព័ន្ធអនឡាយចំពោះកុមារ៕

-
ដោយ៖ អ៊ុត រស្មី
-
© រក្សាសិទ្ធិដោយ thmeythmey25.com

