ភ្នំទំព័រ ជាភ្នំខ្ពស់លំដាប់លេខ៣ នៅកម្ពុជា ដែលមានសម្រស់ស្អាត តែខ្សត់ទេសចរ

26/05/2023 4:00 pm ពោធិ៍សាត់

ភ្នំពេញ៖ សហគមន៍ភ្នំទំព័រ  ជាតំបន់ទេសចរណ៍ដែលពេញនិយមសម្រាប់អ្នកដែលចូលចិត្តឡើងភ្នំបោះតង់។ ភ្នំទំព័រ ជាជួរភ្នំមានកម្ពស់ប្រមាណ ១ ៥៥១ម៉ែត្រ ត្រូវបានគេចាត់ទុកជាភ្នំខ្ពស់ជាងគេលំដាប់លេខ៣ នៅកម្ពុជា។ បច្ចុប្បន្នចំនួនអ្នកឡើងភ្នំទំព័រមិនសូវមាននោះឡើយ ដោយសារផ្លូវធ្វើដំណើរមានឧបសគ្គច្រើន ចំណែកអាកាសធាតុក៏ក្តៅខ្លាំង។

ភ្នំទំព័រ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចម្ងាយ ១១៩គីឡូម៉ែត្រ ពីទីរួមខេត្ត។ ព្រៃព្រឹក្សា កូនភ្នំ ផ្ទាំងថ្ម វាលស្មៅ ទឹកធ្លាក់ បានលាក់ខ្លួននៅក្នុងតំបន់ភ្នំទំព័រ និងបានទាក់ចិត្តទេសចរ ដែលទៅដល់ទីតាំងនោះ។ ដើម្បីឡើងទៅដល់កំពូលភ្នំ ទេសចរត្រូវឆ្លងកាត់ដំណាក់កាលចំនួន២។  ជាដំបូង ទេសចរត្រូវជិះគោយន្តចេញពីសហគមន៍ចម្ងាយ ១.៥គីឡូម៉ែត្រ បន្ទាប់មកត្រូវដើរថ្មើរជើងរហូតដល់ពាក់កណ្តាលភ្នំ​ ឬជំរំទី១ ហៅថា «ពួរភ្នំ»​ ដែលមានរយៈកម្ពស់ ៦៦០ម៉ែត្រ។ ចំណែក ដំណាក់កាលទី២​ មានសណ្ឋានដូចដំណាក់កាលទី១ ហៅថាជំរំទី២ ដែលកៀកនឹងកំពូលភ្នំ​ មានកម្ពស់ ១ ១៨០ម៉ែត្រ។ អ្នកថ្មើរជើង ត្រូវបន្តដំណើរជាង​ ៣០០ម៉ែត្របន្ថែមទៀត ទើបទៅដល់កំពូលភ្នំ។

អ្នកឡើងភ្នំ ត្រូវត្រៀមសម្ភារៈសំខាន់ៗ និងប្រុងប្រយ័ត្ន ពីឧបសគ្គមួយចំនួន អំឡុងពេលធ្វើដំណើរ។ រូបភាពពី៖ លោក ម៉េង បញ្ញា។

លោក តេស ថន​ ប្រធានសមាគមតំបន់ការពារធម្មជាតិភូមិទំព័រ លើកឡើងថា មុនជំងឺកូវីដ-១៩ ទេសចរដែលចាប់អារម្មណ៍ឡើងភ្នំទំព័រ គឺមានចំនួនភ្ញៀវច្រើនក្នុងនោះ ក៏មានវត្តមានភ្ញៀវបរទេសផងដែរ។ អ្នក ដែលឡើងភ្នំ ពួកគេមកលក្ខណៈជាក្រុមការងារ និងគ្រួសារជាដើម។ ក្រោយពីជំងឺកូវីដ-១៩ បានធូរស្រាល ចំនួនទេសចរបែរជាចុះថយទៅវិញ។

«អ្នកទេសចរជាចំណែកមួយ ដែលបានជួយផ្សព្វផ្សាយ តំបន់ទេសចរណ៍ភ្នំទំព័រនេះ។ ពួកគេរីករាយ និងជួយផ្សព្វផ្សាយ រីឯប្រជាជននៅតំបន់នេះ ក៏មានមុខរបរថ្មីមួយគឺអ្នកនាំភ្ញៀវឡើងភ្នំ។ បើទោះ ចំណូលដែលទទួលបានពីភ្ញៀវទេសចរ មិនបានច្រើន ក៏អ្នកនាំផ្លូវទាំងនោះសប្បាយចិត្តហ្នឹងការងារនេះដែរ។» ប្រធានសមាគមតំបន់ការពារធម្មជាតិភូមិទំព័រ លោក តេស ថន ប្រាប់ដូច្នេះ។

លោក បន្ថែមថា បច្ចុប្បន្នចំនួនភ្ញៀវដែលឡើងភ្នំ នៅតែមាន ប៉ុន្តែមិនច្រើនដូចពីមុន ដោយសារកត្តាឧបសគ្គមួយចំនួន ដូចជា អាកាសធាតុក្តៅខ្លាំងបណ្តាឱ្យទឹកដែលហូរតាមតំបន់ជួរភ្នំទំព័រ មិនសូវសម្បូរ។ ដោយឡែកតំបន់ខ្លះ គឺមានទឹកជ្រោះ ដែលអាចឱ្យទេសចរប្រើប្រាស់ និងកម្សាន្តយ៉ាងសប្បាយ។



លោក ម៉េង បញ្ញា និងសមាជិក បានឡើងដល់កំពូលភ្នំដោយជោគជ័យ ក្នុងឆ្នាំ២០២១។ រូបភាពពី៖ លោក ម៉េង បញ្ញា

លោក ម៉េង បញ្ញា ជាអ្នកមានបទពិសោធជាង ៧ឆ្នាំ និងជាអ្នកនាំផ្លូវភ្ញៀវឡើងភ្នំបែបផ្សេងព្រេងជាច្រើនតំបន់ ដែលជាកន្លែងទាក់ទាញទេសចរគ្រប់ទិសទី។ តំបន់ទេសចរណ៍ ដែលលោក បញ្ញា ទៅដល់មានដូចជា ភ្នំខ្នងផ្សារ ភ្នំតាក្រហមក ឧទ្យានជាតិវីរៈជ័យ  ភ្នំច្រមុះបារាំង អូរក្តាមលើកជើង ភ្នំខ្ជោល ភ្នំខ្នងក្រពើ តំបន់អារ៉ែង ភ្នំទំព័រ ទឹកធ្លាក់ស្ទឹងកែប ភ្នំធំ តំបន់ជួរភ្នំក្រវ៉ាញ ភ្នំវែង ភ្នំស្រួច ជាដើម។ 

ម្ចាស់ផេក «ទេសចរណ៍ ព្រៃខ្មែរ»រូបនេះ លើកឡើងថា កន្លងមកនេះ លោកបានដឹកនាំទេសចរឡើងទៅភ្នំទំព័រ គឺមានចំនួន ៣ក្រុម សរុបចំនួន ២២នាក់។ ដោយឡែក ថ្មីៗនេះ ទេសចរដែលចាប់អារម្មណ៍ឡើងភ្នំនេះ គឺមិនសូវមានដូចមុនឡើយ ប៉ុន្តែតំបន់ទេសចរណ៍ និងភ្នំដទៃទៀត គឺឃើញមានអ្នកទៅដដែល។

«មួយរយៈនេះ មិនសូវមានភ្ញៀវកក់សេវាកម្មឡើងភ្នំទំព័រទៀតទេ ដោយសារស្ថានភាពផ្លូវឡើងភ្នំពិបាកខ្លាំង អាចនិយាយបានជាភ្នំដែលពិបាកឡើងជាងគេ ក្នុងចំណោមភ្នំខ្ពស់ៗក្នុងប្រទេសកម្ពុជា ទោះវាជាជួរភ្នំខ្ពស់លំដាប់ទី៣ក៏ដោយ។

ផ្លូវពិបាក និងមានឧបសគ្គច្រើននេះហើយ ទើប មិនសូវមានភ្ញៀវកក់ឡើងភ្នំនេះ។ » នេះជាការបញ្ជាក់របស់លោក ម៉េង បញ្ញា។ ជាអ្នកមានបទពិសោធឡើងភ្នំច្រើនឆ្នាំ លោក បញ្ញា បានប្រាប់ដល់អ្នកសារព័ត៌មានThmeyThmey25 ថា អ្នកចង់ឡើងភ្នំទំព័រ ទាមទារឱ្យគាត់មាន បទពិសោធន៍ឡើងភ្នំ ចាប់ពីកម្រិតល្អបង្គួរទៅ។ អ្នកធ្វើដំណើរ ត្រូវប្រើពេលវេលាចាប់ពី ៣ថ្ងៃឡើងទៅ ដើម្បីអាចមានពេលធ្វើដំណើរទាំងចុះ និងឡើង។

អ្នកឡើងភ្នំ ត្រូវគិតគូរលើសុខភាព សុវត្ថិភាព ជាពិសេសពិនិត្យមើលអាកាសធាតុ។ ជាទូទៅ ភ្នំទំព័រ ទេសចរអាចធ្វើដំណើរឡើងនៅចន្លោះខែឧសភា ដល់ខែ​មិថុនា និងចន្លោះខែវិច្ឆិកា ខែធ្នូ ខែមករា និងខែកុម្ភ: ព្រោះពេលវេលាអំណោយផលល្អចំពោះអាកាសធាតុ មិនសូវក្តៅខ្លាំង និងភ្លៀងខ្លាំង។ យ៉ាងណាក៏ដោយ អ្នកឡើងភ្នំ ត្រូវប្រុងប្រយ័ត្នពីគ្រោះថ្នាក់អំឡុងពេលធ្វើដំណើរដូចជា ភ្លៀងដីរអិលឬស្រុតដី ឈើបាក់ និងហានិភ័យផ្សេង។

បើទោះជាយ៉ាងណាក្តី ក៏មានទេសចរមួយចំនួន ពុះពារដើម្បីទៅដល់ទីតាំង ភ្នំទំព័រ ដែលសម្បូរធនធានធម្មជាតិជីវ:ចម្រុះជាច្រើនដូចជា ព្រៃឈើ ទឹកធ្លាក់អូរស្ងួត ជ្រោះផ្តាច់ព្រលឹង ទឹកធ្លាក់អូរក្រាំង ទឹកធ្លាក់ម៉ែអាស្មី ទឹកធ្លាក់រូងអ្នកតាជាដើម។ លើសពីនេះ លោក ក៏បានលើកទឹកចិត្តឱ្យទេសចរ ដែលមានបំណងទទួលបានបទពិសោធថ្មីៗ អំពីការឡើងភ្នំនានា ក្នុងស្រុកខ្មែរ ជាពិសេសភ្នំទំព័រដែលជាភ្នំខ្ពស់លំដាប់ថ្នាក់ទី៣ ស្រុកខ្មែរនេះផងដែរ៕

ព័ត៌មានទាក់ទង