
រូបភាពពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣នេះ គ្រោះអគ្កិភ័យបានកើតឡើងចំនួន៣៣៧លើក នៅទូទាំងប្រទេស និងបណ្តាលឱ្យមនុស្ស ១៤នាក់ស្លាប់ និង២៧នាក់រងរបួស។ ទិន្នន័យរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បង្ហាញថា រាជធានីភ្នំពេញ កើតគ្រោះអគ្គិភ័យច្រើនជាងខេត្តដទៃ។
ក្នុងចំណោមគ្រោះអគ្គិភ័យ ៣៣៧លើក នៅទូទាំងប្រទេស មានតែរាជធានីភ្នំពេញទេ ដែលកើតឡើងច្រើនជាងគេរហូតដល់៦២លើក ខណៈខេត្តមណ្ឌលគិរី និងខេត្តកែប កើតឡើងតែ១លើកប៉ុណ្ណោះ។ បើតាមទិន្នន័យរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ្រោះអគ្គិភ័យ ៦ខែនេះ បានធ្វើឱ្យខូចខាត និងបាត់បង់ផ្ទះ ៣៧២ខ្នង, តូប ៥៩កន្លែង, ឃ្លាំងទំនិញ និងរោងចក្រ ១៤កន្លែង, សាលារៀន និងអគាររដ្ឋបាល ៧ កន្លែង។
របាយការណ៍ដដែល បង្ហាញថា មនុស្ស ១៤នាក់ បានស្លាប់ និង២៧នាក់រងរបួសធ្ងន់ស្រាល ក្នុងគ្រោះអគ្គិភ័យ។ តួលេខគ្រោះអគ្គិភ័យ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣នេះ មានការកើនឡើងជាងឆ្នាំ២០២២។ ក្នុងឆមាសទី១ ឆ្នាំ២០២២ គ្រោះអគ្គិភ័យ កើតឡើងចំនួន ២៥១លើក និងបណ្ដាលឱ្យមនុស្សស្លាប់ ១១នាក់ប៉ុណ្ណោះ។ នេះបើតាមទិន្នន័យដែលផ្ដល់ដោយលោក សុទ្ធ គឹមកុលមុនី្ន អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕
រូបភាពពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
-
ដោយ៖ ញឹក ស្រីល័ក្ខ
-
© រក្សាសិទ្ធិដោយ thmeythmey25.com

