ជប៉ុន គ្រោងបង្កើតរោងចក្រកែច្នៃស្វាយចន្ទីខ្នាតធំ នៅខេត្តកំពង់ធំ

26/05/2023 5:00 pm ភ្នំពេញ

កំពង់ធំ៖ ក្រុមហ៊ុន Top planning Japan Co., Ltd និង MRARTH HOLDINGS Group របស់ជប៉ុន គ្រោងសាងសង់រោងចក្រកែច្នៃស្វាយចន្ទីខ្នាតធំមួយ នៅខេត្តកំពង់ធំ។ ក្រុមហ៊ុនទាំងពីរនេះ ត្រូវបានដាក់ផែនការកែច្នៃគ្រាប់ស្វាយចន្ទីស្រស់ឱ្យបាន ៥ម៉ឺនតោន ព្រមទាំង ជំរុញការនាំចេញស្វាយចន្ទីកែច្នៃឱ្យបានយ៉ាងតិច ១ម៉ឺនតោន ក្នុងមួយឆ្នាំ ដោយអនុឡោមតាមគោលការណ៍ GMP, GHP, HACCP និង ប្រព័ន្ធសុវត្ថិភាពចំណីអាហារអន្តរជាតិ ISO 22000។

លោក Imahashi Takayuki ជាអ្នកគ្រប់គ្រងគម្រោងអាជីវកម្មរបស់ក្រុមហ៊ុន Top planning បានលើកឡើងថា កម្ពុជា គឺជាកន្លែងផលិតស្វាយចន្ទីធំមួយក្នុងពិភពលោក ប៉ុន្តែ ខ្វះការកែច្នៃបន្ថែម។ បច្ចុប្បន្ន ក្រុមហ៊ុនរបស់លោក ចាប់អាម្មណ៍លើការកែច្នៃគ្រាប់ស្វាយចន្ទី របស់កម្ពុជា ដើម្បីនាំចេញទៅបរទេស។ 

ផែនការរបស់ក្រុមហ៊ុន គឺមិនសំដៅតែទីផ្សារជប៉ុនមួយមុខនោះទេ។ ក្រុមហ៊ុន Top planning អាចនឹងជំរុញការនាំចេញទៅចិន កូរ៉េ អូស្រ្តាលី និងអឺរ៉ុប ជាដើម ព្រោះថា កន្លងទៅ ក្រុមហ៊ុន ទទួលជោគជ័យខ្លាំង រហូតដល់មានផ្សារទំនើបជាង ៣០០កន្លែង ដែលបានជួយទិញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។ 

លោក ប្រាប់ដូច្នេះថា៖« ដូចដែលយើងបានដឹងហើយថា ស្វាយចន្ទីនៅកម្ពុជា មានការរីកចម្រើនខ្លាំង ហើយជាកន្លែងផលិតស្វាយចន្ទីធំជាងគេមួយលើពិភពលោក ប៉ុន្តែ វាអភ័ព្វ ដោយសារអត់មានកន្លែងកែច្នៃច្រើន។ ឥឡូវនេះ ក្រុមហ៊ុនជប៉ុនយើង ចាប់អាម្មណ៍ស្វាយចន្ទីក្នុងប្រទេសកម្ពុជាផ្ទាល់»។  

លោក Imahashi Takayuki ជាអ្នកគ្រប់គ្រងគម្រោងអាជីវកម្មរបស់ក្រុមហ៊ុន Top planning Japan Co., Ltd។ រូបភាព៖ ឈុំ ចន្ថា 

Top Planning ជាក្រុមហ៊ុនធំមួយនៅប្រទេសជប៉ុន ដែលមានបទពិសោធន៍គ្រប់គ្រងសំណង់ទូទៅ រចនា និងសាងសង់កន្លែងកែច្នៃតាមបទដ្ឋាន និងស្ដង់ដារ។ ក្រុមហ៊ុនបានអនុវត្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយនឹងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ តាំងពីឆ្នាំ២០១៩។ ក្រុមហ៊ុនមួយនេះ បាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ពីសិប្បកម្មជ័យសំបូរ បានចំនួន ៧លើករួចមកហើយក្នុងទំហំ ១០០តោន។ 

ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ អ្នកស្រី អ៊ិន ឡៃហួត បានឱ្យដឹងដែរថា ក្រុមហ៊ុន Top planning គឺជាដៃគូសហប្រតិបត្តិការដ៏ល្អ ក្នុងការទិញ-លក់ស្វាយចន្ទីកម្ពុជា នាពេលកន្លងមក។ 

ថ្មីៗនេះ ក្រុមហ៊ុនមានបំណងពង្រីកការកែច្នៃ និងសាងសង់រោងចក្រខ្នាតធំមួយកន្លែង នៅខេត្តកំពង់ធំ ដើម្បីជំរុញ ការផលិតស្វាយចន្ទីកម្ពុជាឱ្យស្របតាមស្តង់ដារ ដើម្បីនាំចេញទៅជប៉ុន។ ក្រុមហ៊ុនមួយនេះ ចង់ជួយឱ្យកសិករមានទីផ្សាលក់គ្រាប់ស្រស់ និងបង្កើតការដល់ពលរដ្ឋក្នុងតំបន់ ជាពិសេសស្រ្តី ដែលជាផ្នែកមួយចូលរួមកាត់បន្ថយការចំណាកស្រុក។ 

អ្នកស្រី អ៊ិន ឡៃហួត ប្រាប់ដូច្នេះថា៖« គោលបំណងរបស់ក្រុមហ៊ុន Top planning គឺមានកិច្ចសហការ ដើម្បីចង់បានផលិតផលដែលមានស្ដង់ដាររបស់កម្ពុជាយើង ឱ្យដល់ទីផ្សារជប៉ុន។​ ម្យ៉ាងទៀត គាត់ចង់ជួយប្រជាកសិករឱ្យមានទីផ្សារលក់គ្រាប់ស្រស់។ គាត់ ចង់ជួយបង្កើតការងារឱ្យពលរដ្ឋក្នុងតំបន់នេះ ជាពិសេស្រ្តី។ ក្នុងនោះដែរ គាត់ក៏ចង់ពង្រីការសាងសង់អាគារកែច្នៃ បន្ថែមផងដែរ»។ 

អ្នកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ។ រូបភាព៖ ឈុំ ចន្ថា 


ម្ចាស់អាជីវកម្មរូបនេះ រំពឹងថា ការចូលរួមរបស់ក្រុមហ៊ុន Top planning នឹងលើកកម្ពស់តម្លៃស្វាយចន្ទីកម្ពុជាបន្ថែមទៀត ជាពិសេស ធ្វើឱ្យពិភពលោក ទទួលស្គាល់គុណភាព និងរសជាតិ ស្វាយចន្ទីកម្ពុជា។ 

នៅឆ្នាំ២០២៥ អ្នកស្រី អ៊ិន ឡៃហួត ចង់ឃើញទីផ្សារស្វាយចន្ទីកម្ពុជា មានច្រើនជាងសព្វថ្ងៃ។ ទន្ទឹមនេះ អ្នកស្រី តាំងចិត្តពង្រឹកសមត្ថភាពកសិករ ព្រមទាំង គុណភាព និងអនាម័យ ដើម្បីទាកទាញអ្នកវិនិយោគ នៅពេលខាងមុខ។ 

លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានលើកឡើងដែរថា កំពង់ធំ គឺជាខេត្តសក្ដានុពលលើដំណាំស្វាយចន្ទី ដែលសព្វថ្ងៃមានកសិករដាំដុះជាង១៤ម៉ឺនហិកតា។ ដើម្បីកេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជា អាជ្ញាធរខេត្ត និងមន្រ្តីជំនាញគ្រប់ជាន់ថ្នាក់ បានចូលផ្ដលើការគាំទ្រយ៉ាងខ្លាំងដល់កសិករ ដើម្បីបង្កើនការដាំដុះ និងទទួលបានទិន្នផលខ្ពស់។

ថ្នាក់ដឹកនាំខេត្តរូបនេះ បានទទូចដល់អ្នកវិនិយោគិនបរទេស និងវិស័យឯកជនក្នុងស្រុក ងាកមកចាប់អារម្មណ៍លើការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងខេត្តរបស់ខ្លួន។ ទន្ទឹមនេះ រដ្ឋបាលខេត្ត សន្យាជួយសម្របសម្រួល និងគាំទ្រ ផ្នែកច្បាប់មួយចំនួន ដើម្បីឱ្យពួកគេមានលទ្ធភាពអាចបង្កើតរោងចក្រ ឬសិប្បកម្ម។ 

លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ (កណ្ដាល ពាក់អាវខ្មៅ)។ រូបភាព៖ ឈុំ ចន្ថា 

 

លោក ជា​ វ៉ាន់ចាន់ ប្រាប់ដូច្នេះថា៖« រដ្ឋបាលខេត្តក៏បានទាក់ទាញវិនិយោគិន ជាក់ស្ដែង ដូចជាក្រុមហ៊ុន ជប៉ុន ដែលមិនទស្សនៈកិច្ចថ្ងៃនេះ ដោយពួកគេចាប់អាម្មណ៍លើការកែច្នៃស្វាយចន្ទី។ ខេត្តក៏ជំរុញឱ្យវិស័យឯកជនផ្សេងៗ ដែលមានបំណងចង់វិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីនេះ រដ្ឋបាលខេត្ត នឹងជួយគាំទ្រ និងសម្របសម្រួលផ្លូវច្បាប់ផ្សេងៗ ដើម្បីបង្កឱ្យពួកគាត់មានលទ្ធភាពធ្វើបាន»។ 

ជាមួយគ្នានេះ លោក បានណែនាំឱ្យកសិករពង្រីកការថែទាំស្វាយចន្ទីរបស់ខ្លួន ក៏ដូចជា ការប្រើប្រាស់ថ្នាំ ឬបច្ចេកទេស ឱ្យស្របតាមស្ដងដារ ដើម្បីធានាដល់គុណភាព គ្រាប់ស្វាយចន្ទី។ 

ចំណែក លោក ឈីម ឈូដែន កសិករដាំស្វាយចន្ទី ៤០ហិកតា នៅក្បែរប្រាសាទសំបូរព្រៃគុក បានដាក់ក្ដីសង្ឃឹមថា វត្តមានរបស់ក្រុមហ៊ុនជប៉ុន ដែលមកវិនិយោគលើដំណាំស្វាយចន្ទីកម្ពុជានេះ នឹងជួយបង្កើតទីផ្សារ និងតម្លៃបន្ថែមដល់អ្នកដាំស្វាយចន្ទី។ នេះជា ឱកាសដែលផ្ដល់ជម្រើសកសិករ ជាជាងពឹងផ្អែកទៅលើការនាំចេញ ដែលពេលខ្លះ ត្រូវគេទម្លាក់តម្លៃ។ 

លោក ប្រាប់ដូច្នេះថា៖« វាល្អ ប្រសិនមានការវិនិយោគ ព្រោះវាអាចបង្កើតទំហំទីផ្សារគ្រាប់ស្វាយចន្ទីស្រស់នៅស្រុកខ្មែរ ហើយកសិករក្នុងតំបន់ ក៏គាត់មិនចាំបាច់បារម្ភថា ចន្ទីរបស់គាត់ហ្នឹង អត់មានអ្នកទិញនោះទេ។ អ៊ីចឹង ! កាលណា ទីផ្សារកាន់តែធំ វាផ្ដល់ជម្រើស និងឱកាសច្រើនដល់កសិករ។ បើកាលណាពួកគាត់(ក្រុម Top Planning) ប្រមូលទិញ តម្លៃទីផ្សារហ្នឹង ក៏ល្អប្រសើរដែរ»។ 

ថ្វីដ្បិត រីករាយនឹងគម្រោងវិនិយោគ ប៉ុន្តែ កសិករូបនេះ ក៏បង្ហាញក្ដីបារម្ភមួយចំនួនពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ដែលតែងតែបំផ្លាញផល និងគុណភាពស្វាយចន្ទីរបស់លោកផងដែរ។ 

នៅពិធីបុណ្យទន្លេលើកទី៧ ដែលរៀបចំឡើង នៅខេត្តកំពង់ធំកាលពីថ្ងៃទី៩ ខែមីនា សម្ដេច ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា កម្ពុជា នឹងក្លាយជាប្រទេសដែលនាំមុខគេ ក្នុងការនាំចេញ និងផ្តត់ផ្គង់ស្វាយចន្ទី ទៅកាន់ទីផ្សារពិភពលោក។ សម្ដេច ថ្លែងដូច្នេះថា៖«ខ្ញុំ កំពុងស្រមើស្រមៃថា ប្រទេសរបស់យើង នឹងក្លាយទៅជាប្រទេស ដែលផលិតស្វាយចន្ទីច្រើនបំផុតលើពិភពលោក»។
 

យ៉ាងណា សម្ដេច ក៏ទទួលស្គាល់ថា​ សព្វថ្ងៃកម្ពុជានៅខ្វះខាតការកែច្នៃ ដែលទាមទារឱ្យមានការអូសទាញអ្នកវិនិយោគបន្ថែមទៀត។ សម្ដេច ថ្លែងដូច្នេះ «កម្ពុជា ត្រូវអូសទាញអ្នកវិនិយោគ លើការកែច្នៃកសិកម្មបន្ថែមទៀត ដើម្បីពង្រីកការនាំចេញ បន្ធូយបន្ថយការផលិតលើសតម្រូវការ និងបន្ថែមតម្លៃដល់ផលិតកម្ម ដែលមានស្រាប់»។​ 

យោងតាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា ចាប់ពីខែមករា ដល់ខែឧសភា កម្ពុជា ផលិតស្វាយឆៅបាន ៥១ម៉ឺនតោន។ កម្ពុជា បាននាំចេញទៅវៀតណាម ៤៨៣ ០០០តោន ដែលគិតជាទឹកប្រាក់ ៦៦០លានដុល្លារ។ ចំនួននេះ បានថយចុះ ១៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២៕ 

ព័ត៌មានទាក់ទង