គន្ធបុប្ផា បន្តយុទ្ធការជំនួយ«១ម៉ឺនរៀល ១ម៉ឺននាក់»

30/05/2023 9:49 am ភ្នំពេញ

មូលនិធិគន្ធបុប្ផា បន្តធ្វើយុទ្ធនាការប្រចាំឆ្នាំ ដែលហៅថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដោយប្រើរយៈពេល៣០ថ្ងៃ គឺចាប់ថ្ងៃទី១ ដល់ខែថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីរៃអង្គាសប្រាក់ពីសប្បុរសជនទូទៅ យកទៅជួយដល់ក្មេងៗ ដែលសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង។



តាមរយៈសេចក្តីជូនដំណឹង ដែលចេញនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ មូលនិធិគន្ធបុប្ផា ជម្រាបថា ការធ្វើយុទ្ធនាការខាងលើនេះ ដើម្បីកៀរគរការបរិច្ចាគថវិកាទោះតិចក្តី ច្រើនក្តី ពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ហើយដើម្បីរួមគ្នាផ្តល់ក្តីស្រឡាញ់ដល់កុមារនៅកម្ពុជា។ 

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំរបស់មូលនិធិគន្ធបុប្ផា ហើយកាលពីឆ្នាំ២០២២ យុទ្ធនាការនេះ ទទួលបានប្រាក់ជាង៣០ម៉ឺនដុល្លារពីសប្បុរសជន។ មូលនិធិគន្ធបុប្ផា សង្ឃឹមថា សប្បុរសជន នឹងចូលរួមគាំទ្រយុទ្ធនាការឆ្នាំ២០២៣នេះ កាន់តែច្រើនថែមទៀត។ 
 
មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានបង្កើតឡើង និងដំណើរការតាំងពីឆ្នាំ១៩៩២មក ហើយបានព្យាបាលកុមាររាប់លាននាក់ដោយឥតគិតថ្លៃ។ មូលនិធិគន្ធបុប្ផា បង្ហាញរបាយការណ៍ថា ក្នុង១ឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាអស់ប្រមាណ៤០លានដុល្លារ៕

ព័ត៌មានទាក់ទង