
ភ្នំពេញ៖ ផ្ទះ ត្រូវបានប្រជាជនខ្មែរនិយមសាងសង់ឡើងពី ឈើ ឬឥដ្ឋ ចំណែកផ្ទះខ្លះទៀតក៏មានជា ផ្ទះស្លឹក ផ្ទះស្បូវ ផ្ទះក្បឿង ផ្ទះថ្ម ជាដើម។ បើទោះ ផ្ទះត្រូវសាងសង់ពីវត្ថុផ្សំផ្សេងៗគ្នា ប្រជាជនខ្មែរតែងសង់ផ្ទះនោះឱ្យផុតពីដីជានិច្ច។ តើហេតុអ្វីបានជាពលរដ្ឋខ្មែរ និយមសាងសង់ផ្ទះផុតពីដី? តើការសាងសង់ផ្ទះប្រភេទនេះ មានអត្ថប្រយោជន៍ដូម្តេច?
សូមស្សនាវីដេអូ វេទិកាពិភាក្សាសិល្បៈខ្មែរពីតំបន់អង្គរ ដែល រៀបចំដោយ សារព័ត៌មានឌីជីថលថ្មីៗ និង មជ្ឍមណ្ឌល Blue Art Center នាទីក្រុងសៀមរាប ដូចខាងក្រោម៖
ក្នុងវេទិកាពិភាក្សាសិល្បៈខ្មែរពីតំបន់អង្គរ ស្តីពី ស្ថាបត្យកម្មខ្មែរនាសម័យបច្ចុប្បន្ន ដោយមានវាគ្មិនកិត្តិយសពីររូបគឺ លោក ហុក សុកុល ជាស្ថាបត្យករអភិរក្សផ្ទះបុរាណខ្មែរលើទឹកដីសៀមរាប និងលោក តាំង សុចិត្តវិទូ ជាសាស្ត្រាចារ្យផ្នែក ស្ថាបត្យកម្មនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ វាគ្មិនទាំងពីររូបនេះ បានបកស្រាយពីការសាងសង់ផ្ទះរបស់ប្រជាជនខ្មែរនាសម័យមុន ក្រោមប្រធានបទ ហេតុអ្វីបានជាពលរដ្ឋខ្មែរ មិនសង់ផ្ទះជាប់ដី នាសម័យមុន?
លោក ហុក សុកុល ស្ថាបត្យករអភិរក្សផ្ទះបុរាណនៅខេត្តសៀមរាប ពន្យល់ថា មនុស្សរស់នៅអាស្រ័យលើទឹកនិងដី ដោយការសាងសង់ផ្ទះបែងចែកជាពីរជម្រើសគឺ ធ្វើផ្ទះបណ្តែតទឹក និងធ្វើផ្ទះឱ្យផុតពីដី។ ការសាងសង់ផ្ទះប្រភេទនេះ ដើម្បីការពារទឹកជំនន់ សត្វកាចសាហាវ និងអាចស្រូបយកខ្យល់អាកាសបានល្អ ជាងការសាងសង់ផ្ទះជាប់នឹងដី ដែលមានសភាពដី ហើយសើម។
ស្ថាបត្យកររូបនេះ បញ្ជាក់ដូច្នេះ៖ «ការវិវត្តនៃផ្ទះបុរាណខ្មែរដែលបានបន្សល់ទុកតាំងពីសម័យមុននោះ គឺរាល់ផ្ទះបុរាណខ្មែរត្រូវសាងសង់ឱ្យផុតពីដី ឯផ្ទះដែលសង់ក្បែរកំពង់ទឹកក៏មានផ្ទះបណ្តែតទឹក។ ប៉ុន្តែភាគច្រើន តំបន់សហគមន៍នៅតាមមាត់ទន្លេ គេសង់ផ្ទះមានសសរខ្ពស់ សម្រាប់ការពារទឹក។»
ក្នុងកិច្ចពិភាក្សា ដដែលនោះ លោក តាំង សុចិត្តវិទូ សាស្រ្តាចារ្យផ្នែកស្ថាបត្យកម្មនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានលើកឡើងថា លំនៅដ្ឋាន បានសាងសង់ឡើងដោយឆ្លើយទៅតាមតម្រូវការប្រើប្រាស់ និងបរិស្ថានជុំវិញតាមតំបន់នីមួយៗ។
សាស្រ្តាចារ្យរូបនេះ បន្តថា ៖«ភាគច្រើន សម្ភារៈដែលពលរដ្ឋយកមកធ្វើកសិកម្មមានដូចជា គោក្របី រនាស់ អង្រុតជាដើម ដែលប្រើប្រាស់ប្រចាំថ្ងៃ។ ពេលលិចទឹក ពួកគាត់ពិបាកពេលសង់ផ្ទះផ្ទាល់ដី នាំឱ្យពិបាកជួសជុលរាល់ឆ្នាំ។ អ៊ីចឹង ដំណោះស្រាយ ឆ្លើយទៅនឹងបរិយាកាស សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ការរស់នៅ គឺមានតែសង់ផ្ទះឱ្យផុតពីដី។»
លោក បន្ថែមថា ជាក់ស្តែង តំបន់ទំនាបកណ្តាល ប្រជាជនខ្មែរប្រកបរបរធ្វើស្រែចម្ការ ប្រមូលផលតាមរដូវប្រាំង និងវស្សា។ អំឡុង រដូវវស្សាចូលមកដល់ គឺមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យលិចផ្ទះសម្បែង ចំណែក រដូវប្រាំង អាកាសធាតុក្តៅខ្លាំងពិបាករស់នៅ៕
-
ដោយ៖ ហេង ស្រីលីន
-
© រក្សាសិទ្ធិដោយ thmeythmey25.com

