រដ្ឋបាលខេត្តស្ទឹងត្រែង ដាក់ដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតជាផ្លូវការ ដើម្បីផ្ដល់ទឹកស្អាតដល់ពលរដ្ឋប្រើប្រាស់

26/05/2023 10:04 am ភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានដាក់ដណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតជាផ្លូវការ កាលពីថ្ងៃទី ២៤ ខែឧសភា ដោយមានការចូលរួមពីលោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងលោក Anthony Gill ប្រធានស្តីទីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីADB។



បើតាមរដ្ឋបាលខេត្តស្ទឹងត្រែង ការដាក់ដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ជាប្រវត្តិសាស្រ្តថ្មីមួយនេះ  សម្រាប់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។ លើសពីនេះ សេវាផ្គត់ផ្គង់ទឹកស្អាតរបស់អង្គភាពរដ្ឋាករទឹកមានចំនួន៣ ដូចជា ក្រុងស្ទឹងត្រែង ស្រុកសេសាន និងស្រុកថាឡាបរិវ៉ាត់។

ជាមួយគ្នានេះ ស្ថានីយ៍បូមទឹកឆៅ មានលទ្ធភាពផលិតបាន ១៣ ៥០០ ម៉ែត្រគូប ក្នុង១ថ្ងៃ និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតមានលទ្ធភាពផលិតបាន ១២ ០០០ម៉ែត្រគូប ក្នុង១ថ្ងៃ។ លោក ឡាយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង បញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាត នឹងផ្ដល់ឱ្យពលរដ្ឋនៃខេត្តស្ទឹងត្រែងបានប្រើប្រាស់ទឹកស្អាត គឺប្រកបដោយអនាម័យ និងផាសុកភាព។

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លើកឡើងថា៖ «ការផលិតទឹកស្អាត បានចែកចាយទៅស្រុកសេសាន និងស្រុកថាឡាបរិវ៉ាត់ នៅថ្ងៃខាងមុខនឹងបន្តចែកចាយទៅស្រុកសៀមបូក។ ទន្ទឹមនឹងនេះ យើងត្រូវការថវិកា នៃការវិនិយោគជិត ៤លានដុល្លារ ដើម្បីឱ្យស្រុកសៀមបូកមានទឹកស្អាតប្រើប្រាស់និងត្រូវចរចាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី A.D.B នៃគម្រោង៣២៣២ ហើយប្រជាពលរដ្ឋ ១ ៧០០ គ្រួសារបន្ថែមទៀត និងបានទឹកស្អាតប្រើប្រាស់»៕




 

ព័ត៌មានទាក់ទង