Front ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល។ រូបថត៖ អង្គការអភិរក្សអន្តរជាតិ
កោះកុង៖ លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានប្ដេជ្ញាការពារព្រៃឈើក្នុងតំបន់ជួរភ្នំក្រវាញឱ្យបាន ដើម្បីផ្ដល់ប្រយោជន៍ដល់មនុស្សជាតិ។ ព្រៃនៅជួរភ្នំក្រវាញ ជារបាំងធម្មជាតិដ៏សំខាន់នៅកម្ពុជាដែលវាអាចស្រូបកាបូនបានច្រើនជាងគេនៅតំបន់អាស៊ី និងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ លើសពីនេះ វាក៏ផ្នែកមួយលើកកម្ពស់ជីវភាពពលរដ្ឋមូលដ្ឋានតាមរយៈការរកចំណូលពីអនុផលព្រៃឈើ និងទេសចរណ៍ធម្មជាតិផងដែរ។
នៅក្នុងកម្មវិធី«បញ្ជ្រាបចំណេះដឹង ស្ពីពីការប្រែប្រួលអាកាសធាតុ និងកម្មវិធីរេដបូកជាតិ» នៅខេត្តកោះកុង កាលពីថ្ងៃទី២៧ ខែមិថុនា លោក ជួប ប៉ារីស៍ លើកឡើងថា ព្រៃនៅជួរភ្នំក្រវាញមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ព្រោះថា ព្រៃដ៏ធំមួយនេះមានមុខងារជួយរក្សាទឹក និងទប់ស្កាត់ការហូរច្រោះដី។ ពិសេសវាបានជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងផ្ដល់ចំណូលដល់ជាតិតាមរយៈការលក់កាបូនព្រៃឈើ។ ព្រៃដ៏ធំមួយនេះ ក៏បានផ្ដល់ចំណូលគួរសមផងដែរ ដល់ប្រជាសហគមន៍មូលដ្ឋាន តាមរយៈអនុផលព្រៃឈើ និងទេសចរណ៍ធម្មជាតិ។
ពីមុនកម្ពុជា បានប្រាក់ចំណូលដោយសារការកាប់ឈើ ប៉ុន្តែ ឥឡូវដល់បរិបទដែលកម្ពុជារក្សាព្រៃឈើ ដើម្បីបានចំណូលវិញម្ដង។ នេះជាការអះអាងរបស់លោក ជួប ប៉ារីស៍ ដោយបន្ថែមថា៖«ឥឡូវ យើងរក្សាព្រៃឈើ យើងអភិរក្សព្រៃឈើ យើងបានចំណូលជាងការកាប់ឈើរាប់សិបដង។ បើយើងការពារព្រៃឈើ ឱ្យមានសម្រស់បៃតង ទឹកថ្លាល្អ សត្វព្រៃច្រើន ផ្កាព្រៃអីហ្នឹង សុទ្ធតែទាក់ទាញទេសចរណ៍។ ម្យ៉ាងទៀត វាជួយសេដ្ឋកិច្ចសហគមន៍មូលដ្ឋានឱ្យគាត់មានបាន ព្រោះប្រសិនបើ គាត់ធូរធារហើយ គាត់មិនមកកាប់ព្រៃឈើទេ»។
តាមរយៈការអនុវត្តគម្រោងរេដបូក (REDD+) ដែលដឹកនាំដោយក្រសួងបរិស្ថាន កម្ពុជាជោគជ័យលើការលក់ឥណទានបូនទៅកាន់ទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក ដោយមិនកាប់ព្រៃ។ ថវិកាដែលបានពីការលក់កាបូននេះ ត្រូវបានប្រើប្រាស់សម្រាប់ការអភិរក្សធនធានធម្មជាតិ សហគមន៍ទេសចរណ៍ និងចូលរួមអភិវឌ្ឍន៍សហគមន៍នៅមូលដ្ឋាន តាមរយៈការគាំទ្រជាថវិកាកសាងហេដ្ឋារចនាសម្ពន្ធ័ ផ្លូវ ទឹកស្អាត សូឡា ជាដើម។
រេដបូក ក៏បានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ជារៀងរាល់ឆ្នាំដល់សិស្សក្រីក្រក្នុងតំបន់ការពារធម្មជាតិ ដោយរ៉ាប់រងថ្លៃសិក្សា និងប្រាក់ឧបត្ថមសម្ភារសិក្សា ថ្លៃអាហារ កន្លែងស្នាក់នៅ រួមទាំងថ្លៃទឹក ភ្លើង ការធានារ៉ាប់រងគ្រោះថ្នាក់ និងសុខភាព រយៈ៤ឆ្នាំ ដែលជាផ្នែកមួយចូលរួមកសាងសមត្ថភាពយុវជននៅតំបន់ដាច់ស្រយាល។
បើតាមក្រសួងបរិស្ថាន ក្នុងមួយឆ្នាំកម្ពុជា អាចផលិតកាបូនបានលើ១០លានតោន។ ចាប់តាំងពីឆ្នាំ២០១៦ ដល់២០២០ កម្ពុជាលក់ឥណទានកាបូនបាន១១,៦ លានដុល្លារ ស្ថិតនៅដែនជម្រកសត្វព្រៃសត្វព្រៃតាតៃ ក្នុងខេត្តកោះកុង និងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរីក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត។
រេដបូក គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់ព្រៃឈើ។ កម្មវិធីនេះ ផ្ដោតលើការការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ អនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ បានលើកទឹកចិត្តដល់ប្រទេសសម្បូរព្រៃឈើដូចជាកម្ពុជា ឱ្យខិតខំការពារព្រៃឈើឱ្យបានល្អប្រសើរ ដើម្បីទទួលបានថវិកាពីការលក់ឧស្ម័នកាបូន ទៅកាន់ក្រុមហ៊ុនអន្តរជាតិដែលបានបំពុលបរិស្ថាន។
ជួរភ្នំក្រវ៉ាញ ស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា ដែលគ្របដណ្តប់ដោយធនធានធម្មជាតិដ៏សម្បូណ៌បែប។ តំបន់ព្រៃភ្នំនេះមានទំហំជាង ១,៥លានហិកតា ដែលជាព្រៃទាក់ទាញទឹកភ្លៀងតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍។ តាមរយៈសៀវភៅខ្ញុំចង់ដឹងរបស់អង្គការស៊ីប៉ា ដែលមានចំណងជើងថា «ធនធានធម្មជាតិនៅកម្ពុជា» តំបន់នេះគឺជម្រករបស់ថនិកសត្វ ដែលកំពុងរងការគំរាមកំហែងជាច្រើនប្រភេទដូចជា ដំរីអាស៊ី និងខ្លា ដែលជាសត្វរស់នៅតាមព្រៃល្បោះ វាលស្មៅ និងព្រៃស្រោង ព្រមទាំងសត្វផ្សេងៗទៀត ដែលមិនរស់នៅលើដី៕
-
ដោយ៖ ឈុំ ចន្ថា
-
© រក្សាសិទ្ធិដោយ thmeythmey25.com