សត្វរំពេទន្លេចំនួន ៣ក្បាល បានញាស់ ក្នុងឆ្នាំ២០២៣

24/05/2023 3:17 pm ភ្នំពេញ

ភ្នំពេញ៖ សត្វរំពេទន្លេ ចំនួន៣ ក្បាល បានញាស់ក្នុងឆ្នាំ២០២៣ ដែលធ្វើឱ្យវត្តមានសត្វរំពេទន្លេនៅកម្ពុជា មានចំនួន៧៣ក្បាល។ នេះបើតាមការផ្សាយរបស់ អង្គការWWF នៅថ្ងៃទី២៤ ឧសភានេះ។



អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) បានបង្ហាញថា សត្វរំពេទន្លេ មានការកើនឡើងប្រមាណ ១៣០ភាគរយ ក្នុងរយៈពេល៧ចុងក្រោយ ដោយមានចំនួន ៣១ក្បាល ក្នុងឆ្នាំ២០១៦ និងកើនឡើងដល់ ៧៣ក្បាល ក្នុងដើមឆ្នាំ២០២៣។ ប៉ុន្តែបើធៀបទៅ ២០ឆ្នាំកន្លងទៅ សត្វរំពេទន្លេ មានការធ្លាក់ចុះ ៨០ភាគរយ ដោយសារមានការគំរាមកំហែងពីមនុស្ស។

រូបភាពពី៖អង្គការ WWF

សត្វរំពេទន្លេនេះ ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វងាយរងគ្រោះក្នុងបញ្ជីក្រហម IUCN។ ដោយឡែក សត្វរំពេទន្លេជាបក្សីកម្រមួយប្រភេទនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ អង្គការ WWF បានបញ្ជាក់ថា សត្វរំពេទន្លេ និងកូន កំពុងរស់នៅក្នុងសំបុកសរុបចំនួន ៣១សំបុកស្ថិតក្រោមការការពារដោយសហគមន៍មូលដ្ឋាននៅជាប់នឹងតំបន់ទីជម្រកតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។

បន្ថែមពីនេះ ការគ្រប់គ្រងសំបុក និងការរាប់ចំនួនសត្វរំពេទន្លេ នៅតំបន់ទីជម្រកនៃព្រៃទេសភាពទន្លេមេគង្គ បានដឹកនាំអនុវត្តដោយក្រុមអ្នកស្រាវជ្រាវនៃអង្គការWWF នៅចន្លោះខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០២៣ មានការចូលរួមពីសមាជិកសហគមន៍មូលដ្ឋានក្នុងសកម្មភាពការងារផងដែរ។

សូមបញ្ជាក់ថា ការតាមដានសត្វរំពេទន្លេនេះ បង្ហាញថាចំនួនសត្វនេះបានចាប់ផ្តើមកើនឡើងវិញបណ្ដើរៗ ដែលនេះ ជាការផ្តល់ក្តីសង្ឃឹមដល់ការអភិរក្សប្រភេទសត្វកម្រនៅប្រទេសកម្ពុជា និងពិភពលោក៕

ព័ត៌មានទាក់ទង