ប្រើសញី ១ក្បាល នៅតំបន់ភ្នំធន់ក្អែរ ងាប់ដោយសារព្រានព្រៃបាញ់

01/06/2023 11:42 am ភ្នំពេញ


សត្វប្រើសញី ១ក្បាល ត្រូវបានមនុស្សលួចបាញ់ឱ្យងាប់ដោយកាំភ្លើងកែច្នៃ កាលពីថ្ងៃទី២៧ ខែឧសភា ស្ថិតនៅតំបន់សហគមន៍ភ្នំធន់ក្អែរ ក្នុងភូមិព្រែកចំឡាក់ ឃ្មុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។



លោក សុខ មាន អនុគណៈកម្មការសហគមន៍ភ្នំធន់ក្អែរ បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៣១ ខែឧសភានេះថា «ដំបូងឡើយ សត្វប្រើសនោះតែងតែទៅស៊ីស្វាយក្នុងចំការនៅជើងភ្នំធន់ក្អែក តែនៅម៉ោង ៨ព្រឹក ថ្ងៃទី២៧ ខែឧសភា ម្ចាស់ចំការបានឃើញដានជើងទាហាន។ ពេលនោះម្ចាស់ចំការមើលតាមដានជើងទាហានហ្នឹង ក៏ឃើញស្នាមជើងប្រើសត្រូវរបួសរត់ចូលព្រៃវិញ ទើបសន្ឋិដ្ឋានថា ប្រើសនេះ ត្រូវរបួសដោយសារគេបាញ់ពីយប់»។

នៅក្នុងសហគមន៍ភ្នំធន់ក្អែរ មានសត្វរស់នៅជាច្រើនប្រភេទ ក្នុងនោះមានជ្រូកព្រៃបានកូន ១១សម្បុក, ស្វាស្រូវជាង ៤០ក្បាល, ស្វាកន្ទុយសមានជិត ៤០ក្បាល និងប្រើសមានឈ្មោល ៣ក្បាល និងមេចំណាស់ ១ក្បាល។ 
 
បើតាមលោក សុខ មាន កាលពី១០ឆ្នាំមុន មានសត្វប្រើសរស់នៅក្នុងតំបន់ភ្នំធន់ក្អែរប្រមាណជិត ២០ក្បាល តែក្រោយមកដោយសារកត្តាមនុស្សដាក់អន្ទាក់ច្រើនពេក បានធ្វើឱ្យសត្វប្រើសនៅតំបន់នោះ មានការថយចុះយ៉ាងគំហុក។ 
 
កាលពីឆ្នាំ២០១៣ ក្រុមនិស្សិត បានចុះវាស់វែងមានផ្ទៃដី ៥៨ហិកតា សម្រាប់សហគមន៍ភ្នំធន់ក្អែរ។ ក្រោយមកបានចេញប្លង់រឹងនៅសល់ ៥៦ហិកតា ហើយបច្ចុប្បន្ននេះ ដីព្រៃដែល នៅសល់មានចំនួន ២៧ហិកតា។ នេះបើតាមលោក សុខ មាន អនុគណៈកម្មការសហគមន៍ភ្នំធន់ក្អែរ ៕
 

ព័ត៌មានទាក់ទង