ភ្នំពេញ៖ រយៈពេល៣ថ្ងៃ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានបណ្ដុះបណ្ដាល សហគមន៍គោលដៅចំនួន៥ ស្ថិតនៅតំបន់ការពារដែនជម្រកសត្វព្រៃលំផាត់ ខេត្តមណ្ឌលគិរី ស្ដីពីការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ។ សិក្ខាកាមចូលរួមសរុប ចំនួន២២នាក់ ស្រី ០២ នាក់ដែលភាគច្រើនគឺជាអ្នកចូលរួមដោយផ្ទាល់ក្នុងការប្រមូលទិន្នន័យជីវៈចម្រុះ ការពារទីជម្រកនិងស្វែងរកសំបុកសត្វព្រៃជិតផុតពូជ។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងទិសដៅ បង្កើនចំណេះដឹងដល់ជនបង្គោលរបស់សហគមន៍ អំពីប្រភេទនៃជីវៈចម្រុះសំខាន់ៗ ទំនាក់ទំនងរវាងបរិស្ថាននិងជីវៈចម្រុះ មូលហេតុសេដ្ឋកិច្ចសំរាប់ការអភិរក្ស គុណតម្លៃនៃទំនាក់ទំនងរវាងមនុស្ស និងវិធីសាស្រ្តមូលដ្ឋានក្នុងការសង្កេតនិងស្រាវជ្រាវជីវៈចម្រុះជាដើម។
ជាមួយគ្នា វគ្គបណ្ដុះបណ្ដាលនេះ បានលើកឡើងនូវមេរៀនចំនួន៣ ដែលផ្តោតលើការស្រាវជ្រាវ អភិរក្សប្រភេទសត្វស្លាបកម្រ និងជិតផុតពូជ ដែលកំពុងមានវត្តមានក្នុងដែនជម្រកសត្វព្រៃលំផាត់ដូចជា សត្វត្រយងយក្ស សត្វត្រយងចង្កំកស និងសត្វក្រៀល។
គួរបញ្ជាក់ថា ក្រោយបញ្ចប់វគ្គនេះ សិក្ខាកាមនឹងត្រូវប្រើវីធីសាស្រ្តដែលបានរៀនដើម្បីរៀបចំសកម្មភាពសិក្សាស្រាវជ្រាវ និងចុះទីវាលដើម្បីសង្កេតតាមដាន សំបុកនិងទំនោរប្រជាសាស្រ្តនៃប្រភេទទាំងបីនេះ៕
-
ដោយ៖ គិត បុប្ផា
-
© រក្សាសិទ្ធិដោយ thmeythmey25.com

