ខឿនរួតបាកាណប្រាសាទអង្គរវត្ត ២ទីតាំងដែលខូចខាត ត្រូវបានជួសជុលឡើងវិញ

30/06/2023 10:24 am ភ្នំពេញ

ភ្នំពេញ៖ ក្រុមអ្នកជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បន្តគម្រោងអភិរក្ស ពង្រឹងថ្មខឿនរួតបាកាណប្រាសាទអង្គរវត្ត ដំណាក់កាលទី៣។ ការបន្ដគម្រោងនេះ ក្នុងទិសដៅពង្រឹងរចនាសម្ព័ន្ធដែលខូចខាត នឹងរៀបថ្មពុំមានសុវត្ថិភាពមកបញ្ចូលកន្លែងដើមឱ្យមានសុវត្ថិភាពឡើងវិញ។



បើតាមការផ្សាយរបស់ អាជ្ញាធរជាតិអប្សរា ការជួសជុលខឿននៅតាមជ្រុងនីមួយៗ ចំនួន២ទីតាំង បច្ចុប្បន្នសម្រេចបាន៤០ភាគរយហើយ។ គម្រោងជួសជុល រួតបាកាណនៃប្រាសាទអង្គរវត្ត នៅជ្រុងអាគ្នេយ៍ត្រូវបានបែងចែកជា៦ផ្នែក ដោយចាប់ផ្តើមជួសជុល នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ ការជួសជុលខឿននៅតាមជ្រុងនីមួយៗ ចំនួន២ទីតាំង បច្ចុប្បន្នសម្រេចបាន៤០ភាគរយហើយ។

លោក ឃាម មុនី អ្នកមើលការខុសត្រូវលើការដ្ឋានជួសជុលរួតបាកាណបានឱ្យដឹងថា ការបាត់ថ្មដោយអន្លើ តម្រូវបន្ថែមថ្មីនៅទីតាំងនីមួយៗ ដើម្បីពង្រឹងរចនាសម្ព័ន្ធខឿន រួមទាំងជណ្តើរឱ្យរឹងមាំឡើងវិញ។ ចំពោះថ្មចាស់ ដែលរកឃើញក៏នឹងយកទៅដាក់នៅតាមទីតាំងដើមវិញ។

គួរបញ្ជាក់ថា ថ្មមួយចំនួនមើលពីខាងក្រៅឃើញសភាពល្អ តែបានពុកផុយផ្នែកខាងក្នុង ដែលជាការស្មុគស្មាញលើការងារជួសជុល។ ដូច្នេះក្រុមការងារ បានជួសជុលដោយរៀបចំថ្មដែលក្រៀកហែក សម្អាតកំណកដី សម្អាតកំណកអាចម៌សត្វដែលនាំឱ្យថ្មពុកផុយ ពង្រឹងថ្មបាយក្រៀមផ្នែកខាងក្នុង និងបិទភ្ជិតកន្លែងមានទឹកហូរច្រោះ៕

ព័ត៌មានទាក់ទង