លោក យ៉ង់ សាំងកុមារ៖ «៦ខែជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ»

30/05/2023 1:00 pm ភ្នំពេញ

ភ្នំពេញ៖ «ការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ»។ នេះជាការលើកឡើងពីបទពិសោធន៍រយៈពេល ៦ខែរបស់លោក យ៉ង់ សាំងកុមារ ដោយបន្តថា ការងារទាំងនេះ ផ្ដល់ឱកាស និងលទ្ធភាពគ្រប់គ្រាន់ស្របតាមសមត្ថភាព ចំណង់ចំណូលចិត្ត និងទស្សនវិស័យរបស់លោក។



ចាប់តាំងពីថ្ងៃចូលកាន់តំណែង រហូតមកថ្ងៃទី២៩ ឧសភានេះ មានរយៈពេល៦ខែហើយ ដែលលោកបណ្ឌិត យ៉ង់ សាំងកុមារ មកធ្វើការក្នុងវិស័យកសិកម្មជាមួយរដ្ឋាភិបាលកម្ពុជា។ លោក យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម បញ្ជាក់ថា ក្នុងរយៈពេលកន្លងទៅនេះ លោក និងសហការី បានទទួលការផ្ដល់តម្លៃ និងទំនុកចិត្ត លើការងារកសិកម្មសំខាន់ៗ។
 
ក្នុងបេសកកម្មការងារក្នុងវិស័យកសិកម្មកន្លងមក លោក យ៉ង់ សាំងកុមារ មានទំនួលខុសត្រូវលើការកសាងប្រព័ន្ធពូជសុទ្ធ និងការកសាងខ្សែច្រវាក់ផលិតកម្មស្រូវអង្ករ, ការរៀបចំកិច្ចសន្យាកសិកម្មសម្រាប់ដំណាំស្រូវ, ការរៀបចំអ្នកសម្របសម្រួលកសិកម្មចំនួន ១០ឃុំ និងការដឹកនាំតម្រង់ទិសដល់កសិកម្មនៅខេត្តព្រះវិហារ។ 


រូបភាពពីហ្វេសប៊ុក​របស់លោក យ៉ង់ សាំងកុមារ

ក្នុងលិខិតឆ្លុះបញ្ចាំងពីសកម្មភាពការងារ រដ្ឋលេខាធិការរូបនេះ ចាត់ទុកការងារទាំងនេះ ជាទំនួលខុសត្រូវដ៏ធំ។ លោក លើកឡើងបែបនេះ៖«ការទទួលខុសត្រូវដ៏ធំធេងលើការដឹកនាំការងារសំខាន់ៗទាំងនេះ គឺវាលើសពីការរំពឹងទុករបស់ខ្ញុំ។ វាក៏ខុសពីការគិតរបស់អ្នករិះគន់ដែលគិតថា ការចូលរួមជាមួយបក្សប្រជាជនកម្ពុជា គឺគ្រាន់តែដើម្បីលាភសក្ការ និងយសស័ក្តិតែប៉ុណ្ណោះ»។ 

បើតាមលោក យ៉ង់ សាំងកុមារ ឆ្លងកាត់បទពិសោធន៍រយៈពេល ៦ខែនេះ លោក អាចសន្និដ្ឋានថា ការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ។ លើសពីនេះ បានផ្ដល់ឱកាស និងលទ្ធភាពគ្រប់គ្រាន់ស្របតាមសមត្ថភាព ចំណង់ចំណូលចិត្ត និងទស្សនវិស័យរបស់លោក។


លោក យ៉ង់ សាំងកុមារ (រូបភាពខាងស្ដាំដៃ)។ រូបភាពពីហ្វេសប៊ុក​របស់លោក យ៉ង់ សាំងកុមារ

រដ្ឋមន្រ្តីប្រតិភូ និងជារដ្ឋលេខាធិការក្រសួងកសិកម្មរូបនេះ ប្តេជ្ញាបន្តបេសកកម្មជាមួយរដ្ឋាភិបាល និងខិតខំបំពេញការងារល្អ រួមទាំងដឹកនាំមន្រ្តីសម្របសម្រួលកសិកម្មឃុំ ឱ្យក្លាយជាកម្លាំងចលករ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ៕


ព័ត៌មានទាក់ទង