វិទ្យាល័យរដ្ឋទាំង៣៨នៅភ្នំពេញ នឹងទទួលបានការអប់រំតាមបែបឌីជីថល

05/07/2023 5:06 pm ភ្នំពេញ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា រៀបចំយុទ្ធនាការអប់រំបែបឌីជីថល សម្រាប់សិស្ស នៅគ្រឹះស្ថានសិក្សានៃវិទ្យាល័យរដ្ឋចំនួន៣៨កន្លែង នៅក្នុងខែកក្កដានេះ។ យុទ្ធនាការនេះ សម្រាប់សិស្សថ្នាក់ទី១០ - ១២ ដោយផ្ដោតលើប្រធានបទសំខាន់ៗចំនួន៦។



ប្រធានបទទាំងនោះ រួមមាន ការស្វែងយល់ពីវិធីសាស្រ្តបង្រៀន, ការរៀនដោយស៊ីជម្រៅ, ការរៀនតាមបែបពន្លឿន, ការបង្កើតក្លិបសិក្សាសម្រាប់សិស្សរៀនយឺត, ការបំប៉នសមត្ថភាពដល់សិស្សក្នុងការត្រៀមចូលថ្នាក់វិទ្យាល័យ, និងការប្រើប្រាស់កម្មវិធីទូរសព្ទដៃ DuraSeksa ទុរសិក្សា ដែលមានការអនុវត្តដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំបែបឌីជីថល នៃវិទ្យាស្ថានជាតិអប់រំ។

ក្នុងនោះ ការស្វែងយល់ពីវិធីសាស្រ្តបង្រៀន មានន័យថា សិស្សម្នាក់ៗអាចស្វែងរកឃើញពីវិធីសាស្រ្តរៀន ដែលសមស្រប ទៅតាមមេរៀន និងមុខវិជ្ជានីមួយៗ តាមលក្ខណៈរបស់ខ្លួន។ ដោយឡែកការរៀនតាមបែបស៊ីជម្រៅដោយប្រើធនធានសិក្សាចម្រុះ ដែលសិស្សម្នាក់ៗអាចចេះប្រើប្រាស់ធនធានសិក្សាសមស្រប ដើម្បីរៀនជាលក្ខណៈស្វ័យសិក្សាមុនពេលរៀនក្នុងថ្នាក់ និងការរៀនតាមបែបសហការដោះស្រាយលំហាត់ បន្ទាប់ពីការរៀនក្នុងថ្នាក់រួច ក៏ដូចជាហ្វឹកហាត់បន្ថែមនូវកិច្ចការងារផ្ទះ។ នេះបើតាមក្រសួងអប់រំ។
 
ជាមួយគ្នានេះ ក្រសួងអប់រំ បានពន្យល់បន្ថែមថា ការរៀនតាមបែបពន្លឿន នឹងផ្តល់ភាពងាយស្រួល សម្រាប់សិស្សរៀនយឺត ឬមិនសូវយល់ច្បាស់លើមេរៀន ឬខកខានពុំបានចូលរៀន ។ សិស្សរៀនយឺតទាំងនោះ ត្រូវចូលរៀនជាមួយធនធានសិក្សា សម្រាប់ការស្វែងយល់ពិស្តារ លើមេរៀននីមួយៗ។  រី​ឯការបង្កើតក្លិបសិក្សាសម្រាប់សិស្សរៀនយឺត ឬ ក្លិបសិក្សាមុខវិជ្ជា គឺមានសិស្សពូកែជួយបង្រៀនសិស្ស ដែលរៀនយឺត ។ 
 
ចំពោះការបំប៉នសមត្ថភាពដល់សិស្សក្នុងការត្រៀមចូលថ្នាក់វិទ្យាល័យវិញ សិស្សនឹងទទួលបានពីគន្លឹះនៃការពន្យល់សំខាន់ៗក្នុងការត្រៀមខ្លួនប្រឡង និងការណែនាំពីធនធានសិក្សាសំខាន់ៗ ដើម្បីបំប៉ន និងលើកកម្ពស់សមត្ថភាពសិស្សតែម្តង។ 
 
ចំណែកឯ ការប្រើប្រាស់កម្មវិធីទូរសព្ទដៃ DuraSeksa ទុរសិក្សា ពោលគឺសិស្សអាចទទួលបានធនធានសិក្សាពេញលេញ (គ្រប់មេរៀន, គ្រប់មុខវិជ្ជា , គ្រប់កម្រិតថ្នាក់) និងចម្រុះ ដែលមានទាំងវីដេអូ សន្លឹកកិច្ចការ សៀវភៅមេរៀនសង្ខេប និងសៀវភៅលំហាត់អនុវត្តន៍  ដ៏សម្បូរបែបអមដោយសំណួរ និងចម្លើយ សម្រាប់ធ្វើតេស្តសមត្ថភាពខ្លួនឯងផងដែរ។ នេះបើតាមក្រសួងអប់រំ។
 
យុទ្ធនាការនេះនឹងចាប់ផ្តើមអនុវត្តន៍នៅតាមគ្រឹះស្ថានសិក្សាវិទ្យាល័យរដ្ឋចំនួន៣៨  នៅក្នុងរាជធានីភ្នំពេញ។ ក្នុងនោះមានសិស្សានុសិស្សចំនួន ៤ម៉ឺននាក់ ដែលកំពុងសិក្សានូវកម្រិតមធ្យមសិក្សាទុតិយភូមិ នឹងទទួលបានការបណ្តុះបណ្តាលពីគរុនិស្សិតស្ម័គ្រចិត្ត ចំនួន ៣៦៧នាក់ និងចុះផ្ទាល់ទៅកាន់ថ្នាក់រៀនជិត១ពាន់បន្ទប់។ 
 
ជាមួយគ្នានេះ សិស្សានុសិស្សទាំងអស់ ក៏ដូចជាគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន គ្រូបង្រៀន មាតាបិតាសិស្សអាចចូលទៅកាន់ធនធានសិក្សាឌីជីថល ដែលផលិតដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា៕ 

ព័ត៌មានទាក់ទង