ហេតុអ្វីបានជាចម្លាក់នាគនៅប្រាសាទបាគងនៅជាប់នឹងដីខុសពីប្រាសាទដទៃ?

27/07/2023 3:19 pm សៀមរាប

សៀមរាប៖ ប្រាសាទបាគង ជាប្រាសាទភ្នំ បានលេចរូបរាងឡើងតាំងពីមុនសម័យអង្គរមកម្លេះ។ ចំពោះសំណង់ស្ថាបត្យកម្មប្រាសាទ គឺមិនទាន់មានការវិវត្ត ជារបស់ខ្មែរនោះឡើយ ដោយសារការទទួលឥទ្ធិពលពីឥណ្ឌា។ ជាក់ស្តែង ចម្លាក់នាគ ឬពស់នាគ ដែលនៅផ្ទាល់នឹងដីអមផ្លូវចូលប្រាសាទ គឺមិនទាន់មានលក្ខណៈពេញលេញជា នាគ នោះទេ។ បើតាម លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា «ពស់នាគ» គឺជាកំណើតដំបូងនៅក្នុងស្ថាបត្យកម្មរបស់ខ្មែរ មួយវិញចម្លាក់នេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីការទទួលឥទ្ធពលពីឥណ្ឌា។


ជាធម្មតាដូចជានៅប្រាសាទអង្គរវត្ត ឬនៅប្រាសាទបាយ័នជាដើម សត្វនាគតែងតែត្រូវបានគេសាងសង់ឡើងនៅលើខឿន ឬបង្កាន់ដៃ។ ចុះហេតុអ្វីបានជានៅប្រាសាទបាគងក្នុងខេត្តសៀមរាបដូចគ្នានេះ សត្វនាគត្រូវបានបុព្វបុរសឆ្លាក់នៅជាប់ដីទៅវិញ?
 
ក្នុងចំណោមនាគ ដែលគេយកប្រើក្នុងស្ថាបត្យកម្មខ្មែរ មាន២ប្រភេទ ដូចជានាគដែលមានជើងទម្រអមនៅតាមផ្លូវដើរ។ បើទោះខ្មែរយកទំនៀមពីឥណ្ឌា តែចម្លាក់នាគនេះ គឺមានលក្ខណៈខុសគ្នាពីរចនាបថឥណ្ឌា ដើម្បីកែប្រែនាគនេះឱ្យមកជារចនាបថរបស់ខ្មែរ។ ជាក់ស្តែងមានប្រាសាទចំនួន៣ ដែលបានបង្ហាញនាគលូននៅលើដី មានដូចជាប្រាសាទបាគង ប្រាសាទកោះកេរ្ត៍ និងប្រាសាទព្រះវិហារ។ 
 
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា លើកឡើងថា ទម្រង់នាគនៅនឹងដីផ្ទាល់នេះ មិនអាចសម្គាល់ថាជានាគ ឬពស់ដាច់នោះទេ ព្រោះស្ថិតក្នុងការវិវត្តនៃស្ថាបត្យកម្ម ដោយគេច្រើនហៅថា «ពស់នាគ»។ ពស់នាគ គឺជាកំណើតដំបូងនៅក្នុងស្ថាបត្យកម្មរបស់ខ្មែរ មួយវិញចម្លាក់នេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីការទទួលឥទ្ធពលពីឥណ្ឌា។
 
«នៅលើស្ពានឆ្លងទៅប្រាសាទបាគង ទាំងទិសលិច ទិសខាងកើត បុព្វបុរសខ្មែរបានសាងសង «ពស់នាគ» អមសង់ខាងស្ពាន។ ចំពោះ នាគដែលនៅលើជើងទម្រ បានវិវិត្តទៅជានាគពេញលេញ ចំណែកចម្លាក់នាគ នៅផ្ទាល់នឹងដីហៅថា «ពស់នាគ»។» នេះជាការបញ្ជាក់របស់ បុរាណវិទូ រូបនេះ។
 
លោក សុខរិទ្ធី បន្ថែមថា ចម្លាក់នាគនៅប្រាសាទបាគង មានក្បាល៦ ឬ៧ តែមានស្រកា និងទម្រង់ដូចជាសត្វពស់ ដោយបន្ថែមរចនាបថរបស់ខ្មែរយ៉ាងរស់រវើក។ សម្រាប់ ចម្លាក់ពស់នាគ ដែលមានរូបរាងដូចជានាគនេះ ក៏ជាភស្តុតាងមួយ ដោយបង្ហាញយ៉ាងច្បាស់ពីការចម្លងរចនាបថសត្វនាគពីឥណ្ឌា ហើយបានវិវិត្តខ្លួន បន្តិចម្តងឱ្យទៅជានាគក្នុងរចនាបថរបស់ខ្មែរ។
 
សូមបញ្ជាក់ថា ប្រាសាទបាគង បានចាត់ទុកជាប្រាសាទទី១នៃការចាប់ផ្ដើមកសាងប្រាសាទភ្នំធំៗនៅសម័យអង្គរ។ ប្រាសាទនេះមានខឿនចំនួន៥ថ្នាក់ និងមានតួប៉មតូចៗសង់បន្តុបនៅខឿនជាន់ទី៤ ព្រមទាំងតួប៉មរណបដែលសង់ជុំវិញនៅផ្នែកខាងក្រោម។ តួប៉មរណបទាំងនេះ ខ្លះជាសំណង់អំពីឥដ្ឋ ខ្លះទៀតអំពីថ្មភក់លាយថ្មបាយក្រៀម៕
 
ដើម្បីជ្រាបច្បាស់អំពីហេតុផលមួយចំនួននៅពីខាងក្រោយរឿងនេះ លោក គី សុខលីម អ្នកសារព័ត៌មានជាន់ខ្ពស់នៃសារព័ត៌មានឌីជីថលថ្មីៗបានជួបលោកបុរាណវិទូ អ៊ឹម សុខរិទ្ធី នៃអាជ្ញាធរជាតិអប្សារានៅឯប្រាសាទបាគង។

 

ព័ត៌មានទាក់ទង