KOICA នឹងបន្តគាំទ្រលើគម្រោង Nicc Startup Technology នៅកម្ពុជា

25/05/2023 8:55 am ភ្នំពេញ

KOICA នៅតែបន្តផ្ដល់ជំនួយនិងគាំទ្រដល់កម្ពុជា ទៅលើគម្រោង Nicc Startup Technology Sharing Conference ដើម្បីផ្ដល់ឱកាសដល់សហគ្រិន និស្សិត និងយុវជន ដែលមានគំនិតច្នៃប្រឌិតទៅលើផ្នែកបចេ្ចកវិទ្យា និងអាចបំពេញតាមតម្រូវការទីផ្សារ ឱ្យកាន់តែប្រសើរបន្ថែមទៀត។



លោក Rho Hyun Jun នាយកប្រចាំប្រទេសនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា បានថ្លែងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះថា រដ្ឋាភិបាលកូរ៉េ នឹងបន្តគាំទ្រដល់គម្រោង Nicc Startup Technology Sharing Conference រួមទាំងជំនួយផ្សេងៗមកដល់កម្ពុជា។ 


លោក Rho Hyun Jun នាយកប្រចាំប្រទេសនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា
 
លោក Rho Hyun Jun បានបន្តថា គម្រោង Nicc Startup Technology នឹងចែកគំនិតអាជីវកម្ម ដល់សិស្សានុសិស្ស ដើម្បីជំរុញសហគ្រិន និងសហគិ្រនវ័យក្មេងនៅកម្ពុជា ឱ្យមានការរីកចម្រើន។ 
 
លោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កម្មវិធី Start Up បានផ្លាស់ប្ដូរពីរបៀបរៀនរបស់សិស្សានុសិស្សនៅក្នុងកម្រិតឧត្ដមសិក្សា ដោយភ្ជាប់ជាមួយការអនុវត្តជាក់ស្ដែង និងការប្រើគំនិតច្នៃប្រឌិតជាស្នូលដ៏សំខាន់។ បន្ថែមពីនេះ វាក៏ ឆ្លើយតបតម្រូវការទីផ្សារ ដែលមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងធុរកិច្ចថ្មីនៅកម្ពុជាផងដែរ។
  

លោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ រូបភាព៖ ញឹក សំអូន
 
លោក សាន វឌ្ឍនា បានវាយតម្លៃខ្ពស់ដល់មជ្ឈមណ្ឌលជាតិ បណ្ដុះបណ្ដាលធូរកិច្ចថ្មីនៃកម្ពុជា ហៅកាត់ថា Nicc ដែលបានបង្កើតឡើងដើម្បីផ្ដល់ការគ្រាំទ្រ និងពង្រឹងដល់មជ្ឈមណ្ឌលផ្សេងៗទៀត ក្នុងការផ្ដល់សេវាកម្មលើវិស័យផ្នែកបច្ចេកវិទ្យា។
 
អនុរដ្ឋលេខាធិការក្រសួងអប់រំរូបនេះ បានបញ្ជាក់ថា៖ «ខ្ញុំជឿជាក់ថា nicc នឹងនៅទីនេះ ដើម្បីផ្ដល់ការគាំទ្រ និងពង្រឹងដល់មជ្ឍមណ្ឌាលដ៏ទៃទៀត ដែលមិនមែនគ្រាន់តែជាការឈរជើងចំណុះឱ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញនោះទេ គឺផ្ដល់សេវាឱ្យកន្លែងផ្សេងៗទៀត ដែលវិត្តន៍លើវិស័យបច្ចេកវិទ្យា»។
 
លោក សាន វឌ្ឍនា បានថ្លែងថា ការរៀនពីបច្ចេកវិទ្យា គឺជាការរៀនបែបថ្មី និងទំនើប ដែលជាតម្រូវការរបស់យុវជន និងសិស្សានុសិស្ស។ កម្ពុជា មានគោលការណ៍អនុវត្ត និងរៀបចំសកម្មភាពទាំងអស់ឱ្យទៅជាប្រព័ន្ធរួមមួយ ដើម្បីឆ្លើយតបជាមួយការកំណែទម្រង់របស់រដ្ឋាភិបាល និងការលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា។ 
 
«ជាក់ស្ដែងអ្វីដែលមានមោនភាព សិស្សានុសិស្សមានភាពវ័យឆ្លាត រស់រវើក និងគំនិតច្នៃប្រឌិត។ ខ្ញុំពិតជាកោតសរសើរដល់សិស្សរបស់យើង បានបង្កើតជាគំរូក្នុងការស្រម៉ៃរបស់ពួកគាត់ ហើយអាចយកមកបង្ហាញជាការពិតបាន»។ លោក វឌ្ឍនា បានលើកឡើងបែបនេះ ហើយបន្ថែមថា យុវជនគ្រប់រូបមានសមត្ថភាពស្មើៗគ្នា ក្នុងការអភិវឌ្ឍជាមួយ Nicc Startup Technology ដើម្បីស្វែងរកសក្ដានុពលរបស់ខ្លួនឯង ។
 
លោក ស្រ៊ុន សុវីឡា នាយកនៃគម្រោង Nicc Startup Technology Sharing Conference បានបន្ថែមថា គម្រោងនេះ នឹងផ្ដល់ឱកាសឱ្យក្រុមហ៊ុន សហគ្រិន យុវជន និងសិស្សនិស្សិត ដែលចង់ប្រឡូកនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ដោយទទួលបាននូវចំណេះដឹង គំនិត និងបទពិសោធន៍ផ្សេងៗ ដើម្បីនាំធាតុចូលដល់ការអភិវឌ្ឍនៅកម្ពុជា។
  

លោក ស្រ៊ុន សុវីឡា នាយកនៃគម្រោង Nicc Startup Technology Sharing Conference។ (2)
 
លោក ស្រ៊ុន សុវីឡា បានបញ្ជាក់ថា សម្រាប់អ្នកដែលមានគំនិតចង់ធ្វើ Startup គឺត្រូវចូលរួមប្រកួតប្រជែងនៃគំនិត Startupជាមុនសិន ដើម្បីជ្រើសរើសអ្នកដែលសមត្ថភាពខ្ពស់ទៅលើគំនិតច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា ដែលអាចទទួលបានថវិកាចំនួន ១ម៉ឺនដុល្លារអាម៉េរិក សម្រាប់យកទៅអនុត្តជាក់ស្ដែង ។
 
កម្មវិធី Nicc Startup Technology បានរៀបចំជាលើកទី៥ ហើយ ដោយមានការប្រកួតប្រជែងចំនួន ២ដងរួចមកហើយ។ មកដល់ពេលនេះ Nicc ជ្រើសរើសបាន Start Up ១១គម្រោង។ កម្មវិធីនេះ ក៏នឹងជ្រើសរើសចំនួន ៨ក្រុមបន្ថែមទៀត នៅថ្ងៃទី២៦ ឧសភា៕
 

ព័ត៌មានទាក់ទង