សៀមរាប៖ លោកស្រី ភាព ធីតា ប្រកបរបរជាអ្នកលក់ឃ្មុំនិងទឹកឃ្មុំ តាមបណ្ដោយផ្លូវជាតិលេខ៦ ម្ដុំស្ពានក្អែក ស្រុកប្រាសាទបាគងជាង១០ឆ្នាំមកហើយ។
លោកស្រី ភាព ធីតា មានស្រុកកំណើតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប តែបច្ចុប្បន្នលោកស្រីនិងក្រុមគ្រួសារបានប្ដូរនៅក្នុងក្រុងសៀមរាបវិញ។ រាល់ព្រឹក លោកស្រីតែងតែទៅប្រមូលទិញឃ្មុំនិងទឹកឃ្មុំ ពីសំណាក់ប្រជាពលរដ្ឋនៅទីរួមស្រុកបន្ទាយស្រី ជាពិសេសអ្នកភូមិនៅក្បែរជើងភ្នំគូលែន។ មានថ្ងៃខ្លះ លោកស្រីត្រូវធ្វើដំណើរពីរដងដើម្បីទៅប្រមូលយកឃ្មុំនិងទឹកឃ្មុំនៅទីនោះ ព្រោះថាអ្នកភូមិរកឃ្មុំបានច្រើន ហើយជួនកាល ក៏មានការបញ្ជាទិញពីសំណាក់អតិថិជនច្រើនដូចគ្នា ទើបលោកស្រីស៊ូនឿយហត់ទៅយកពីរដងក្នុងមួយថ្ងៃ។
ចំពោះរបរមួយនេះ ក្នុងមួយថ្ងៃ លោកស្រី ធីតា អាចលក់ទឹកឃ្មុំបានចន្លោះពី ៥ទៅ ១០លីត្រ ហើយកូនឃ្មុំមានបង្គោងចន្លោះពី១០ ទៅ២០ បង្គោង និងកូនឃ្មុំសុទ្ធប្រហែល១០គីឡូក្រាម។
លោកស្រីបន្ថែមថា អតិថិជនភាគច្រើន ជាអ្នកនៅក្នុងក្រុងសៀមរាប តែងតែមកជួយទិញលោកស្រីនៅទីនេះ ដោយពុំចាំបាច់ធ្វើដំណើរទៅទិញពីភ្នំគូលែនទេ។ រីឯអ្នកតាមបណ្តាខេត្តវិញ ភាគច្រើនជាអតិថិជនចាស់ដែលធ្លាប់ឆ្លងកាត់ បានសុំលេខទូរសព្ទទុកបញ្ជាទិញនៅពេលមកលេងសៀមរាបម្តងៗ ហើយភាគច្រើនគឺជាអ្នកនៅទីក្រុងភ្នំពេញ។ លោកស្រី បន្ថែមថា ក្រៅពីនោះយូរៗម្តង អតិថិជនក្រៅស្រុក ដែលជឿទុកចិត្តលើគុណភាពទឹកឃ្មុំរបស់លោកស្រី បានបញ្ជាទិញទឹកឃ្មុំពី១០ ទៅ ២០លីត្រ ក៏មានដែរ។
លោកស្រីបន្ថែមទៀតថា នៅរដូវវស្សា លោកស្រីក៏មានលក់ទឹកឃ្មុំដែរ តែមិនមែនជាទឹកឃ្មុំដែលរកបាននៅរដូវនេះទេ គឺជាទឹកឃ្មុំដែលលោកស្រីបានប្រមូលទិញទុកតាំងពីរដូវប្រាំងមកម្ល៉េះ ព្រោះថានៅរដូវប្រាំង ជាពេលដែលទឹកឃ្មុំសុទ្ធល្អ។
ក្រៅទឹកឃ្មុំ និងឃ្មុំ លោកស្រី ធីតា ក៏មានដាក់លក់ផ្លែឈើធម្មជាតិផ្សេងៗដូចជា ផ្លែគូលែន ផ្ញៀវ គុយ សិរមាន់ ទាប ជាដើម៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com