
កំពង់ស្ពឺ,កោះកុង៖ វាលស្មៅបៃតង, ធាតុអាកាសល្អ, ជួរភ្នំ ជាអ្វីដែលតំបន់ទេសចរណ៍«ខ្នងផ្សារ»មាន និងជាទស្សនីយភាពដែលទាក់ចិត្តទេសចរ មកកាន់ទីនេះ។ នៅទីនេះទេសចរ អាចបោះតង់ និងឡើងភ្នំមើលថ្ងៃរះ។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ រវាងលោក ស៊ុល រ៉វី នឹងអ្នកទេសចរមកកាន់ទីទេសចរណ៍ «ខ្នងផ្សារ»នេះដូចតទៅ៖
«ខ្នងផ្សារ» ជាតំបន់ទេសចរណ៍បែបផ្សងព្រេង ដែលភ្ញៀវទេសចរត្រូវធ្វើដំណើរថ្មើរជើង ស្ថិតព្រំប្រទល់រវាងខេត្តកំពង់ស្ពឺ និងកោះកុង។ «ខ្នងផ្សារ» សម្បូរទៅដោយព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ និងវាលដើមស្រល់ខៀវស្រងាត់នៅខែវស្សា។ ការណ៍នេះ បានធ្វើឱ្យទីនេះ ក្លាយជាទីទេសចរណ៍សក្ដានុពលមួយ ទាកទាញទេសចរពីទីជិតឆ្ងាយ ពិសេសអ្នកទេសចរពីរាជធានី ភ្នំពេញ។
អ្នកស្រី ឡេង លក្ខិណា ជាទេសចរមួយរូប មកពីរាជធានីភ្នំពេញ ដែលបានមកលេងខ្នងផ្សារនេះជាលើកទី៣។ វាលស្មៅខៀវស្រងាត់ អាកាសធាតុត្រជាក់ និងធម្មជាតិនៅខ្នងផ្សារដែលគយគន់មិនជិនណាយ ជាចំណុចទាក់ទាញចិត្តខ្លួនឱ្យបន្តមកកម្សាន្តនៅទីនេះម្តងហើយ ម្តងទៀត។
លោក ចាន់ តារា ជាទេសចរម្នាក់ទៀត មកពីរាជធានីភ្នំពេញ។ លោក តារា មកលេង«ខ្នងផ្សារ»លើកទី១ ជាមួយក្រុមការងារខ្លួន ព្រោះលោកចង់ឃើញផ្ទាល់ភ្នែក វាលស្មៅដែលគ្របដណ្ដប់ភ្នំ និងស្រូបយកអាកាសធាតុត្រជាក់នៅរដូវវស្សា ព្រមទាំងគយគន់ទេសភាពធម្មជាតិដែលមាននៅទីនេះ។ ដ្បិតដំណើរមកខ្នងផ្សារលើកដំបូង មានភាពលំបាក និងនឿយហត់ក៏ពិតមែន ប៉ុន្តែទេសភាពដ៏ស្រស់បំព្រង បានធ្វើឱ្យភាពតានតឹងនៅក្នុងអារម្មណ៍របស់ទេសចរមកពីភ្នំពេញរូបនេះ រលាយបាត់អស់ ប្រៀបដូចនឹងផ្សែងអ័ព្ទដែលរលត់បាត់ស្រមោលក្រោមអំណាចកម្តៅព្រះអាទិត្យដូច្នេះដែរ។
អ្នកទេសចរមួយរូបទៀតមកពីភ្នំពេញ កញ្ញា ហេង អេនណា ក៏បានអួតសរសើរមិនដាច់ពីមាត់ ពីភាពស្រស់ស្អាតរបស់តំបន់ទេសចរណ៍ ខ្នងផ្សារ ប្រាប់សារព័ត៌មានថ្មីៗដែរ នៅក្នុងដំណើរទេសចរណ៍ឡើងភ្នំលើកដំបូងរបស់ខ្លួន។ សម្រាប់ អេនណា «ខ្នងផ្សារ» បានក្លាយជាកម្លាំងជំរុញចិត្ត ឱ្យនាងបន្តដំណើរកម្សាន្តតាមភ្នំ ឬផ្សងព្រេងបែបនេះ ទៅកាន់កន្លែងដទៃទៀត៕
-
ដោយ៖ ស៊ុល រ៉វី
-
© រក្សាសិទ្ធិដោយ thmeythmey25.com

