UNIDO ជ្រើសរើសម្ចាស់សហគ្រាស បណ្តុះបណ្តាលលើការផលិត និងកែច្នៃចំណីអាហារមានគុណភាព ដោយឥតគិតថ្លៃ

28/05/2023 5:06 pm ភ្នំពេញ

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម  អង្គការ UNIDO និងគម្រោងការពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាសជាតិ (ICONE) កំពុងជ្រើសរើសសិក្ខាកាម ចូលរួមវគ្គបណ្ដុះបណ្ដាលអំពីការផលិតកែច្នៃចំណីអាហារប្រកបដោយគុណភាព និងសុវត្ថិភាព សម្រាប់ការពង្រីកទីផ្សារ និងការត្រៀមខ្លួនក្នុងការនាំចេញ។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៤៥ម៉ោង ហើយសហគ្រាសមួយ អាចបញ្ជូនសិក្ខាកាមចូលរួមចំនួន២នាក់។



វគ្គបណ្ដុះបណ្ដាលការផលិតកែច្នៃចំណីអាហារនេះ បែងចែកជា ២វគ្គរួមមាន ការសិក្សាដោយផ្ទាល់ចំនួន ៣ថ្ងៃ គឺថ្ងៃទី ៦ ៧ ៨ ខែមិថុនា នៅខេត្តបាត់ដំបង និងការសិក្សាតាមប្រព័ន្ធអនឡាញក្នុងរយៈពេលនៅសល់។ ទន្ទឹមនឹងនេះ សិក្ខាកាម ឬសហគ្រាស បានបញ្ចប់វគ្គបណ្តុះបណ្តាលចំនួន ៤៥ម៉ោង នឹងទទួលបានការប្រឹក្សាយោបល់អាជីវកម្មចំនួន ៤ខែ។
 
គោលបំណងនៃវគ្គបណ្ដុះបណ្ដាល គឺដើម្បីលើកទឹកចិត្តដល់ឧស្សាហកម្មកម្មន្តសាល កសិ-ម្ហូបអាហារពង្រីកទីផ្សារក្នុងស្រុកនិងក្រៅស្រុក និងបង្កើតលក្ខខណ្ឌការងារសម្រាប់យុវជន។​ ចំពោះលក្ខខណ្ឌក្នុងការជ្រើសរើស រួមមាន សហគ្រាសមានផែនការអាជីវកម្មច្បាស់លាស់, មានបំណងចង់បង្កើតផែនការអាជីវកម្ម, ផលិតកម្មអាចកំណត់លទ្ធភាពហិរញ្ញវត្ថុ, មានលទ្ធភាពក្នុងការអនុវត្តចំណេះដឹងក្នុងរយៈពេល ៣ខែ, មានបំណងរួមបញ្ជូលការផ្ដល់តម្លៃបន្ថែមដល់អាជីវកម្ម, មានបំណងទាក់ទាញពលកម្មយុវជនបន្ថែមក្នុងសហគ្រាស និងមិនមានផលប៉ះពាល់ដល់បរិស្ថាន និងលក្ខខណ្ឌការងារ។
 
លក្ខខណ្ឌក្នុងការចូលរួមមានដូចជា សិក្ខាកាមដែលត្រូវបានជ្រើសរើស ចូលរួមវគ្គបណ្ដុះបណ្ដាល ត្រូវបេ្តជ្ញាចិត្តចូលរៀនគ្រប់ ៤៥ម៉ោង រហូតដល់បញ្ចប់កម្មវិធីសិក្សា និងប្រលងយកវិញ្ញាបនប័ត្រ មិនអាចផ្លាស់ប្ដូរសមាសភាពសិក្ខាកាមចូលរួមនៅក្នុងកំឡុងវគ្គបណ្ដុះបណ្ដាលបានទេ។
 
វគ្គបណ្តុះបណ្តាលការផលិតកែច្នៃចំណីអាហារនេះ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ និងចូលរួមដោយអត់គិតថ្លៃ។ សម្រាប់ សិក្ខាកាម ឬសហគ្រាស មានចំណាប់អារម្មណ៍អាចចុះឈ្មោះតាម តំណលីងនេះបាន៖ https://bit.ly/3lPTjVh

ព័ត៌មានទាក់ទង