រដ្ឋមន្រ្តីកសិកម្ម លើកទឹកចិត្តកសិករឱ្យប្រើធុងស្តុកទឹក កុំរំពឹងតែទឹកអណ្តូង ស្រោចស្រពដំណាំ

27/05/2023 2:15 pm ភ្នំពេញ

ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទស្សនកិច្ចនៅកសិដ្ឋានភូមិសំរោងជើង ស្រុកសូត្រនិគម ខេត្តសៀមរាប ដើម្បីណែនាំពីបច្ចេកទេសកសិកម្មដល់ ប្រជាកសិករ។ ក្នុងការជំនួបគ្នានេះ លោក ឌិត ទីណា ក៏បានលើកទឹកចិត្តប្រជាកសិករ ប្រើធុងស្តុងទឹក គួរកុំរំពឹងតែទឹកអណ្តូង ឱ្យស្របតាមតម្រូវការស្រោចស្រពដំណាំ។

កាលពីថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២៣ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានជួបជាមួយកសិករ ដែលដាំបន្លែគ្រប់មុខក្នុងផ្ទះសំណាញ់ ដោយលើកឡើងពី​ ការសហការរួមគ្នា ជាមួយមន្ទីរ ដៃគូពាក់ព័ន្ធ ដើម្បីសិក្សាពីបច្ចេកទេស ពូជ និងតាមដានព័ត៌មានកសិកម្មឱ្យទាន់ពេលវេលា។ រួមទាំង ការរៀបចំផែនការច្បាស់លាស់ ដើម្បីផលិតបានគុណភាពល្អ ស្របតាមតម្រូវការទីផ្សារ ទទួលបានតម្លៃខ្ពស់ ប្រសិទ្ធភាព និរន្តរភាពសេដ្ឋកិច្ច និងលើកស្ទួយវិស័យកសិកម្មឱ្យកាន់តែរីកចម្រើន។ 

លើសពីការពង្រឹងគុណភាព រដ្ឋមន្រ្តីកសិកម្មរូបនេះ បានលើកទឹកចិត្តប្រជាកសិករ គួរកុំធ្វើកសិកម្មពឹងផ្អែកតែលើប្រភពទឹកអណ្តូងតែមួយមុខ គឺត្រូវប្រើធុងស្តុកទឹកឱ្យបានច្រើន ដើម្បីឱ្យស្របតាមតម្រូវការស្រោចស្រពដំណាំនៅទីតាំងនោះ។ លើសពីនេះ លោក ក៏ជំរុញទៅកសិករប្រើប្រាស់ភ្លើងអគ្គិសនីសម្រាប់កសិកម្មនៅពេលយប់ និងប្រើប្រាស់ថាមពលសូឡា បូមទឹកនៅពេលថ្ងៃ សម្រាប់ស្រោចស្រពដំណាំ ទើបចំណេញថវិកាច្រើន។

ក្នុងជំនួបដដែលនោះ លោក ឌិត ទីណា បានណែនាំដល់ម្ចាស់កសិដ្ឋាន និងប្រជាសហគមន៍នៃបណ្តុំអាជីវកម្មបន្លែ នៅស្រុកសូត្រនិគម ខេត្តសៀមរាប ត្រូវសហការគ្នាខិតខំបន្ថែមទៀត សម្រាប់ផលិតបន្លែទៅតាមតម្រូវការទីផ្សារ កុំលើសពីផែនការផលិត នាំឱ្យខាតបង់ពេលវេលា ថវិកា និងធ្លាក់ថ្លៃ៕


 

ព័ត៌មានទាក់ទង