
ក្រុមហ៊ុនចម្ការចេកមួយនៅខេត្តរតគិរី (រូបភាពតំណាង)។ រូបភាព៖ រដ្ឋបាលខេត្តរតនគិរី
ភ្នំពេញ៖ កម្មករខ្មែរចំនួន១០នាក់ បានស្លាប់ជាបន្តបន្ទាប់នៅចម្ការចេករបស់វៀតណាមមួយកន្លែង ស្ថិតក្នុងភូមិសាស្រ្តស្រុកកូនមុំ ខេត្តរតនគិរី។ ករណីស្លាប់នេះ ត្រូវបានសង្ស័យថា បណ្ដាលមកពីពុលចំណី ឬថ្នាំបាញ់ដំណាំ។
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានបញ្ជាក់ប្រាប់សារព័ត៌មាន Thmey Thmey នាព្រឹកថ្ងៃទី៣០ខែមិថុនានេះ ថា មនុស្ស១០នាក់ដែលបានស្លាប់នេះ គឺជាកម្មកររបស់ក្រុមហ៊ុនចម្ការចេកវៀតណាមមួយ។ ក្នុងចំណោមមនុស្សទាំង១០នាក់ មានស្រ្តីម្នាក់ ដែលភាគច្រើនពួកគេមានវ័យខ្ទង់២០ឆ្នាំ មកពីខេត្តផ្សេងៗគ្នាដូចជា តាកែវ និងស្ទឹងត្រែង ជាដើម។
ករណីនេះបានកើតឡើងកាលពីថ្ងៃទី៦ខែមិថុនា ដោយមានមនុស្សម្នាក់ស្លាប់។ ក្រោយមក នៅថ្ងៃទី១៦ខែដដែល មាន៩នាក់ទៀតបានស្លាប់ជាបន្តបន្ទាប់ ។ ការស្លាប់លឿនបែបនេះ ត្រូវបានក្រសួងសុខាភិបាល វាយតម្លៃបឋមថា អាចបណ្ដាលមកពីការពុលចំណីអាហារ ស្រា ទឹក ឬ ថ្នាំបាញ់ដំណាំ។ មកទល់ពេលនេះ អ្នកជំនាញ បានយកវត្ថុជាប់សង្ស័យទាំងនោះទៅពិនិត្យ ប៉ុន្តែមិនទាន់ចេញលទ្ធផលនៅឡើយ។
លោក ញ៉ែម សំអឿន ប្រាប់ដូច្នេះថា៖« យើងវាយតម្លៃទៅលើការពុលច្រើនជាង។ ពុលហ្នឹងវាអាចជា ចំណីអាហារ ស្រា ទឹកផឹក ហើយថ្នាំបាញ់ផ្សេងៗទៀតហ្នឹង។ អ៊ីចឹង! យើងបានយកវត្ថុធាតុហ្នឹងទៅពិនិត្យនៅមន្ទីរពិសោធន៍ ហើយលទ្ធផលមិនទាន់ចេញទេ យើងកំពុងរង់ចាំ»។
ពាក់ព័ន្ធរឿងនេះ រដ្ឋបាលខេត្តរតនគិរី បានចុះណែនាំដល់ក្រុមហ៊ុន និងកម្មករទាំងអស់ឱ្យចាកចេញពីកន្លែងស្នាក់នៅក្នុងចម្ការបណ្ដោះអាសន្ន ដើម្បីស្រាវជ្រាវរកដើមហេតុនៃការស្លាប់ និងទប់ស្កាត់កុំឱ្យកើតលើអ្នកផ្សេងទៀត។
នេះជាករណីដំបូងដែលកម្មករស្លាប់ក្នុងចម្ការចេករបស់វៀតណាមមួយនេះ។ ថ្វីបើជា វាជាករណីដំបូង ប៉ុន្តែក្រសួងសុខាភិបាល បានចាត់ទុកថាការស្លាប់នេះ បង្កហានិភ័យខ្ពស់ ព្រោះថា អ្នកដែលស្លាប់ភាគច្រើនមានវ័យក្មេង ក្នុងរយៈពេលលឿន៕
-
ដោយ៖ ឈុំ ចន្ថា
-
© រក្សាសិទ្ធិដោយ thmeythmey25.com

