អាជ្ញាធរ ចាប់បានសត្វមាន់រស់គ្មានប្រភពច្បាស់លាស់ជិត៥០០ក្បាល

27/06/2023 5:00 pm ភ្នំពេញ

ភ្នំពេញ៖ កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចាប់រថយន្តមួយគ្រឿង ដែលបាននាំចូលសត្វមាន់រស់ចំនួន ៤៨៦ក្បាល គ្មានប្រភពនាំចូលច្បាស់លាស់ ។ សត្វមាន់ទាំងនេះ ត្រូវបានឈ្មួញ ដឹកយកទៅចែកចាយនៅខេត្តព្រះវិហារ។

បើតាមគណនីហ្វេសប៊ុករបស់លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល ការនាំចូលមាន់រស់ទាំងនេះ ពុំមានលិខិតអនុញ្ញាតឡើយ ហើយបច្ចុប្បន្នអាជ្ញាធរ បាននាំយកវត្ថុតាងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ 

ដោយឡែក អនុប្រធាននាយកដ្ឋានសុខភាពសត្វរូបនេះ បញ្ជាក់ដែរថា ក្រុមការងារ បានស្ទាក់ចាប់ម្ចាស់ឡានដឹកនាំចូលមាន់រស់ខុសច្បាប់ នៅភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែមិថុនា ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ បានរឹបអូសសត្វមាន់រស់ចំនួន ៣៧០ក្បាល និងសត្វទន្សាយ ១៥០ក្បាល៕

ព័ត៌មានទាក់ទង