រដ្ឋមន្រ្តីកសិកម្ម ណែនាំកសិករប្រើសូឡាបូមទឹក និងអគ្គិសនីសម្រាប់កសិកម្ម ដើម្បីបន្ថយចំណាយ

26/05/2023 9:16 am ក្រចេះ

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានណែនាំឱ្យកសិករប្រើប្រាស់សូឡាបូមទឹក និងអគ្គិសនីសម្រាប់កសិកម្ម ដើម្បីបន្ថយចំណាយក្នុងការផលិត បង្កើនចំណូល និងមាននិរន្តរភាពសេដ្ឋកិច្ចផងដែរ។ លោក លើកឡើងដូច្នេះ នៅក្នុងដំណើរទស្សនកិច្ចបណ្ដុំអាជីវកម្មបន្លែ នៅខេត្តក្រចេះ កាលពីថ្ងៃទី២៣ ឧសភា។


 
ក្នុងដំណើរទស្សនកិច្ចបណ្ដុំអាជីវកម្មបន្លែ នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែកណ្តាល ស្រុកចិត្របុរី ខេត្តក្រចេះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្ម
(GDA) សិក្សាបន្ថែមអំពីផ្ទះសំណាញ់ សម្រាប់កសិករដាំដុះបន្លែសុវត្ថិភាពឱ្យចេញជាស្តង់ដាតែមួយ។ 
 
លើសពីនេះ លោកក៏ជំរុញឱ្យកសិករប្រើប្រាស់សូឡាបូមទឹកខ្នាតតូច និងអគ្គិសនីសម្រាប់កសិកម្ម ដោយស្នើការជួយសម្រួលពីអាជ្ញាធរខេត្ត ដើម្បីជួយសម្រួលដល់កសិករកាត់បន្ថយចំណាយក្នុងផលិតកម្ម និងនិរន្តរភាពសេដ្ឋកិច្ច។ រដ្ឋមន្រ្តីរូបនេះ ក៏ស្នើឱ្យមន្រ្តីកសិកម្មខេត្តក្រចេះ បន្តជំរុញកសិករឱ្យដាំដុះបន្លែសុវត្ថិភាព ស្វែងរកទីផ្សារសម្រាប់កសិករ និងរៀបចំផែនការផលិតកម្មច្បាស់លាស់ ដើម្បីធានាស្ថិរភាពការផ្គត់ផ្គង់ តម្លៃទីផ្សារល្អ និងបង្កើនប្រាក់ចំណេញ។
 
ចេញពីខេត្តក្រចេះ នៅថ្ងៃទី២៣ ខែឧសភាដដែលនោះ លោក ឌិត ទីណា បានបន្តទស្សនកិច្ចសហគមន៍កែច្នៃគ្រាប់ស្វាយចន្ទី នៅភូមិកោះក្រូច ឃុំស្រែក្រសាំង និងបណ្តុំអាជីវកម្មម្នាស់ទឹកឃ្មុំ ស្ថិតនៅភូមិអូឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ លោក បានស្នើអភិបាលខេត្តស្ទឹងត្រែង ឱ្យបន្តជួយគាំទ្រលើដំណាំសក្ដានុពលទាំងពីរនេះ ក្នុងការផលិត និងការកែច្នៃ ដូចជាទឹកម្នាស់ ឬស្រាម្នាស់ និងការកែច្នៃគ្រាប់ស្វាយចន្ទី។ 

ទន្ទឹមនឹងនេះ លោក ទីណា ស្នើឱ្យខេត្តសម្របសម្រួលឱ្យកសិករទទួលបានប្រាក់កម្ចីសម្រាប់ផលិតកម្ម
អាជីវកម្មក្នុងអាត្រាការប្រាក់ទាប ដើម្បីពង្រីកអាជីវកម្មឱ្យមានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ចផងដែរ៕
 
 



 

ព័ត៌មានទាក់ទង